KOICA និង CAMKAA រៀបចំសិក្ខាសាលា ដើម្បីពិនិត្យសមិទ្ធផលការងារប្រចាំឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧
AKP កំពង់ស្ពឺ ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦
ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) និងសមាគមអតីតកម្មសិក្សាការីកម្ពុជា-កូរ៉េ (CAMKAA) បានរៀបចំ «សិក្ខាសាលាសមាជិកគណៈកម្មការប្រតិបត្តិ CAMKAA» ក្រោមប្រធានបទ សមិទ្ធផលការងារប្រចាំឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ នាថ្ងៃទី៥-៦ ខែតុលា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍ជនបទកម្ពុជា-កូរ៉េ (CKRDC) ខេត្តកំពង់ស្ពឺ។

សម្រាប់សិក្ខាសាលារយៈពេលពីរថ្ងៃនេះ បានប្រមូលផ្តុំ សមាជិកគណៈកម្មការប្រតិបត្តិ CAMKAA ចំនួន៧រូប និងតំណាង KOICA ចំនួន២រូប ដើម្បីពិនិត្យសមិទ្ធផលសំខាន់ៗរបស់ CAMKAA ក្នុងឆ្នាំ២០២៦ វាយតម្លៃវឌ្ឍនភាព និងបញ្ហាប្រឈមក្នុងការអនុវត្ត ព្រមទាំងរៀបចំផែនការសកម្មភាពរួមដែលមានភាពជាក់ស្តែងសម្រាប់ឆ្នាំ២០២៧។ សិក្ខាសាលានេះដឹកនាំដោយ ឯកឧត្តម អ៊ឹម សួរ ប្រធានសមាគមអតីតម្មសិក្សាការីកម្ពុជា-កូរ៉េ និងជាអគ្គលេខាធិការរងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយសមាជិកគណៈកម្មការប្រតិបត្តិរបស់ CAMKAA និងមានការចូលរួមពីមន្ត្រីរបស់ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ប្រចាំប្រទេសកម្ពុជា ផងដែរ។
សមាគមអតីតម្មសិក្សាការីកម្ពុជា-កូរ៉េ គឺជាសមាគមមិនប្រកាន់និន្នាការនយោបាយ ឯករាជ្យ និងមិនរកប្រាក់ចំណេញ ដែលបានបង្កើតឡើងក្នុងឆ្នាំ២០០២ និងបានចុះបញ្ជីជាផ្លូវការនៅក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឆ្នាំ២០០៧។ ដោយមានការគាំទ្រពី ទីភ្នាក់ងារ KOICA សមាគមអតីតម្មសិក្សាការីកម្ពុជា-កូរ៉េ ផ្តល់ជាវេទិកាសម្រាប់ អតីតសិក្ខាកាម និងមន្ត្រីរាជការជាង ៣ ៣៧០នាក់ មកពីវិស័យផ្សេងៗ រួមមាន សុខាភិបាល អប់រំ បច្ចេកវិទ្យា និងសង្គមស៊ីវិល។ តាមរយៈសកម្មភាពនានា CAMKAA បន្តលើកកម្ពស់ការបង្កើតបណ្តាញវិជ្ជាជីវៈ ការចែករំលែកចំណេះដឹង និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រជាជនរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ។

លោកស្រី ឡាយ នារី បានធ្វើបទបង្ហាញរបាយការណ៍តាមដាន និងវាយតម្លៃ (M&E) ដ៏ទូលំទូលាយ ដែលបានបង្ហាញពីគំនិតផ្តួចផ្តើមសំខាន់ៗ រួមមាន សកម្មភាពផ្សព្វផ្សាយការយល់ដឹងអំពីបរិស្ថាន សិក្ខាសាលាស្តីពីបច្ចេកវិទ្យាឌីជីថល និងនវានុវត្តន៍ ដែលរៀបចំឡើងដោយសហការជាមួយ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) និង ពិធីជួបជុំអតីតកម្មសិក្សាការី-និស្សិតកម្ពុជា សិក្សានៅប្រទេសកូរ៉េឆ្នាំ២០២៦។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ឹម សួរ បានមានប្រសាសន៍សង្កត់ធ្ងន់អំពីតួនាទីដ៏សំខាន់របស់បណ្តាញអតីតសិក្ខាកាម ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ការជំរុញភាពជាដៃគូរវាងវិស័យនានា និងការរួមចំណែកដល់ការអភិវឌ្ឍសហគមន៍។ ឯកឧត្តមបានលើកឡើងថា សិក្ខាសាលានេះបានផ្តល់ឱកាសដ៏មានតម្លៃសម្រាប់ពិនិត្យវឌ្ឍនភាព ដោះស្រាយបញ្ហាប្រឈម និងកំណត់ទិសដៅសម្រាប់ឆ្នាំខាងមុខ ជាពិសេសនៅពេលដែលកម្ពុជា និងសាធារណរដ្ឋកូរ៉េកំពុងឈានទៅរក ខួប៣០ឆ្នាំនៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។

ជាមួយគ្នានេះ តំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) បានបញ្ជាក់ជាថ្មីអំពីការគាំទ្រជាបន្តបន្ទាប់របស់ KOICA ចំពោះ សមាគមអតីតម្មសិក្សាការីកម្ពុជា-កូរ៉េ និងសមាជិករបស់ខ្លួន។ តំណាង KOICA បានគូសបញ្ជាក់ពីសារៈសំខាន់នៃការដែលអតីតសិក្ខាកាមយកចំណេះដឹង និងបទពិសោធន៍ដែលទទួលបានតាមរយៈកម្មវិធីពាក់ព័ន្ធនឹងប្រទេសកូរ៉េ ទៅអនុវត្តក្នុងការងារវិជ្ជាជីវៈ សកម្មភាពសហគមន៍ និងការរួមចំណែកដល់ការអភិវឌ្ឍប្រទេសកម្ពុជា។
សូមជម្រាបជូនថា ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) និង សមាគមអតីតម្មសិក្សាការីកម្ពុជា-កូរ៉េ (CAMKAA) បានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តក្នុងការពង្រឹងបណ្តាញអតីតសិក្ខាកាម គាំទ្រការរួមចំណែករបស់អតីតសិក្ខាកាមចំពោះការអភិវឌ្ឍប្រទេសកម្ពុជា និងបន្តលើកកម្ពស់មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ៕
ដោយ៖ រិទ្ធី, ប្រភព៖ KOICA





