អភិបាលរងខេត្តកណ្តាល ចុះរៀបចំសណ្តាប់ធ្នាប់ និងឈូសឆាយសំណង់រំលោភចិញ្ចើមផ្លូវលេខ២១ ក្នុងក្រុងតាខ្មៅ
AKP កណ្ដាល ថ្ងៃទី៨ ខែតុលា ឆ្នាំ ២០២៦– លោក ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៦ បានដឹកនាំអាជ្ញាធរក្រុងតាខ្មៅ ចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ ដោយបានបន្តប្រើប្រាស់គ្រឿងចក្រកាយចេញនូវរាល់សំណង់ផ្សេងៗដែលសង់រំលោភលើចិញ្ចើមផ្លូវសាធារណៈ នៅតាមបណ្តោយផ្លូវលេខ២១ ស្ថិតក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ខេត្តកណ្តាល។

ក្នុងឱកាសនោះ លោក ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល ក៏បានអំពាវនាវ និងណែនាំដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវ ឱ្យចូលរួមសហការជាមួយអាជ្ញាធរដែនដី ដោយស្ម័គ្រចិត្តមិនត្រូវសង់សំណង់ ឬតាំងលក់ដូររំលោភលើចិញ្ចើមផ្លូវសាធារណៈបន្តទៀតឡើយ ដើម្បីរួមចំណែកថែរក្សាផលប្រយោជន៍រួម និងសោភ័ណភាពក្នុងក្រុងទាំងអស់គ្នា ។

ប្រតិបត្តិការនេះធ្វើឡើងក្នុងគោលបំណងកែលម្អ និងរៀបចំសណ្តាប់ធ្នាប់សាធារណៈឱ្យមានរបៀបរៀបរយ កាត់បន្ថយការ កកស្ទះចរាចរណ៍ ព្រមទាំងលើកកម្ពស់សោភ័ណភាពទីក្រុងតាខ្មៅឱ្យកាន់តែមានភាពស្រស់ស្អាត និងស៊ីវិល័យថែមទៀត ៕

ដោយ៖ ណយ នឿន (ប្រភព៖រដ្ឋបាលខេត្តកណ្តាល)





