ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក នាំយកម្ហូបអាហារដែលពុទ្ធបរិស័ទប្រគេនក្នុងរដូវបុណ្យបិណ្ឌភ្ជុំបិណ្ឌ ចែកជូនវីរកងទ័ពនៅសមរភូមិមុខ
AKP សៀមរាប ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦-- ដោយមានសទ្ធាជ្រះថ្លា មេត្តាធម៌ និងការចែករំលែកតាមគន្លងព្រះពុទ្ធសាសនា នៅរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក ក្រុងសៀមរាប បានរៀបចំនាំយកម្ហូបអាហារ និងគ្រឿងឧបភោគបរិភោគ ដែលពុទ្ធបរិស័ទបានប្រគេនព្រះសង្ឃក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ទៅចែកជូនដល់វីរកងទ័ពដែលកំពុងបំពេញភារកិច្ចការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ នៅព្រំដែនមុខច្រកជាំសាងាំស្រុកអន្លង់វែងខេត្តឧត្តរមានជ័យ។

សកម្មភាពប្រកបដោយសទ្ធាជ្រះថ្លានេះ មិនត្រឹមតែជាការចែករំលែកម្ហូបអាហារ និងសម្ភារៈប្រើប្រាស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបង្ហាញពីទឹកចិត្តស្រឡាញ់ សាមគ្គីភាព ការយកចិត្តទុកដាក់ និងការដឹងគុណចំពោះវីរកងទ័ព ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត និងសេចក្តីសុខផ្ទាល់ខ្លួន ដើម្បីបំពេញភារកិច្ចដ៏ឧត្តុង្គឧត្តមក្នុងការការពារជាតិមាតុភូមិ។

ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន បានមានថេរដីកាថា ម្ហូបអាហារដែលពុទ្ធបរិស័ទបាននាំយកមកប្រគេនព្រះសង្ឃក្នុងរដូវបុណ្យភ្ជុំបិណ្ឌ គឺកើតចេញពីសទ្ធាជ្រះថ្លា និងទឹកចិត្តបរិសុទ្ធរបស់ប្រជាពុទ្ធបរិស័ទ។ ដូច្នេះ ការរៀបចំនាំយកម្ហូបអាហារមួយចំណែក ទៅចែកជូនដល់វីរកងទ័ពនៅ ព្រំដែន គឺជាការបន្តនូវស្មារតីសប្បុរសធម៌ និងការចែករំលែកក្តីស្រឡាញ់ពីទីអារាម ទៅកាន់អ្នកដែលកំពុងបំពេញភារកិច្ចដើម្បីជាតិមាតុភូមិ។

ព្រះអង្គមានថេរដីកាបញ្ជាក់ថា៖ក្នុងនាមជាព្រះសង្ឃព្រះអង្គមិនមានអ្វីជាធំដុំសម្រាប់ជួយដល់វីរកងទ័ពដែលកំពុងឈរជើងការពារទឹកដីនៅព្រំដែននោះទេ ប៉ុន្តែអ្វីដែលព្រះអង្គអាចធ្វើបាន គឺការចែករំលែកម្ហូបអាហារ និងបច្ច័យតាមលទ្ធភាព ដែលកើតចេញពីសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទ ដើម្បីជាការលើកទឹកចិត្ត និងបង្ហាញថា ព្រះសង្ឃ និងប្រជាពុទ្ធបរិស័ទនៅក្រោយ តែងតែនឹករឭក យកចិត្តទុកដាក់ និងគាំទ្រវីរកងទ័ពរបស់យើងជានិច្ច៕
ដោយ ឃុត សៅ





