ស្រុកក្រឡាញ់រៀបចំពិធីប្រណាំងទូក «ង» ដើម្បីបន្តបរិយាកាសសប្បាយរីករាយក្នុងពិធីបុណ្យភ្ជុំបិណ្ឌ
AKP សៀមរាប ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២ -- រដ្ឋបាលស្រុកក្រឡាញ់ បានរៀបចំពិធីប្រណាំងទូក «ង» ចំនួន ២ថ្ងៃ គឺថ្ងៃទី១២ និងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ ដែលការរៀបចំពិធីនេះ គឺដើម្បីបន្តបរិយាកាសសប្បាយរីករាយបន្ថែមទៀតទៅលើពិធីបុណ្យភ្ជុំបិណ្ឌ។ ពិធីប្រណាំងទូកនេះ បានធ្វើនៅឯទំនប់ស្ពានស្រែ-ង តំបន់ព្រំប្រទល់រវាងភូមិសរសៃពង ឃុំតាអាន ស្រុកក្រឡាញ់ ខេត្តសៀមរាប និងភូមិស្ពាន ឃុំស្ពានស្រែ-ង ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ពោល គឺរដ្ឋបាលស្រុកក្រឡាញ់សហការជាមួយរដ្ឋបាលឃុំតាអាន និងព្រះគ្រូចៅអធិការវត្តសរសៃពង។
ពិធីប្រណាំងទូក «ង» ថ្នាក់ស្រុកមួយនេះ គេសង្កេតឃើញមានការគាំទ្រពីប្រជាពលរដ្ឋ យ៉ាងគគ្រឹកគគ្រេង ហ៊ោកញ្រៀវកងរំពង សប្បាយរីករាយក្រៃលែង ដែលក្នុងពិធីប្រណាំងនោះមានទូក «ង» ចំនួន ១៤ទូកប៉ុណ្ណោះចូលរួមប្រកួត។


លោក សុខ ណារ៉េត អភិបាលស្រុកក្រឡាញ់ ដែលបានចូលរួមជាអធិបតីក្នុងពិធីនោះ បានមានប្រសាសន៍ថា ការរៀបចំកម្មវិធីនេះមិនត្រឹមតែបង្កើតបរិយាកាសសប្បាយរីករាយក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយថែរក្សា និងលើកស្ទួយកីឡាប្រពៃណីជាតិរបស់ដូនតាឱ្យបានគង់វង្សផងដែរ។

រីឯព្រះតេជគុណ មេត្តាពលោ ឡន ម៉ក់ ព្រះធម្មធរអនុគុណស្រុកក្រឡាញ់ និងជាគណៈកម្មការវត្តសរសៃពង ក៏បានមានសង្ឃដីកាឱ្យដឹងដែរថា គោលបំណងសំខាន់នៃការប្រកួតនេះ គឺដើម្បីពង្រឹងចំណងមិត្តភាពរវាងយុវជន លើកកម្ពស់វប្បធម៌ដូនតា និងជួយឱ្យយុវជនចៀសឆ្ងាយពីគ្រឿងញៀន ព្រមទាំងបានថ្លែងអំណរគុណចំពោះសុខសន្តិភាព ដែលផ្ដល់លទ្ធភាពឱ្យមានការរៀបចំព្រឹត្តិការណ៍សប្បាយរីករាយនេះឡើង៕


ដោយ៖ ហង្ស សៀក





