ឯកឧត្តម ទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ៖ ចំពោះករណីតំបន់អភិវឌ្ឍន៍ Long Bay ក្នុងខេត្តកោះកុង អាជ្ញាធរមានសមត្ថកិច្ចកម្ពុជា មិនបានបណ្តែតបណ្តោយឱ្យទីតាំងនេះ ប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទេ
AKP ភ្នំពេញ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦--
ឯកឧត្តម ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រី ប្រធានលេខាធិការដ្ឋាន នៃ គណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(គ.ប.ឆ.ប.)បានគូសបញ្ជាក់ថា ចំពោះករណីតំបន់អភិវឌ្ឍន៍ Long Bay ក្នុងខេត្តកោះកុង អាជ្ញាធរមានសមត្ថកិច្ចកម្ពុជា មិនបានបណ្តែតបណ្តោយឱ្យទីតាំងនេះ ប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ជាក់ស្តែងកាលពីខែកុម្ភៈ ឆ្នាំ២០២៦ សមត្ថកិច្ចបានរកឃើញអគារមួយចំនួននៅក្នុងបរិវេណសង្ស័យថា មានជាប់ពាក់ព័ន្ធនឹងសកម្មឆបោកអនឡាញ ដែលពួកក្រុមឧក្រិដ្ឋជនបានរត់គេចចេញ និងបន្សល់ទុកនូវភស្តុតាងជាច្រើនមានការជាប់សង្ស័យធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។


ឯកឧត្តម ទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ បានលើកឡើងថា ពាក់ព័ន្ធនឹងទីតាំងខាងលើនេះ អាជ្ញាធរសមត្ថកិច្ចខេត្តកោះកុង បានឃាត់ខ្លួនមុខសញ្ញាសង្ស័យមួយចំនួន និងរឹបអូសវត្ថុតាង ដើម្បីបម្រើការស្រាវជ្រាវសើបអង្កេត ព្រមទាំងបានបិទសៀល និងគ្រប់គ្រងទីតាំងខាងលើនេះយ៉ាងហ្មត់ចត់។ ឯកឧត្ដមទេសរដ្ឋមន្រ្ដីបានថ្លែងបញ្ជាក់ថា ចំពោះបុគ្គលមានឈ្មោះ Deng Pibing សមត្ថកិច្ចកម្ពុជាបាន និងកំពុងស្រាវជ្រាវសើបអង្កេត សកម្មភាពសង្ស័យពាក់ព័ន្ធនឹងតំបន់អភិវឌ្ឍន៍ Long Bay ក្នុងខេត្តកោះកុង។ តាមរបាយការណ៍របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងថា បុគ្គលឈ្មោះ Deng Pibing បានចាកចេញពីប្រទេសកម្ពុជា តាំងពីអំឡុងចុងខែឧសភា ឆ្នាំ២០២៦។ តាមប្រភពព័ត៌មានជំនាញ បានរកឃើញថា បុគ្គលឈ្មោះ Deng Pibing នេះត្រូវបាននគរបាលអន្តរជាតិ Interpol ដាក់ចេញ និវេទក្រហម(red list) ។


ជាមួយគ្នានេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ បានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា និងគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(គ.ប.ឆ.ប.) ប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់បំផុត ក្នុងការអនុវត្តច្បាប់ ដើម្បីបន្តបង្ក្រាប និងបោសសម្អាតសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ទន្ទឹមនេះ យុទ្ធនាការជាតិប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានអនុវត្តវិធានការច្បាប់ទាំងក្នុងការបង្ក្រាបដល់ទីតាំង ការផ្តន្ទាទោសតាមផ្លូវតុលាការចំពោះមេខ្លោងនិងអ្នកពាក់ព័ន្ធ ការបង្កកទ្រព្យសម្បតិ្តរបស់ឧក្រិដ្ឋជន ហើយបាននិងកំពុងបន្តការសើបអង្កេតយ៉ាងយកចិត្តទុកដាក់លើសំណុំរឿងជាច្រើននៅតុលាការ។
ឯកឧត្តម ទេសរដ្ឋមន្ត្រីបានរម្លឹកផងដែរថា កាលពីកាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះពិនិត្យ និងតាមដានវឌ្ឍនភាពដោយផ្ទាល់នៅតាមទីតាំង ដែលសមត្ថកិច្ចកំពុងគ្រប់គ្រងក្នុងខេត្តកោះកុង និងបានណែនាំឱ្យអាជ្ញាធរ សមត្ថកិច្ចទទួលខុសត្រូវ គ្រប់គ្រងទីតាំង វត្ថុតាង និងសើបអង្កេតឱ្យបានម៉ឺងម៉ាត់បំផុត៕


ដោយ៖ គង់ សិរីរ័ត្ន, ប្រភព៖ គណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា





