អភិបាលខេត្តបន្ទាយមានជ័យ នាំយកអំណោយសួរសុខទុក្ខអ្នកជំងឺនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុនមង្គលបូរី ក្នុងឱកាសព្រះរាជពិធីខួបទី២២ នៃការគ្រងព្រះបរមរាជសម្បត្តិ
AKP បន្ទាយមានជ័យ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦--ក្នុងស្មារតីយកចិត្តទុកដាក់ចំពោះសុខុមាលភាពប្រជាពលរដ្ឋ និងការចែករំលែកក្តីអាណិតស្រឡាញ់ដល់អ្នកជំងឺដែលកំពុងសម្រាកព្យាបាល ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានដឹកនាំគណៈប្រតិភូខេត្ត ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុនមង្គលបូរី ស្ថិតក្នុងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុំ រាត្រី បានអញ្ជើញចុះសួរសុខទុក្ខអ្នកជំងឺតាមអគារសម្រាកព្យាបាល ដោយផ្ទាល់ និងបានសាកសួរអំពីស្ថានភាពសុខភាព ព្រមទាំងសម្តែងការយកចិត្តទុកដាក់ និងផ្តល់កម្លាំងចិត្តដល់អ្នកជំងឺទាំងអស់ ឱ្យមានស្មារតីរឹងមាំ អនុវត្តតាមការណែនាំរបស់ក្រុមគ្រូពេទ្យ និងឆាប់ជាសះស្បើយ ដើម្បីបានវិលត្រឡប់ទៅជួបជុំក្រុមគ្រួសារនៅលំនៅឋានវិញ។

ឯកឧត្តមអភិបាលខេត្តបានជូនពរដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាបាលជំងឺទាំងអស់ ឱ្យទទួលបានសុខភាពល្អប្រសើរឡើងជាបន្តបន្ទាប់ និងមានកម្លាំងកាយកម្លាំងចិត្តក្នុងការជម្នះជំងឺ។ ការចុះសួរសុខទុក្ខនេះ មិនត្រឹមតែជាការផ្តល់អំណោយសម្ភារៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការផ្តល់ភាពកក់ក្តៅផ្លូវចិត្ត និងបង្ហាញពីការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋដែលកំពុងជួបការលំបាកផ្នែកសុខភាពផងដែរ។
ជាមួយគ្នានេះ ឯកឧត្តម អ៊ុំ រាត្រី បានកោតសរសើរចំពោះក្រុមគ្រូពេទ្យ និងបុគ្គលិកសុខាភិបាលទាំងអស់ ដែលបានខិតខំបំពេញតួនាទីប្រកបដោយការទទួលខុសត្រូវ យកចិត្តទុកដាក់ក្នុងការពិនិត្យ ព្យាបាល និងថែទាំអ្នកជំងឺ។ ឯកឧត្តមបានលើកទឹកចិត្តឱ្យក្រុមគ្រូពេទ្យបន្តរក្សាស្មារតីវិជ្ជាជីវៈ សីលធម៌ និងភាពអត់ធ្មត់ ព្រមទាំងបន្តផ្តល់សេវាសុខាភិបាលប្រកបដោយគុណភាព និងការគោរពចំពោះអ្នកជំងឺ ដោយចាត់ទុកសុខភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋជាកត្តាសំខាន់ដែលត្រូវយកចិត្តទុកដាក់ជាចម្បង។
ការចុះសួរសុខទុក្ខ និងនាំយកអំណោយជូនអ្នកជំងឺនេះ បានប្រព្រឹត្តទៅនៅព្រឹកថ្ងៃអង្គារ ទី២៧ ខែតុលា ឆ្នាំ២០២៦ ក្នុងឱកាសព្រះរាជពិធីបុណ្យខួបលើកទី២២ នៃការគ្រងព្រះបរមរាជសម្បត្តិរបស់ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
គណៈប្រតិភូដែលអញ្ជើញចូលរួមក្នុងឱកាសនោះ រួមមាន លោក លី សុវណ្ណរិទ្ធ អភិបាលរងខេត្ត លោក លោកស្រីអភិបាលក្រុង-ស្រុក លោកជំទាវ នួម សុភ័ណ និងឯកឧត្តម ខេង ស៊ុម សមាជិករដ្ឋសភា ព្រមទាំងប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត តំណាងរដ្ឋបាលក្រុង-ស្រុក និងកងកម្លាំងប្រដាប់អាវុធជាច្រើនរូប។
សកម្មភាពនេះបានបង្ហាញពីការយកចិត្តទុកដាក់របស់រដ្ឋបាលខេត្តបន្ទាយមានជ័យចំពោះសុខុមាលភាពប្រជាពលរដ្ឋ ជាពិសេសអ្នកជំងឺដែលត្រូវការការថែទាំ និងការលើកទឹកចិត្ត។ ទន្ទឹមនឹងនេះ ក៏បានឆ្លុះបញ្ចាំងពីសារៈសំខាន់នៃកិច្ចសហការរវាងអាជ្ញាធរមូលដ្ឋាន និងវិស័យសុខាភិបាល ក្នុងការជួយសម្រាលការលំបាក និងលើកកម្ពស់ការថែទាំសុខភាពជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង៕
ដោយ៖ឈុនសារ៉ាត





