ឯកឧត្តម វ៉ី សំណាង អញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋនៅឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ
AKP ភ្នំពេញ ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៥ -- «នៅទីណាមានទុក្ខ ទីនោះតែងតែមានវត្តមានកាកបាទក្រហមកម្ពុជា»។ កាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ រួមជាមួយសហការី បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ទៅចែកជូនគ្រួសារប្រជាពលរដ្ឋក្រីក្រខ្វះខាតចំនួន២០គ្រួសារ និងប្រជាពលរដ្ឋរងគ្រោះដោយភ្លើងឆេះផ្ទះចំនួន០២គ្រួសារ ស្ថិតនៅភូមិចំប៉ា ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ។

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ ឯកឧត្តមបាននាំមកនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្ដីនឹករលឹក និងក្តីអាណិតអាសូរជាទីបំផុត និងបានបញ្ជាក់ថា ទុក្ខលំបាករបស់ប្រជាពលរដ្ឋគ្រប់រូប គឺជាក្តីកង្វល់របស់ថ្នាក់ដឹកនាំដែលត្រូវតែគិតគូរ និងស្វែងរកដំណោះស្រាយមួយល្អប្រសើរ ជាក់ស្តែងដូចជាការនាំយកអំណោយសង្គ្រោះបន្ទាន់មកចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះនាពេលនេះជាដើម ទោះបីមិនអាចជួយបានទាំងស្រុងក៏ដោយ ក៏ប៉ុន្តែយើងបានចូលរួមចំណែកជួយដោះស្រាយនូវការខ្វះខាតរបស់បងប្អូនបានមួយផ្នែកផងដែរ។ ម៉្យាងទៀតអំណោយដែលសាខាបាននាំយកមកឧបត្ថម្ភជូនបងប្អូននាឱកាសនេះ គឺពុំមានការប្រកាន់នូវពូជសាសន៍ ពណ៌សម្បុរ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ។

ឯកឧត្តមក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ត្រូវមានស្មារតីប្រុងប្រយ័ត្នចំពោះបញ្ហាខ្សែភ្លើងចាស់ៗ ត្រូវផ្លាស់ប្តូរចេញ ហើយរៀបបណ្តាញខ្សែភ្លើងឱ្យទៅតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ ប្រុងប្រយ័ត្នភ្លើងទៀនភ្លើងធូបជាដើម ដែលអាចបង្កជាអគ្គិភ័យផ្សេងៗ ដែលធ្វើឱ្យយើងមានការបាត់បង់នូវទ្រព្យសម្បត្តិដ៏មានតម្លៃរបស់យើង និងបានលើកទឹកចិត្ត ដល់ជនរងគ្រោះទាំង០២គ្រួសារ ដែលត្រូវភ្លើងឆាបឆេះផ្ទះសម្បែងអស់ទាំងស្រុង មិនត្រូវបាក់ទឹកចិត្ត និងការអស់សង្ឃឹមឡើយ ត្រូវបន្តខិតខំរកស៊ីចិញ្ចឹមជីវិត និងគ្រួសាររបស់យើងបន្តទៀត។

សូមជម្រាបជូនថា អំណោយសង្គ្រោះសម្រាប់ជូនប្រជាពលរដ្ឋរងគ្រោះដោយភ្លើងឆេះផ្ទះ ទទួលបានអង្ករ២៥គីឡូក្រាម ក្រណាត់តង់០១ផ្ទាំង កន្ទេល០១ មុង០១ ភួយ០១ សារុង០១ ក្រម៉ា មី០១កេស ទឹកត្រី០៣ដប ទឹកស៊ីអ៊ីវ០៣ដប នំធុង០១ ត្រីខកំប៉ុង០១យួរ ប្រេងឆា០១ដប។ សម្រាប់ប្រជាពលរដ្ឋក្រីក្រខ្វះខាត២០គ្រួសារ ទទួលបាន អង្ករ២៥គីឡូក្រាម កន្ទេល០១ មុង ០១ ភួយ០១ សារុង០១ ក្រម៉ា០១ មី០១កេស ទឹកត្រី០៣ដប ទឹកស៊ីអ៊ីវ០៣ដប នំធុង០១ ត្រីខកំប៉ុង០១យួរ ប្រេងឆា ០១ដប៕
ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ កាកបាទក្រហមកម្ពុជា)





