សម្ដេចតេជោ ហ៊ុន សែន៖ ស្នាមញញឹម ៧មករា បានជិតជាប់ជានិច្ច ក្នុងដួងចិត្តរបស់ខ្មែរគ្រប់រូបដែលបានរស់ឡើងវិញ
AKP ភ្នំពេញ ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥--សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជាបានថ្លែងថា ស្នាមញញឹម៧មករា បានជិតជាប់ជានិច្ចក្នុងដួងចិត្តរបស់ខ្មែរគ្រប់រូបដែលបានរស់ឡើងវិញ។ អាស្រ័យហេតុនេះ ប្រជាជនកម្ពុជាបានប្រសិទ្ធនាមថា «ថ្ងៃ៧មករា គឺជាថ្ងៃកំណើតទីពីររបស់ខ្លួន»។

ក្នុងពីធីមិទ្ទីងរម្លឹកខួបលើកទី៤៦ នៃទិវាជ័យជម្នះ៧មករា (០៧.០១.១៩៧៩-០៧.០១.២០២៥) នាព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥ នៅបរិវេណខាងមុខសាលមហោស្រពកោះពេជ្រ ដែលមានអ្នកចូលរួម ប្រមាណជាង២ម៉ឺននាក់នោះ សម្ដេចតេជោ ហ៊ុន សែន មាន ប្រសាសន៍រម្លឹកថា ព្រឹត្តិការណ៍រដ្ឋប្រហារនៅថ្ងៃ១៨ មីនា ឆ្នាំ១៩៧០ របស់ពួក លន់ នល់ ដែលបានដើរតាមខ្សែញាក់របស់បរទេស បានរុញច្រានកម្ពុជាឱ្យធ្លាក់ក្នុងភ្លើងសង្គ្រាមដ៏សន្ធោរសន្ធៅបំផុត ដែលបានសម្លាប់ប្រជាជនកម្ពុជាជិត១លាននាក់ និងបំផ្លាញរចនាសម្ព័ន្ធសង្គមជាតិឱ្យវិនាសខ្ទេចខ្ទី។ សម្ដេចតេជោលើកឡើងថា បន្ទាប់ពីការដួលរលំនៃ របបសាធារណរដ្ឋខ្មែររបស់ពួកលន់ នល់ នៅថ្ងៃ ១៧ មេសា ឆ្នាំ ១៩៧៥ ក្រោមកម្លាំងតស៊ូរំដោះជាតិរបស់ ប្រជាជនដើម្បីឯករាជ្យ សន្តិភាព និងសេរីភាព គ្រោះមហន្តរាយថ្មីមួយ ទៀតក៏បានមកដល់ភ្លាម។ សម្ដេចតេជោបន្ដថា ពួក ប៉ុល ពត ដែលក្បត់នឹងឆន្ទៈ និងផលប្រយោជន៍របស់ប្រជាជនបានប្លន់យកទាំងស្រុងនូវសមិទ្ធផលនៃការតស៊ូ របស់ប្រជាជន ហើយអនុវត្តយោបាយប្រល័យពូជសាសន៍យ៉ាងសាហាវឃោរឃៅបំផុត។ ជាមួយគ្នានេះ ទឹកដីកម្ពុជា ទាំងមូលបានក្លាយជាគុកឥតជញ្ជាំង និងជាវាលពិឃាតដែលត្រូវលិចលង់ក្នុងសមុទ្រឈាម និងទឹកភ្នែក របស់ប្រជាជន។ សម្ដចតេជោបានបន្ដទៀតថា របប ប៉ុល ពត បានសម្លាប់ប្រជាជនកម្ពុជាអស់ ៣លាន ៣សែននាក់ យ៉ាងព្រៃផ្សៃបំផុត ឯអ្នកនៅសេសសល់ក៏ត្រូវរស់នៅក្នុងភាពភ័យខ្លាច ដែលរង់ចាំតែពេលត្រូវពួកវាយកទៅសម្លាប់ប៉ុណ្ណោះ។ នៅក្នុងកាលៈទេសៈដ៏ធ្ងន់ធ្ងរបំផុតនេះ ចលនាតស៊ូឆ្ពោះទៅរកការសង្គ្រោះជាតិពីរបបប្រល័យពូជសាសន៍បានកើតមានជាបន្តបន្ទាប់។

សម្ដេចតេជោប្រធានគណបក្សប្រជាជនកម្ពុជាបានគូសបញ្ជាក់ថា នៅថ្ងៃ ២០មិថុនា ឆ្នាំ១៩៧៧ សម្ដេច បានសម្រេចចាកចេញទៅប្រទេសវៀតណាម យកជីវិតធ្វើជាដើមទុនស្វែងរកការជួយឧបត្ថម្ភក្នុងការតស៊ូរំដោះប្រទេសជាតិ ពីរបបវាលពិឃាដនេះ។ ក្រោយឆ្លងកាត់ឧបសគ្គយ៉ាងច្រើន និងទទួលបានជំនួយពីប្រទេសវៀតណាម កងកម្លាំង ប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជាក៏ត្រូវបានបង្កើតឡើងនៅ ថ្ងៃទី១២ ខែឧសភា ឆ្នាំ១៩៧៨។ ជាមួយ គ្នានេះ នៅក្នុងប្រទេស កងទ័ព និងប្រជាជននៅទូទាំងភូមិភាគបូព៌ា បានក្រោកឈរតស៊ូប្រឆាំង ប៉ុល ពត នៅ ថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ១៩៧៨ ក្រោមការដឹកនាំរបស់ សម្តេច ហេង សំរិន និងសម្តេច ជា ស៊ីម។ សម្ដេចតេជោរម្លឹកបន្ដថា ការរួបរួមនៃកម្លាំងប្រឆាំង ប៉ុល ពត ពីគ្រប់ទិសទីបានបង្កើតឡើងនូវ រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅថ្ងៃ ២ ធ្នូ ឆ្នាំ១៩៧៨ ដែលបានបំផុស ប្រមូលផ្តុំ និងចាត់តាំងចលនាប្រជាជនធ្វើការប្រយុទ្ធដើម្បីផ្តួលរំលំ របប ប៉ុល ពត។ នៅក្នុងមហាចលនានេះ កម្លាំងផ្ទាល់របស់កម្ពុជាដែលបានរីកធំធាត់យ៉ាងរហ័ស រួមជាមួយ ការជួយឧបត្ថម្ភរបស់របស់កងទ័ពស្ម័គ្រចិត្តវៀតណាម បានសម្រេចជ័យជម្នះដ៏ត្រចះត្រចង់នាថ្ងៃ ៧មករា ឆ្នាំ ១៩៧៩ ដែលបានសង្គ្រោះអាយុជីវិតរបស់ប្រជាជនរាប់លាននាក់ពីមាត់ជ្រោះមរណៈបានទាន់ពេលវេលា និងបាននាំមកជូនប្រជាជនវិញនូវសិទ្ធិសេរីភាពគ្រប់យ៉ាង ដែលត្រូវបាត់បង់ទាំងស្រុងក្នុងរបប ប៉ុល ពត។ ប្រជាជនកម្ពុជាទូទាំងប្រទេសបានសម្តែងអំណរសាទរចំពោះយុទ្ធជនរណសិរ្ស ដោយក្តីរំភើបរីករាយជាទីបំផុត។

ក្នុងឱកាសនោះ សម្ដេចតេជោគូសបញ្ជាក់បន្ថែមថា បន្ទាប់ពីថ្ងៃជ័យជម្នះ ៧មករា គណបក្សប្រជាជនកម្ពុជា បានដឹកនាំ «សាធារណរដ្ឋប្រជាមានិតកម្ពុជា» ឆ្លងកាត់ឧបសគ្គយ៉ាងច្រើនឥតគណនា ដើម្បីទប់ស្កាត់ការប៉ុនប៉ងវិលត្រឡប់នៃរបប ប៉ុល ពត ការពារការរស់ឡើងវិញរបស់ប្រជាជន និងស្តារ កសាងមាតុភូមិឡើងវិញពីបាតដៃទទេ ក្នុងស្ថានភាពមានសន្តិភាពផង និងសង្គ្រាមផង។ សម្ដេចតេជោអះអាងផងដែរថា ជោគជ័យដែលរដ្ឋកម្ពុជាសម្រេចបានក្នុងរយៈពេល ៨ឆ្នាំ ក្រោយថ្ងៃរំដោះ បានបង្កបុព្វបទ និងលក្ខណៈសម្បត្តិជាមូលដ្ឋានសម្រាប់ការស្វែងរកដំណោះស្រាយ ចំពោះជម្លោះនៅកម្ពុជាតាមផ្លូវនយោបាយ ដែលបានចាប់ផ្តើមពីជំនួបចរចាលើកដំបូងរវាងសម្ដេច និងសម្តេចព្រះនរោត្តម សីហនុ ពីថ្ងៃទី ០២ ដល់ថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ១៩៨៧ នៅ Fere-en-Tardenois ប្រទេសបារាំង រហូតឈានដល់ការ សម្រេចបានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនៅ ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ដែលជារបត់ដ៏សំខាន់ និងវិជ្ជមានមួយក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា។ ក្រោយពីការបោះឆ្នោតជាតិលើកទី១ នាខែឧសភា ឆ្នាំ១៩៩៣ ព្រះរាជាណាចក្រកម្ពុជា បានបន្តជំហានទៅមុខប្រកបដោយក្តីសង្ឃឹមលើមាគ៌ាសន្តិភាព បង្រួប បង្រួមជាតិ ប្រជាធិបតេយ្យ និងអភិវឌ្ឍន៍ ប៉ុន្តែនៅតែត្រូវប្រឈមនឹងឧបសគ្គធំៗជាច្រើន ដែលបណ្តាលមក ទាំងពីកត្តាផ្ទៃក្នុងផង និងពីកត្តាខាងក្រៅផង ជាពិសេសពួកឧទ្ទាមកម្ពុជាប្រជាធិបតេយ្យ ដែលបានដើរចេញពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅតែបន្តបង្កសង្គ្រាមបំផ្លិចបំផ្លាញឥតឈប់ឈរ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ឱ្យដឹងទៀតថា ក្នុងបរិការណ៍នេះ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ ១៩៩៦ សម្ដេចបានដាក់ចេញនូវនយោបាយ ឈ្នះ ឈ្នះ ដើម្បីដោះ ស្រាយបញ្ចប់បញ្ហាសង្គ្រាមដោយខ្មែរខ្លួនឯង ហើយខ្មែរទាំងមូល គឺជាអ្នកឈ្នះ ដែលនៅទីបំផុតបានធ្វើឱ្យរលំរលាយជាស្ថាពរនូវអង្គការចាត់តាំងនយោបាយ និងយោធារបស់ពួកឧទ្ទាមកម្ពុជាប្រជាធិបតេយ្យ បញ្ចប់សង្គ្រាមដ៏រ៉ាំរ៉ៃ បង្កើតបានសន្តិភាពពេញលេញ និងឯកភាពជាតិ ឯកភាពទឹកដីទាំងស្រុងចាប់ពី ថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ ១៩៩៨ មក។ នេះជាសន្តិភាពពេញលេញលើកដំបូងដែលកម្ពុជាពុំធ្លាប់មានឡើយក្នុងរយៈពេលជាង ៥០០ឆ្នាំ ចុងក្រោយនៃប្រវត្តិសាស្ត្ររបស់ខ្លួន៕
ដោយ៖ ជឹម ណារី





