អាជ្ញាធរស្រុកមង្គលបូរី និងអង្គការទស្សនពិភពលោក ចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ៣២៩គ្រួសារ នៅឃុំសឿ
AKP បន្ទាយមានជ័យ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦--អាជ្ញាធរស្រុកមង្គលបូរី សហការជាមួយអង្គការទស្សនពិភពលោក បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគមួយចំនួន ចែកជូនប្រជាពលរដ្ឋចំនួន ៣២៩គ្រួសារ ដែលរងផលប៉ះពាល់ដោយទឹកជំនន់ នៅក្នុងឃុំសឿ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ដើម្បីជួយសម្រាលការលំបាកក្នុងជីវភាព រស់នៅប្រចាំថ្ងៃ និងបង្ហាញពីការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋដែលកំពុងជួបប្រទះការលំបាកដោយសារគ្រោះធម្មជាតិ។
ពិធីចែកអំណោយនេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ នៅទីតាំងសំណង់ប្រឡាយព្រែកសឿ ក្រោមការអញ្ជើញចូលរួមពីលោក ឆុំ ឆាន អភិបាលរងស្រុកមង្គ លបូរី តំណាងលោក កែវ តារារស្មី អភិបាល នៃគណៈអភិបាលស្រុកមង្គលបូរី និងលោក ឡម សុជា ប្រធានអង្គការទស្សនពិភពលោកប្រចាំស្រុកមង្គលបូរី ព្រមទាំងមានការចូលរួមពីលោក ជាទី មេឃុំសឿ ក្រុមប្រឹក្សាឃុំ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ កម្លាំងប្រជាការពារ ជំនួយការឃុំ បុគ្គលិកអង្គការទស្សនពិភពលោក និងមេភូមិពាក់ព័ន្ធ។
ក្នុងឱកាសនោះ លោក ឆុំ ឆាន បានបង្ហា ញពីការយកចិត្តទុកដាក់របស់អាជ្ញាធរមូលដ្ឋានចំពោះសុខទុក្ខ និងការលំបាករបស់ប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ដោយទឹកជំនន់ ព្រមទាំងបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការសហការរវាងអាជ្ញាធរ អង្គការដៃគូ និងសហគមន៍ ក្នុងការជួយគ្នាដោះស្រាយបញ្ហាប្រឈមដែលកើតមានឡើងដោយសារគ្រោះធម្មជាតិ។
លោកបានបញ្ជាក់ថា ការនាំយកអំណោយមកចែកជូនប្រជាពលរដ្ឋនាពេលនេះ គឺជាការរួមចំណែកជួយសម្រាលបន្ទុកជីវភាពរបស់គ្រួសារដែលរងផលប៉ះពាល់ ជាពិសេសក្នុងអំឡុង ពេលដែលប្រជាពលរដ្ឋមួយចំនួនត្រូវប្រឈមនឹងការលំបាកក្នុងការរស់នៅ និងការប្រកបរបរចិញ្ចឹមជីវិត។ ទន្ទឹមនឹងនេះ លោកក៏បានលើកទឹកចិត្តឱ្យប្រជាព លរដ្ឋបន្តយកចិត្តទុកដាក់ចំពោះសុវត្ថិ ភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ តាមដានព័ត៌មានពីអាជ្ញាធរមូលដ្ឋាន និងចូលរួមអនុវត្តវិធានការប្រុងប្រយ័ត្នចំពោះហានិភ័ យដែលអាចបង្កឡើងដោយទឹកជំនន់។
ជាមួយគ្នានេះ ការចូលរួមរបស់អង្គការទស្សនពិភពលោកក្នុងសកម្មភាពមនុស្សធម៌នេះ ក៏បានបង្ហាញពីសារៈសំខាន់នៃភាពជាដៃគូរវាងអាជ្ញាធរមូលដ្ឋាន និងអង្គការដៃគូអភិវឌ្ឍន៍ ក្នុងការរួមគ្នាឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅតាមសហគមន៍ដែលរងផលប៉ះពាល់ដោយគ្រោះធម្មជាតិ។
អំណោយដែលបានចែកជូននាពេលនេះ ត្រូវបានផ្តល់ជូនប្រជាពលរដ្ឋសរុបចំនួន ៣២៩គ្រួសារ ក្នុងនោះមានប្រជាពលរដ្ឋនៅភូមិបល្ល័ង្គជ្រៃចំនួន ១៥០គ្រួសារ ភូមិអូរជួបថ្មីចំនួន ១៥០គ្រួសារ និងភូមិត្នោតចំនួន ២៩គ្រួសារ ដែលស្ថិតក្នុងឃុំសឿ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
ការផ្តល់ជំនួយនេះ គឺជាការរួមចំណែកជាក់ស្តែងក្នុងការជួយសម្រាលការលំបាកជូនប្រជាពលរដ្ឋនៅពេលជួបវិបត្តិ ព្រមទាំងជួយពង្រឹងស្មារតីសាម គ្គីភាព និងការជួយគ្នាទៅវិញទៅមកនៅក្នុងសហគមន៍។
ជាមួយគ្នានេះ កិច្ចសហការរវាងអាជ្ញាធរ និងអង្គការដៃគូ ក៏ជាកត្តាសំខាន់ក្នុងការជំរុញឱ្យការផ្តល់ជំនួយទៅដល់គ្រួសារដែលត្រូវការជំនួយបានទាន់ពេ លវេលា និងឆ្លើយតបតាមតម្រូវការជាក់ស្តែង។

សកម្មភាពមនុស្សធម៌នេះ បានបង្ហាញពីការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋដែលកំពុងប្រឈមនឹងផលប៉ះពាល់ពីទឹកជំនន់ និងជាកម្លាំងចិត្តមួយសម្រាប់ពួកគាត់ក្នុងការបន្តជីវភាពរស់នៅ ដើម្បីឆ្លងកាត់ការលំបាក និងវិលត្រឡប់ទៅរកភាពប្រក្រតីឡើងវិញនៅពេលស្ថានភាពអំណោយផល៕
ដោយ ៖ឈុនសារ៉ាត





