សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការវិនិយោគលើសុខភាព គឺស្មើនឹងការវិនិយោគលើអនាគតប្រទេសជាតិ
AKP ភ្នំពេញ ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦--សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបញ្ជាក់ថា បញ្ហាសុខភាពមិនត្រឹមតែជាបញ្ហាបុគ្គល គ្រួសារ និងសង្គមប៉ុណ្ណោះទេ ប៉ុន្តែគឺជាមូលដ្ឋានគ្រឹះយ៉ាងសំខាន់នៃគុណភាពធនធានមនុស្ស ផលិតភាពការងារ និងកំណើនសេដ្ឋកិច្ចជាតិ។ ដូច្នេះ ការវិនិយោគលើវិស័យសុខភាព គឺស្មើនឹងការវិនិយោគលើអនាគតរបស់ប្រទេសជាតិ។

ការថ្លែងបែបនេះរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងនាព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦នេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរខួប ៨០ ឆ្នាំ នៃការបង្កើតសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ពិធីសម្ពោធអគារសិក្សាថ្មីចំនួន ០២ ខ្នង និងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី ដែលបានរៀបចំឡើងនៅមណ្ឌលសន្និបាត និងពិព័រណ៍ អូស៊ីអាយស៊ី (OCIC) រាជធានីភ្នំពេញ។

នៅក្នុងឱកាសនោះ សម្តេចធិបតី បានមានប្រសាសន៍បន្ថែមថា ការលើកកម្ពស់សុខភាពសាធារណៈ ចាំបាច់ត្រូវផ្តោតលើប្រព័ន្ធសុខាភិបាលទាំងមូល ដោយឈរលើការងារសំខាន់ៗ រួមមាន៖ ការការពារ ការបង្ការជំងឺ ការថែទាំសុខភាពបឋម ការស្វែងរកឃើញជំងឺឱ្យបានឆាប់រហ័ស ការព្យាបាលឱ្យបានជាសះស្បើយ និងការស្តារសម្បទាឡើងវិញឱ្យបានដូចដើម។

ជាមួយគ្នានេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានប្រៀបធៀបវិស័យសុខាភិបាលទៅនឹងសន្តិសុខ ដោយសម្តេចបានគូសបញ្ជាក់យ៉ាងស្និទ្ធស្នាលថា៖ «បញ្ហានេះ ពេទ្យមិនខុសពីសន្តិសុខទេ បើពេលណា យើងត្រូវប្រើកម្លាំងដើម្បីឆ្លើយតបទៅនឹងការវាយប្រហារមួយហើយ គឺយើងបរាជ័យមួយតង់ហើយ»៕
ដោយ៖ គង់ សិរីរ័ត្ន, រូបថត៖ គល់ រ៉េននី





