អភិបាលរងខេត្តកំពង់ធំចុះពិនិត្យតាមដាននិងសំណេះសំណាលសួរសុខទុក្ខ សិក្ខាកាមក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេស ១.៥លាននាក់
AKPកំពង់ធំថ្ងៃទី២០ខែតុលា ឆ្នាំ២០២៦--អភិបាលរងខេត្តកំពង់ធំចុះពិនិត្យតាមដាននិងសំណេះសំណាលសួរសុខទុក្ខ សិក្ខាកាមក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេស ១.៥លាននាក់ដើម្បីលើកកម្ពស់ជីវភាពយុវជនគ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យ

លោក ហាន កុសល អភិបាលរងខេត្តតំណាងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំកាលពីថ្ងៃទី១៩ខែតុលាឆ្នាំ២០២៦បានចុះពិនិត្យតាមដាន និងសំណេះសំណាលសួរសុខទុក្ខសិក្ខាកាមក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេស ១.៥លាននាក់សម្រាប់យុវជនមកពីគ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យនៅភូមិល្វៃឃុំត្រពាំងឬស្សីនិងភូមិត្នោត ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយខេត្តកំពង់ធំដោយមានការអញ្ជើញចូលរួមពីរលោក ឯក ហៀង នាយកវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំក្នុងគោលបំណងពិនិត្យតាមដានការបណ្តុះបណ្តាលនិងលើកទឹកចិត្តដល់យុវជនឱ្យខិតខំប្រឹងប្រែងសិក្សារៀនសូត្រដើម្បីទទួលបានចំណេះដឹង និងជំនាញចាំបាច់សម្រាប់អនាគត។

លោកហាន កុសល បានបញ្ជាក់ថាដោយមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជំរុញឱ្យសិក្ខាកាមទាំងអស់យកចិត្តទុកដាក់ខ្ពស់ក្នុងការសិក្សារៀនសូត្រ និងខិតខំស្វែងយល់ពីជំនាញដែលខ្លួនកំពុងទទួលបាន ដើម្បីអាចយកចំណេះដឹង និងសមត្ថភាពទាំងនេះទៅអនុវត្តជាក់ស្តែងក្នុងជីវភាពរស់នៅប្រចាំថ្ងៃនិងការប្រកបមុខរបរនាពេលអនាគត។

លោកអភិបាលរងខេត្តបានលើកទឹកចិត្តដល់យុវជនឱ្យប្រើប្រាស់ជំនាញវិជ្ជាជីវៈនិងបច្ចេកទេសដែលទទួលបាន ដើម្បីបង្កើតនិងពង្រីកមុខរបរបន្ថែមនៅក្នុងសហគមន៍របស់ខ្លួន។ការអភិវឌ្ឍជំនាញ និងការបង្កើតឱកាសការងារដោយខ្លួនឯង អាចជួយបង្កើនប្រាក់ចំណូលគ្រួសារ និងចូលរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រព្រមទាំងលើកកម្ពស់ជីវភាពរស់នៅឱ្យកាន់តែប្រសើរឡើងនិងបានគូសបញ្ជាក់ពីសារៈសំខាន់នៃការអភិវឌ្ឍធនធានមនុស្ស ដោយមនុស្សគ្រប់រូបត្រូវមានចំណេះដឹង ជំនាញ សមត្ថភាព គុណធម៌ និងសុខភាពល្អ ព្រមទាំងមានគំនិតច្នៃប្រឌិតនិងចេះគិតបង្កើតអ្វីដែលថ្មីៗ ដើម្បីឆ្លើយតបទៅនឹងតម្រូវការការងារ និងការអភិវឌ្ឍសង្គម។

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនេះ មានសារៈសំខាន់ក្នុងការផ្តល់ឱកាសឱ្យយុវជនមកពីគ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យទទួលបានជំនាញសម្រាប់ប្រកបមុខរបរនិងស្វែងរកឱកាសការងារសមស្រប។ក្នុងឱកាសនោះលោកហាន កុសលបាននាំយកថវិកាមួយចំនួនដែលជាអំណោយរបស់ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំឧបត្ថម្ភដល់សិក្ខាកាមផងដែរ៕
ដោយ៖ ស៊ុម វណ្ណា





