ឯកឧត្តម គន់ គីម ចុះវាយតម្លៃផលប៉ះពាល់ដំណាំកសិកម្មដោយសារគ្រោះមហន្តរាយទឹកជំននក្នុងខេត្តឧត្តរមានជ័យ
AKP ភ្នំពេញ ថ្ងៃ១៦ ខែតុលា ឆ្នាំ២០២៦ -- ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងវាយតម្លៃផលប៉ះពាល់ដំណាំកសិកម្មដោយសារគ្រោះមហន្តរាយទឹកជំនន់តាមបណ្តាក្រុង-ស្រុកក្នុងខេត្តឧត្តរមានជ័យ។

ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម បានណែនាំដល់មន្ទីរជំនាញត្រូវសហការជាមួយរដ្ឋបាលក្រុង-ស្រុក ដែលរងផលប៉ះពាល់លើដំណាំស្រូវ ក្នុងការជំរុញការវាយតម្លៃការខូចខាតឱ្យបានរហ័ស ដើម្បីពិនិត្យការផ្តល់ជាពូជសម្រាប់ស្តារឡើងវិញ។ ការវាយតម្លៃនេះមានសារៈសំខាន់ក្នុងការប្រមូលព័ត៌មានសម្រាប់ការសម្រេចចិត្ត ការកំណត់អាទិភាពនៃការជួយឧបត្ថម្ភ និងការស្នើសុំធនធានចាំបាច់ តាមរយៈយន្តការប្រព័ន្ធស្បៀងបម្រុងកម្ពុជា ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋដែលរងគ្រោះ។ ឯកឧត្តម កិត្តិសង្គហបណ្ឌិត បានរម្លឹកអំពីការចាត់វិធានការជួយស្រូវប្រជាកសិករ និងត្រៀមទឹកទុកសម្រាប់បង្ការគ្រោះរាំងស្ងួតនាពេលខាងមុខដោយឥទ្ធិពល El-Nino និងត្រៀមលក្ខណៈអន្តរាគមន៍ជួយប្រជាកសិករឱ្យបានជាប់ជាប្រចាំ។

យោងតាមរបាយការណ៍ឋម គិតត្រឹមថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ខេត្តឧត្តរមានជ័យ មានក្រុង-ស្រុកចំនួន៥ បានរងផលប៉ះពាល់ និងការខូចខាតដោយជំនន់ទឹកភ្លៀង ស្មើនឹងឃុំ-សង្កាត់ចំនួន២៣ និង ១៣៦ភូមិ។ ក្នុងនោះ ដំណាំស្រូវ ប៉ះពាល់ចំនួន ៨០៤ហិកតា ស្មើនឹង ២.៩១៣គ្រួសារ ព្រមទាំងមានហេដ្ឋារចនាសម្ព័ន្ធប៉ះពាល់ ដូចជា ស្ពាន ផ្លូវ សាលារៀន មន្ទីរពេទ្យ និងវត្តអារាមផងដែរ៕

ដោយ៖ ណយ នឿន (ប្រភព៖ គណៈកម្មាធិការធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ )





