អ្នកនាំពាក្យក្រសួងព័ត៌មាន លើកឡើងពីវិធានការគាំទ្រ និងយន្ដការការពារអ្នកសារព័ត៌មានពលរដ្ឋ និងជំរុញឱ្យមានការចូលរួមប្រកបដោយការទទួលខុសត្រូវ
AKP ភ្នំពេញ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ -- ឯកឧត្ដម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានលើកឡើងអំពីវិធានការនានា ដើម្បីការពារ និងគាំទ្រអ្នកសារព័ត៌មានពលរដ្ឋ (Citizen Journalists) ដែលរាយការណ៍ពីបញ្ហាសហគមន៍ ដូចជា ជម្លោះដីធ្លី បរិស្ថាន និងសិទ្ធិមនុស្ស ព្រមទាំងយន្តការសម្រាប់ជួយពួកគេក្នុងករណីប្រឈមការគំរាមកំហែង។

ឯកឧត្ដមអ្នកនាំពាក្យបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងព័ត៌មាន គោរព និងលើកកម្ពស់សិទ្ធិទទួលបានព័ត៌មាន និងសេរីភាពនៃការបញ្ចេញមតិរបស់ប្រជាពលរដ្ឋគ្រប់រូប ស្របតាមមាត្រា ៣១ និងមាត្រា៤១ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ ទន្ទឺមនេះ ប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិពេញលេញក្នុងការចូលរួមរាយការណ៍ បញ្ចេញមតិ ឬចែករំលែកព័ត៌មានអំពីបញ្ហាសង្គម និងសហគមន៍របស់ខ្លួន។ ឯកឧត្ដមបានគូសបញ្ជាក់ថា ការបញ្ចេញមតិត្រូវតែធ្វើឡើងដោយការទទួលខុសត្រូវ និងគោរពច្បាប់និងបទដ្ឋានគតិយុត្តជាធរមាន ព្រមទាំងត្រូវប្រតិបត្តិតាមវិធានសីលធម៌នៃការរស់នៅក្នុងសង្គម ដើម្បីធានាបាននូវសណ្ដាប់ធ្នាប់ សន្តិសុខសាធារណៈ និងសិទ្ធិសេរីភាពរបស់អ្នកដទៃ។
ឯកឧត្ដមអ្នកនាំពាក្យក្រសួងព័ត៌មាន បានឱ្យដឹងទៀតថា ក្រសួងតែងតែលើកទឹកចិត្តឱ្យមានការចូលរួមពីគ្រប់ភាគី ក្នុងការឆ្លុះបញ្ចាំងពីតថភាពសង្គមដោយស្មោះត្រង់ ផ្អែកលើការពិតដើម្បីចូលរួមក្នុងការស្ថាបនា និងប្រកបដោយការទទួលខុសត្រូវ។ «ដោយសារពួកគេពុំមែនជាអ្នកកាសែតអាជីព ពលរដ្ឋដែលមានបំណងចូលរួមរាយការណ៍ត្រូវចូលរួមក្នុងការតម្កល់ប្រយោជន៍សាធារណៈជាធំ ដោយការផ្សព្វផ្សាយរបស់ខ្លួនត្រូវឈរលើភាពត្រឹមត្រូវ ពិតប្រាកដ និងឥតលម្អៀង ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋ និងប្រទេសជាតិ»។ នេះគឺជាការបញ្ជាក់បន្ថែមរបស់ឯកឧត្ដម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន។
បន្ថែមលើនេះ ឯកឧត្ដម ទេព អស្នារិទ្ធ ក៏បានពន្យល់ផងដែរថា ការរាយការណ៍ព័ត៌មានដោយពលរដ្ឋត្រូវស្វែងរកការសហការផ្តល់ព័ត៌មានជូនអាជ្ញាធរ និងមន្ត្រីជំនាញលើវិស័យពាក់ព័ន្ធ ដើម្បីធានាការចូលរួមរបស់ពលរដ្ឋក្នុងការឆ្លុះបញ្ចាំងតថភាពពិត គ្រប់ជ្រុងជ្រោយ និងជួយជំរុញការដោះស្រាយបញ្ហាជូនសហគមន៍បានចំគោលដៅ និងទាន់ពេលវេលា។ ឯកឧត្ដមអ្នកនាំពាក្យក្រសួងព័ត៌មានក៏បានបញ្ជាក់ទៀតថា ដើម្បីគាំទ្រដល់បរិយាកាសរាយការណ៍ព័ត៌មានត្រឹមត្រូវប្រកបដោយក្រមសីលធម៌ ក្រសួងព័ត៌មានបានដាក់ឱ្យអនុវត្តធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ដែលជាមូលដ្ឋានគ្រឹះនិងជាប្រភពក្រមសីលធម៌រួម សម្រាប់អ្នកសារព័ត៌មានអាជីព និងមិនមែនអាជីព និងអ្នកពាក់ព័ន្ធក្នុងវិស័យព័ត៌មាននិងសោតទស្សន៍នៅកម្ពុជា យកទៅអនុវត្តន៍តាម។
ឯកឧត្ដម ទេព អស្នារិទ្ធ ក៏បានរំលេចឱ្យដឹងផងដែរថា ធម្មនុញ្ញនេះ ជាអ្នកចង្អុលផ្លូវ ដើម្បីតម្រង់ទិសអ្នកសារព័ត៌មាន អ្នកបង្កើតមាតិកា ពលរដ្ឋដែលចូលរួមរាយការណ៍ព័ត៌មាន ឱ្យប្រកាន់ខ្ជាប់នូវការគោរពច្បាប់ និងគោលការណ៍គ្រឹះនៃវិជ្ជាជីវៈក្នុងសកម្មភាពផ្សព្វផ្សាយ ដោយភាពស្មោះត្រង់ ត្រឹមត្រូវ អព្យាក្រឹត ការផ្ទៀងផ្ទាត់ប្រភព និងការគោរពសិទ្ធិបុគ្គល។ ឯកឧត្ដមបានអះអាងថា៖ «ធម្មនុញ្ញនេះ គឺជាខែលការពារតម្លៃរបស់អ្នកសារព័ត៌មានពិតប្រាកដ និងធានាថាការចូលរួមរាយការណ៍ព័ត៌មានពីប្រជាពលរដ្ឋត្រូវបានធ្វើឡើងក្នុងស្មារតីទទួលខុសត្រូវ ជួយការពារសង្គម ប្រយោជន៍សាធារណៈ និងចូលរួមកសាងបរិយាកាសព័ត៌មានសុក្រឹតត្រឹមត្រូវ ប្រកបដោយទំនុកចិត្ត និងសុវត្ថិភាព»៕
ដោយ៖ ប៊ុនរិទ្ធ





