ម៉ាឡេស៊ី និងសិង្ហបុរី ស្វែងរកការជំរុញពាណិជ្ជកម្មផ្ទៃក្នុងអាស៊ាន
AKP ភ្នំពេញ ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៦ -- ប្រទេសម៉ាឡេស៊ី និងសិង្ហបុរី អាចសហការគ្នាដើម្បីពង្រឹងការតភ្ជាប់ផ្នែកធុរកិច្ចនៅក្នុងតំបន់អាស៊ាន និងជំរុញពាណិជ្ជកម្មផ្ទៃក្នុងអាស៊ាន ដោយប្រើប្រាស់ចំណុចខ្លាំងរបស់ខ្លួនលើវិស័យខ្សែសង្វាក់ផ្គត់ផ្គង់ សេដ្ឋកិច្ចឌីជីថល និងឧស្សាហកម្មសំខាន់ៗ។
យោងតាមសារព័ត៌មាន New Straits Times បានឱ្យដឹងថា ចំណុចនេះត្រូវបានសង្កត់ធ្ងន់នៅក្នុងកិច្ចសន្ទនារដ្ឋមន្ត្រីប្រចាំឆ្នាំលើកទី៣ រវាងក្រសួងវិនិយោគ ពាណិជ្ជកម្ម និងឧស្សាហកម្មរបស់ប្រទេសម៉ាឡេស៊ី (MITI) និងក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មរបស់ប្រទេសសិង្ហបុរី (MTI) ដែលបានធ្វើឡើងនៅទីក្រុងគូឡាឡាំពួរ កាលពីពេលថ្មីៗនេះ។
ថ្លែងទៅកាន់អ្នកសារព័ត៌មានក្រោយបញ្ចប់កិច្ចសន្ទនា រដ្ឋមន្ត្រីក្រសួងវិនិយោគ ពាណិជ្ជកម្ម និងឧស្សាហកម្មម៉ាឡេស៊ី លោក ចូហារី អាប់ឌុល ហ្កានី បាននិយាយថា ប្រទេសទាំងពីរអាចស្វែងរកដំណោះស្រាយដើម្បីសម្រួលដល់ការតភ្ជាប់ផ្នែកពាណិជ្ជកម្ម និងធុរកិច្ចឱ្យកាន់តែរឹងមាំរវាងប្រទេសសមាជិកអាស៊ាន ដោយមានគោលដៅរយៈពេលវែងក្នុងការបង្កើនចំណែកនៃពាណិជ្ជកម្មផ្ទៃក្នុងអាស៊ាន។
លោកបានកត់សម្គាល់ថា សក្តានុពលនៃពាណិជ្ជកម្មផ្ទៃក្នុងអាស៊ាននៅមិនទាន់ត្រូវបានទាញយកមកប្រើប្រាស់ឱ្យអស់លទ្ធភាពនៅឡើយទេ។ ប្រទេសទាំង១១ នៃប្លុកនេះមានទំហំពាណិជ្ជកម្មសរុបចំនួន ៤,៣៧ទ្រីលានដុល្លារអាម៉េរិក ខណៈដែលពាណិជ្ជកម្មផ្ទៃក្នុងអាស៊ានមានត្រឹមតែប្រហែល ៨០០-៩០០ពាន់លានដុល្លារអាម៉េរិកប៉ុណ្ណោះ។
លោក ចូហារី បានឱ្យដឹងថា លោក និងឧបនាយករដ្ឋមន្ត្រីសិង្ហបុរី លោក កាន់ គីមយ៉ុង បានពិភាក្សាគ្នាអំពីវិធីសាស្រ្តនានាដើម្បីពង្រឹងការតភ្ជាប់ផ្នែកធុរកិច្ចនៅទូទាំងតំបន់អាស៊ាន ដោយមានគោលដៅបង្កើនចំណែកនៃពាណិជ្ជកម្មក្នុងតំបន់ឱ្យបានដល់ ៥០% នៃទំហំពាណិជ្ជកម្មសរុបរបស់ប្លុកនេះ។
លោកក៏បានលើកឡើងផងដែរអំពីកិច្ចព្រមព្រៀងក្របខ័ណ្ឌសេដ្ឋកិច្ចឌីជីថលអាស៊ាន (DEFA) ថា ជាយុទ្ធសាស្ត្រដ៏សំខាន់មួយសម្រាប់ការជំរុញពាណិជ្ជកម្មផ្ទៃក្នុងអាស៊ាន។ លោកបានបញ្ជាក់ថា ម៉ាឡេស៊ីបានស្នើកិច្ចព្រមព្រៀងនេះក្នុងអំឡុងពេលកាន់តំណែងជាប្រធានអាស៊ាន ហើយការផ្តោតសំខាន់នៅពេលនេះគួរតែស្ថិតលើការអនុវត្ត និងការដាក់ឱ្យដំណើរការជាក់ស្តែង។
ដោយសារសិង្ហបុរីនឹងក្លាយជាប្រធានអាស៊ាននៅឆ្នាំក្រោយ លោក ចូហារី បានអំពាវនាវឱ្យប្រទេសនេះដើរតួនាទីនាំមុខ និងឱ្យសមាជិកអាស៊ានធ្វើការរួមគ្នាដើម្បីធានាថា កិច្ចព្រមព្រៀង DEFA ក្លាយជាកម្លាំងចលករដ៏សំខាន់សម្រាប់ពាណិជ្ជកម្មក្នុងតំបន់។
លោកបានបន្ថែមថា អាស៊ានក៏អាចទទួលបានអត្ថប្រយោជន៍ពីការតភ្ជាប់ក្នុងតំបន់ដ៏រឹងមាំលើវិស័យនានា ដូចជាខ្សែសង្វាក់ផ្គត់ផ្គង់ សន្តិសុខស្បៀង និងវិស័យអគ្គិសនី និងអេឡិចត្រូនិក (E&E) ជាដើម។ ប្រទេសម៉ាឡេស៊ី និងសិង្ហបុរីអាចប្រើប្រាស់ខ្សែសង្វាក់ផ្គត់ផ្គង់ដែលមានមូលដ្ឋានក្នុងអាស៊ានឱ្យកាន់តែមានប្រសិទ្ធភាព ជាពិសេសដើម្បីពង្រឹងសន្តិសុខស្បៀង ខណៈដែលវិស័យផ្សេងទៀតក៏អាចទទួលបានអត្ថប្រយោជន៍ពីទំនាក់ទំនងទ្វេភាគ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





