តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ ធ្វើការឆ្លើយតបចំពោះសេចក្តីថ្លែងការណ៍របស់ ឯកអគ្គរាជទូត តំណាងអចិន្ត្រៃយ៍ថៃ ប្រចាំអង្គការសហប្រជាជាតិ
AKP ភ្នំពេញ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦--ក្នុងឱកាសនៃកិច្ចពិភាក្សាទូទៅ នៃសម័យប្រជុំលើកទី៧៧ របស់គណៈកម្មាធិការប្រតិបត្តិ នៃកម្មវិធីឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន ឯកឧត្តម កែ សុវណ្ណ ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំការិយាល័យអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ បានធ្វើការឆ្លើយតបចំពោះសេចក្តីថ្លែងការណ៍របស់ឯកឧត្តម ឯកអគ្គរាជទូត Benjamin Sukanjanajtee តំណាងអចិន្ត្រៃយ៍ថៃ ប្រចាំការិយាល័យអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦។

ឯកឧត្តម កែ សុវណ្ណ បានថ្លែងបញ្ជាក់ថា កម្ពុជា បដិសេធយ៉ាងដាច់អហង្ការ ចំពោះសេចក្តីថ្លែងការណ៍របស់គណៈប្រតិភូថៃ ដែលមិនពិត និងធ្វើឡើងដោយគ្មាន មូលដ្ឋាន ក្នុងន័យបំភ្លៃស្ថានការណ៍ជាក់ស្តែងនៅលើដី និងហាក់ដូចជាមានបំណងបំភ័ន្តរដ្ឋសមាជិក។ ឯកឧត្ដមបានពន្យល់ថា កម្ពុជា មិនបានចាប់ផ្តើមជម្លោះ ហើយក៏មិនបានបង្កើនអរិភាពនោះទេ។ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ កងទ័ពថៃ បានបាញ់ប្រហារលើទីតាំងយោធាកម្ពុជា បណ្តាលឱ្យទាហានកម្ពុជា មួយរូបស្លាប់បាត់បង់ជីវិត។ បន្ទាប់ពីហេតុការណ៍ នោះមក ភាពតានតឹងមានការកើនឡើង។
ជាមួយគ្នានេះ ឯកឧត្ដម ឯកអគ្គរាជទូតបានលើកឡើងថា ជនភៀសសឹកកម្ពុជា បច្ចុប្បន្ន ត្រូវបានបង្ខំឱ្យភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេនៅក្នុងដែនដីកម្ពុជា ដោយសារ ជម្លោះព្រំដែនរវាងប្រទេសទាំងពីរ នាពេលថ្មីៗនេះ ពោលគឺនៅក្នុងឆ្នាំ២០២៥ ជាពិសេស គឺដោយសារការវាយប្រហារ យ៉ាងធ្ងន់ធ្ងរពីសំណាក់កងកម្លាំងប្រដាប់អាវុធថៃ។ បើតាមកំណត់ត្រារបស់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន បានបញ្ជាក់ថា ការធ្វើមាតុភូមិនិវត្តន៍ជន ភៀសខ្លួនកម្ពុជា ចុងក្រោយពីជំរុំ នៅក្នុងប្រទេសថៃ ត្រូវបានបញ្ចប់នៅក្នុងខែមីនា ឆ្នាំ១៩៩៩ ហើយជំរុំទាំងអស់ត្រូវបានបិទ។
ក្នុងបទអន្ដរាគមន៍នេះដែរ ឯកឧត្ដម ឯកអគ្គរាជទូតបានរម្លឹកផងដែរថា ប្រទេសទាំងពីរ មានព្រំដែនអន្តរជាតិដែលត្រូវបានទទួលស្គាល់ក្រោមអនុសញ្ញាឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧ រវាងបារាំង និងសៀម ដោយមានផែនទីមាត្រដ្ឋាន ១/២០០.០០០ ហើយប្រទេសទាំងពីរ ត្រូវតែគោរពព្រំដែនដែលទទួលស្គាល់ជាអន្តរជាតិ។ ឯកឧត្ដមឯកអគ្គរាជទូតបានអះអាងថា៖ «កម្ពុជា មិនដែលដាក់មីនប្រឆាំងមនុស្សថ្មីឡើយ។ ឧប្បត្តិហេតុផ្ទុះមិនដែលពាក់ព័ន្ធនឹងទាហានថៃ បានកើតឡើងនៅក្នុងចម្ការមីនចាស់ ស្ថិតក្នុងដែនដីដឹកម្ពុជា ដែលត្រូវបានកត់ត្រាច្បាស់លាស់ និងជាមីនសេសសល់ពីសង្គ្រាមស៊ីវិលនាពេលអតីតកាល។ កម្ពុជា បន្តប្តេជ្ញាចិត្តយ៉ាងពេញលេញ ចំពោះកាតព្វកិច្ចរបស់ខ្លួនក្រោមអនុសញ្ញាអូតាវ៉ា»។
បើតាមឯកឧត្តម កែ សុវណ្ណ ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំការិយាល័យអង្គការសហប្រជាជាតិ សេចក្តីថ្លែងការណ៍រួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មិនបានផ្តល់ភាពស្របច្បាប់ដល់ការកាន់កាប់ទឹកដីកម្ពុជាដោយខុស ច្បាប់ពីសំណាក់កងកម្លាំងប្រដាប់អាវុធថៃនោះទេ ហើយក៏មិនបានអនុញ្ញាតឱ្យមានការបំផ្លិចបំផ្លាញផ្ទះសម្បែង ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងទ្រព្យសម្បត្តិវប្បធម៌នៅក្នុងដែនដីកម្ពុជាដែរ។

ក្នុងឱកាសនោះ ឯកឧត្ដម ឯកអគ្គរាជទូតបានបន្ថែមថា កម្ពុជា សូមអំពាវនាវយ៉ាងមុតមាំឱ្យប្រទេសថៃបញ្ឈប់ជាបន្ទាន់ នូវរាល់សកម្មភាពខុសច្បាប់ទាំងអស់ នៅក្នុងដែនដីកម្ពុជា ដែលកំពុងស្ថិតក្រោមការកាន់កាប់ខុសច្បាប់របស់ថៃ ជាពិសេស សកម្មភាពទាំងឡាយណា ដែលមានគោលបំណងផ្លាស់ប្តូរស្ថានភាពនៅនឹងកន្លែង ឬបង្កើតស្ថានភាពថ្មីនៅលើដីជាក់ស្តែង (Fait accompli) ព្រមទាំងអនុញ្ញាត និងសម្រួលឱ្យប្រជាជនភៀសសឹកកម្ពុជាអាចវិលត្រឡប់ទៅផ្ទះសម្បែងវិញឱ្យបានឆាប់ ប្រកបដោយសុវត្ថិភាព និង ដោយសេចក្តីថ្លៃថ្នូរ៕
ដោយ៖ រិទ្ធី, ប្រភព៖ តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំការិយាល័យអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ





