ប្រធានាធិបតីអេហ្ស៊ីបនឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសកូរ៉េខាងត្បូងនៅសប្តាហ៍នេះ
AKP ភ្នំពេញ ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៦ -- ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ជេម្យុង (Lee Jae-myung) បានប្រកាសកាលពីថ្ងៃអង្គារថា ប្រធានាធិបតីអេហ្ស៊ីប លោក អាប់ដេល ហ្វាតតាហ៍ អែល ស៊ីស៊ី (Abdel Fattah El-Sisi) នឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសកូរ៉េខាងត្បូង ក្នុងសប្តាហ៍នេះ ហើយនឹងជួបពិភាក្សាកំពូលជាមួយលោក លី អំពីបញ្ហាសេដ្ឋកិច្ច និងបញ្ហាអន្តរជាតិ។
អ្នកនាំពាក្យប្រធានាធិបតី លោកស្រី កាង យូជុង (Kang Yu-jung) បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរថា តាមរយៈការអញ្ជើញរបស់លោក លី លោក អែល ស៊ីស៊ី នឹងមកដល់ប្រទេសកូរ៉េខាងត្បូងនៅថ្ងៃពុធ ហើយនឹងជួបជាមួយលោក លី នៅថ្ងៃព្រហស្បតិ៍ ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចរយៈពេល ៣ថ្ងៃរបស់លោក។
លោកស្រីបានមានប្រសាសន៍ថា៖ «តាមរយៈកិច្ចប្រជុំកំពូលនេះ មេដឹកនាំទាំងពីរមានគម្រោងធ្វើការពិភាក្សាយ៉ាងស៊ីជម្រៅលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដូចជាពាណិជ្ជកម្ម និងការវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ និងខ្សែសង្វាក់ផ្គត់ផ្គង់ ព្រមទាំងការពង្រីកការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ស្ថានភាពនយោបាយក្នុងតំបន់ និងបញ្ហាអន្តរជាតិ»។
នេះនឹងក្លាយជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក អែល ស៊ីស៊ី មកកាន់ប្រទេសនេះ ចាប់តាំងពីឆ្នាំ២០១៦ មក។ មេដឹកនាំទាំងពីរបានជួបគ្នាលើកចុងក្រោយកាលពីខែវិច្ឆិកា ក្នុងអំឡុងពេលដែលលោក លី បានទៅបំពេញទស្សនកិច្ចនៅប្រទេសអេហ្ស៊ីប។
លោកស្រី កាង បាននិយាយថា៖ «យើងរំពឹងថាដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកប្រធានាធិបតី អែល ស៊ីស៊ី នឹងក្លាយជាឱកាសដ៏សំខាន់មួយដើម្បីអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសកូរ៉េខាងត្បូង និងអេហ្ស៊ីប ឱ្យទៅជាភាពជាដៃគូយុទ្ធសាស្ត្រ និងពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការរបស់ប្រទេសយើងជាមួយតំបន់អាហ្វ្រិក និងតំបន់មជ្ឈិមបូព៌ា»៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)





