ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) Co., Ltd
AKP ភ្នំពេញថ្ងៃទី១៦ ខែតុលា ឆ្នាំ ២០២៦– ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) Co., Ltd. និងផ្លាស់ប្តូរយោបល់លើការបន្តលើកកម្ពស់ឧស្សាហកម្មដំឡើងយានយន្តនៅកម្ពុជា។
ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាព្រឹកថ្ងៃសុក្រ ៥កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសហការី បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) Co., Ltd.។

បន្ទាប់ពីមតិស្វាគមន៍របស់ឯកឧត្តមអគ្គលេខាធិការ តំណាងក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) Co., Ltd. បានរាយការណ៍ពីវឌ្ឍនភាពនៃប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុននៅកម្ពុជា និងជម្រាបជូនអំពីគម្រោងបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញបច្ចេកទេសក្នុងឧស្សាហកម្មយានយន្តរបស់ក្រុមហ៊ុននៅកម្ពុជា ដែលមិនកំណត់សម្រាប់តែកម្មករនិយោជិតរបស់ក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) Co., Ltd. ប៉ុណ្ណោះទេ តែសម្រាប់ប្រជាពលរដ្ឋកម្ពុជាទូទៅ។ លោកបានបញ្ជាក់ផងដែរថានៅចុងឆ្នាំ២០២៦នេះ ក្រុមហ៊ុននឹងចាប់ផ្តើមបើកវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសយានយន្ត ដោយសហការជាមួយវិទ្យាស្ថានបច្ចេកទេស JVC។


ជាការឆ្លើយតប ឯកឧត្តមអគ្គលេខាធិការបានវាយតម្លៃខ្ពស់ចំពោះសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន Toyota Tsusho’s Manufacturing (Cambodia) CO., Ltd. និងបានសម្តែងនូវការស្វាគមន៍ដោយក្តីរីករាយបំផុតចំពោះគម្រោងបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញបច្ចេកទេសក្នុងឧស្សាហកម្មយានយន្តរបស់ក្រុមហ៊ុននៅកម្ពុជា ដែលការណ៍នេះគឺស្របទៅនឹងគោលនយោបាយអភិវឌ្ឍធនធានមនុស្ស ពិសេស កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់ របស់រាជរដ្ឋាភិបាល នីតិកាលទី៧។
បន្ថែមលើនេះ អង្គប្រជុំក៏បានធ្វើការពិភាក្សា និងផ្លាស់ប្តូរយោបល់លើការបន្តលើកកម្ពស់ឧស្សាហកម្មដំឡើងយានយន្តនៅកម្ពុជា ពិសេស ពាក់ព័ន្ធនឹងការកែសម្រួលគោលនយោបាយលើកទឹកចិត្ត និងការលើកទឹកចិត្តឱ្យប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកក្នុងការផលិតគ្រឿងបង្គុំដើម្បីផ្គត់ផ្គងដល់គម្រោងដំឡើងរថយន្តនៅកម្ពុជា ៕
ដោយ៖ ចរិយា ប្រភព៖ CDC





