សម្ដេចធិបតី៖ មកដល់ពេលនេះ គឺរយៈពេល៤ថ្ងៃហើយ មិនទាន់បានឃើញលោក អ៊ុ សំអាន ផ្តល់ចម្លើយច្បាស់លាស់ពាក់ព័ន្ធនឹងការអញ្ជើញរបស់ខ្ញុំ
AKP ភ្នំពេញ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦–តាមរយៈសំណេរបង្ហោះលើបណ្ដាញសង្គម នាព្រលប់ថ្ងៃទី១៣ តុលានេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានឱ្យដឹងថា មកដល់ពេលនេះ គឺរយៈពេល៤ថ្ងៃហើយ ដែលសម្ដេចមិនទាន់បានឃើញលោក អ៊ុ សំអាន ផ្តល់ចម្លើយច្បាស់លាស់ពាក់ព័ន្ធនឹងការអញ្ជើញរបស់សម្ដេចចំពោះគាត់ និងក្រុមជំនាញព្រំដែនរបស់គាត់ អោយនាំយកនូវឯកសារ និងភស្តុតាងទាំងឡាយដែលលោកមាន ពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលសីមាលេខ ៥២ និង ៥៩ មកជជែកគ្នាត្រង់ទៅ ត្រង់មក ជាមួយក្រុមការងារជំនាញព្រំដែនរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែននៅកម្ពុជា ដើម្បីបង្ហាញនូវតម្លាភាព គណនេយ្យភាព ភាពត្រឹមត្រូវ និងការទទួលខុសត្រូវរបស់យើង ចំពោះមុខប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងបញ្ហាព្រំដែនជាមួយប្រទេសថៃ ជាពិសេសនៅក្នុងដំណាក់កាលព្រំដែនកម្ពុជា-ថៃ មិនទាន់បានដោះស្រាយចប់។
សម្ដេចធិបតី បានបញ្ជាក់ថា ឃើញតែគាត់ចេញសារជាច្រើនក្នុងប៉ុន្មានថ្ងៃមកនេះ ម្តងថាខ្លាចគេលបបាញ់គាត់ ឬវ៉ៃគាត់បែកក្បាល ម្តងថាគាត់ព្រមចាញ់ ដើម្បីខ្មែរឈ្នះ។ល។ ហើយចុងក្រោយនេះ ឃើញទៅពឹងអង្គការចាត់តាំងក្រៅច្បាប់មួយ មកដាក់ជាលក្ខខណ្ឌវែងអន្លាយជាមួយរាជរដ្ឋាភិបាលស្របច្បាប់ ដែលហាក់ដូចជាលក្ខខណ្ឌដើម្បីដោះខ្លួនចេញពីការអញ្ចើញអោយមកជជែកគ្នាបញ្ជាក់តំបន់តូចមួយនៃខ្សែព្រំដែននៅចន្លោះបង្គោលព្រំដែនលេខ ៥២ និង ៥៩ ដែលគាត់ចោទថាមន្ត្រីជំនាញព្រំដែនរបស់រាជរដ្ឋាភិបាលបានលួចអោយថៃបោះបង្គោលចូលដីខ្មែរ។ បើគ្រាន់តែបញ្ជាក់លើដីប៉ុន្មានគីឡូម៉ែត្រ គាត់មិនហ៊ានមកជជែកឬមិនមានឯកសារមកជជែកផង តើរំពឹងថាគាត់អាចធ្វើលើព្រំដែនទាំងមូលទេ។
សម្ដេចធិបតី បានសរសេរបន្តដោយសង្កត់ធ្ងន់ថា «នៅរង់ចាំចម្លើយច្បាស់លាស់ពីគាត់ពាក់ព័ន្ធនឹងការអញ្ជើញមកជជែកគ្នាករណីព្រំដែនកម្ពុជា-ថៃចន្លោះបង្គោលលេខ ៥២ និង ៥៩»៕

ដោយ៖ គង់ សិរីរ័ត្ន





