ឥណ្ឌូណេស៊ីបន្តផ្តល់ជំនួយអង្ករសម្រាប់អ្នកមានចំណូលទាបក្នុងឆ្នាំ២០២៥
AKP ភ្នំពេញ ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥ -- ទីភ្នាក់ងារស្បៀងអាហារជាតិ (Bapanas) របស់ប្រទេសឥណ្ឌូណេស៊ី បាននិយាយថា រដ្ឋាភិបាលឥណ្ឌូណេស៊ីបានប្រកាសពីការបែងចែកកម្មវិធីផ្តល់ជំនួយអង្កររយៈពេលប្រាំមួយខែនៃឆ្នាំ២០២៥ ក្នុងគោលបំណងជួយដល់សហគមន៍ដែលមានប្រាក់ចំណូលទាប។
ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ប្រាបូវ៉ូ ស៊ូប៊ីអាន់តូ (Prabowo Subianto) បានធ្វើសេចក្តីសម្រេចក្នុងការចែកចាយជំនួយនេះនៅក្នុងកិច្ចប្រជុំមួយដែលមានកម្រិត ដែលបានធ្វើឡើងកាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅ។
ប្រធានទីភ្នាក់ងារ លោក អារីហ្វ ប្រាសេតយ៉ូ អាឌី (Arief Prasetyo Adi) បាននិយាយថា អង្ករចំនួន ១០គីឡូក្រាមក្នុងម្នាក់ នឹងត្រូវចែកចាយសម្រាប់រយៈពេលប្រាំមួយខែ ចាប់ពីខែមករានេះទៅ។
គំនិតផ្តួចផ្តើមដែលស្នើឡើងដោយរដ្ឋមន្ត្រីក្រសួងសម្របសម្រួលកិច្ចការស្បៀងអាហារ លោក ហ្ស៊ុលគីហ្វលី ហាសាន់ (Zulkifli Hasan) នេះ មានគោលបំណងបង្កើនការបែងចែកជំនួយស្បៀងអាហារសម្រាប់សហគមន៍ដែលមានប្រាក់ចំណូលទាប។
លោក អាឌី បានកត់សម្គាល់ថា រដ្ឋាភិបាលសហការជាមួយទីភ្នាក់ងារភស្តុភាររដ្ឋ (Bulog) បានត្រៀមខ្លួនរួចជាស្រេចក្នុងការចែកចាយអង្ករសរុបចំនួន ៩៦០.០០០តោនទៅកាន់អ្នកដែលមានសិទ្ធទទួលជំនួយស្បៀងអាហារចំនួន ១៦លាននាក់ក្នុងរយៈពេលប្រាំមួយខែក្នុងឆ្នាំ២០២៥។
លោកបាននិយាយបន្ថែមថា កម្មវិធីជំនួយអង្ករ គឺជាផ្នែកមួយនៃកញ្ចប់គោលនយោបាយសេដ្ឋកិច្ចរបស់រដ្ឋាភិបាល និងជាជំនួយសង្គ្រោះសម្រាប់ក្រុមប្រជាជនដែលមានប្រាក់ចំណូលទាប។ រដ្ឋាភិបាលបន្តកែលម្អមូលដ្ឋានទិន្នន័យនៃអ្នកទទួលផលជំនួយនេះនៅក្នុងឆ្នាំ២០២៥ ដោយផ្តោតសំខាន់ទៅលើស្ត្រីដែលធ្វើជាមេគ្រួសារក្រីក្រ និងមនុស្សចាស់ដែលរស់នៅតែម្នាក់ឯង។
រដ្ឋាភិបាលឥណ្ឌូណេស៊ីនឹងប្រើប្រាស់ទិន្នន័យចុះបញ្ជីសេដ្ឋកិច្ចសង្គមឆ្នាំ២០២៥ ពីក្រសួងផែនការអភិវឌ្ឍន៍ជាតិ (Bappenas) ជាមូលដ្ឋានទិន្នន័យសម្រាប់ការចែកចាយជំនួយអង្ករនេះ។
កម្មវិធីជំនួយអង្ករនេះក៏ត្រូវបានគេរំពឹងទុកផងដែរថានឹងជួយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងកាត់បន្ថយភាពក្រីក្ររបស់រដ្ឋាភិបាលឥណ្ឌូណេស៊ី៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





