ខេត្តបន្ទាយមានជ័យចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួតបានជាង១៦០០០ក្បាល ក្នុងរយៈពេល៣ថ្ងៃ
AKP បន្ទាយមានជ័យ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦-- មន្ត្រីជំនាញការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ បន្តជំរុញយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួតជូនសត្វឆ្កែ និងឆ្មា នៅទូទាំងខេត្ត ដោយសម្រេចចាក់បានសរុបចំនួន ១៦.៣០៧ ក្បាល ក្នុងរយៈពេល៣ថ្ងៃដំបូង នៃយុទ្ធនាការរយៈពេល១០ថ្ងៃ ដែលជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការការពារសុខភាពសត្វ និងសុខភាពសាធារណៈ។
យោងតាមរបាយការណ៍របស់ការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ យុទ្ធនាការនេះបានអនុវត្តរយៈពេល៣ថ្ងៃហើយ ដោយមានការចូលរួមសហការពីរដ្ឋបាលក្រុង ស្រុកទាំង៩ ការិយាល័យជំនាញពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋានឃុំ សង្កាត់ មន្ត្រីកសិកម្មឃុំ សង្កាត់ និងភ្នាក់ងារសុខភាពសត្វភូមិ ដើម្បីនាំយកសេវាចាក់វ៉ាក់សាំងទៅដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

លទ្ធផលនៃការចាក់វ៉ាក់សាំងតាមក្រុង ស្រុក រួមមានស្រុកម៉ាឡៃ ចំនួន ២.០៥០ ក្បាល ស្រុកភ្នំស្រុក ចំនួន ៨៣៧ ក្បាល ក្រុងប៉ោយប៉ែត ចំនួន ១.៤៥០ ក្បាល ស្រុកមង្គលបូរី ចំនួន ២.២៥១ ក្បាល ស្រុកអូរជ្រៅ ចំនួន ១.៩៣៦ ក្បាល ស្រុកថ្មពួក ចំនួន ២.៦៩១ ក្បាល ស្រុកស្វាយចេក ចំនួន ១.២៥៤ ក្បាល ស្រុកព្រះនេត្រព្រះ ចំនួន ២.៥៦៦ ក្បាល និងក្រុងសិរីសោភ័ណ ចំនួន ១.២៨២ ក្បាល។

យុទ្ធនាការនេះមានគោលបំណងបង្ការការឆ្លង និងទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្កែឆ្កួតពីសត្វមកមនុស្ស ព្រមទាំងកាត់បន្ថយហានិភ័យចំពោះប្រជាពលរដ្ឋ ជាពិសេសកុមារ និងអ្នកដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយសត្វឆ្កែ និងឆ្មា។ ការចាក់វ៉ាក់សាំងឱ្យសត្វចិញ្ចឹមបានទៀងទាត់ គឺជាវិធានការបង្ការដ៏សំខាន់មួយក្នុងការកាត់បន្ថយការចម្លងជំងឺ និងការពារសុខុមាលភាពរបស់សហគមន៍។
ជាមួយគ្នានេះ ការសហការរវាងមន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋាន និងភ្នាក់ងារសុខភាពសត្វភូមិ បានដើរតួនាទីសំខាន់ក្នុងការផ្សព្វផ្សាយព័ត៌មាន និងជំរុញឱ្យប្រជាពលរដ្ឋនាំសត្វចិញ្ចឹមរបស់ខ្លួនមកទទួលវ៉ាក់សាំង។ ការចូលរួមរបស់ប្រជាពលរដ្ឋមិនត្រឹមតែជួយការពារសត្វចិញ្ចឹមផ្ទាល់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបង្កើតបរិយាកាសរស់នៅប្រកបដោយសុវត្ថិភាពសម្រាប់គ្រួសារ និងសហគមន៍ទាំងមូលផងដែរ។


ជំងឺឆ្កែឆ្កួតជាជំងឺឆ្លងដ៏គ្រោះថ្នាក់ ដែលអាចឆ្លងមកមនុស្សតាមរយៈការខាំ ឬការប៉ះពាល់ទឹកមាត់សត្វដែលមានមេរោគ ហើយអាចបណ្តាលឱ្យស្លាប់នៅពេលមានរោគសញ្ញា។ ដូច្នេះ ការចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួតជូនសត្វឆ្កែ និងឆ្មា គឺជាវិធានការបង្ការដ៏មានប្រសិទ្ធភាពមួយដែលត្រូវអនុវត្តជាប្រចាំ។ ក្នុងករណីត្រូវសត្វខាំ ឬកោសដែលអាចបង្កហានិភ័យ សូមលាងរបួសជាមួយសាប៊ូ និងទឹកហូរឱ្យបានយ៉ាងតិច១៥នាទី ហើយទៅទទួលការពិនិត្យ និងការណែនាំពីមន្ត្រីសុខាភិបាលឱ្យបានឆាប់រហ័ស ដោយមិនត្រូវរង់ចាំមើលរោគសញ្ញាឡើយ។
តាមរយៈយុទ្ធនាការរយៈពេល១០ថ្ងៃនេះ មន្ត្រីជំនាញនឹងបន្តអនុវត្តការចាក់វ៉ាក់សាំងតាមផែនការដែលបានគ្រោងទុក ដើម្បីពង្រីកវិសាលភាពនៃការបង្ការជំងឺឆ្កែឆ្កួត និងលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋអំពីការថែទាំសត្វចិញ្ចឹម និងការការពារសុខភាពសាធារណៈនៅទូទាំងខេត្តបន្ទាយមានជ័យ៕
ដោយ ឈុន សារ៉ាត





