មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ពង្រឹងវិធានការការពារធនធានធម្មជាតិក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
AKP កំពង់ធំ ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៦--នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ធំយោធភូមិភាគទី៤ កាលពីរសៀលថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៦ បានបើកកិច្ចប្រជុំពិភាក្សា និងដាក់ចេញនូវវិធានការការពារទប់ស្កាត់ និងបង្ក្រាបទល្មើសធនធានធម្មជាតិនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នៅពេលខាងមុខនេះ។ កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ។

លោកវរសេនីយ៍ទោ ទិត ចាន់ នាយសេនាធិការរងទទួលបន្ទុកការងារការពារ ទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើ បានឡើងរាយការណ៍អំពីសភាពការណ៍មួយចំនួន ដែលកងកម្លាំងចម្រុះបានខិតខំបំពេញភារកិច្ចការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើក្នុងរយៈពេលកន្លងទៅ និងនាពេលបច្ចុប្បន្ន ដែលកំពុងចាត់វិធានការប្រើប្រាស់កម្លាំងចល័តក្នុងការបង្ក្រាបបទល្មើសដឹកជញ្ជូនឈើខុសច្បាប់នៅតាមបណ្ដាគោលដៅមួយចំនួនក្នុងភូមិសាស្ត្រស្រុកសន្ទុក និងស្រុកសណ្ដាន់ ខេត្តកំពង់ធំ។
ជាមួយគ្នានេះដែរ លោកវរសេនីយ៍ទោ អ៊ូ ឆេងកន មេបញ្ជាការរងទទួលបន្ទុកការងារការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ក៏បានរាយការណ៍បញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងក្នុងរយៈពេលកន្លងទៅនេះ ដែលបានបង្ក្រាបបទល្មើសនេសាទខុសច្បាប់បានជាច្រើនករណី រួមទាំងរឹបអូសបានឧបករណ៍ឆក់ត្រី និងមធ្យោបាយប្រព្រឹត្តបទល្មើស ប្រគល់ជូនសមត្ថកិច្ចជំនាញផងដែរ។ ជាមួយគ្នានេះ មេបញ្ជាការបណ្ដាកងឯកភាពមួយចំនួន ក៏បានឡើងរាយការណ៍ និងបានធ្វើការប្ដេជ្ញាចិត្តក្នុងការការពារធនធានធម្មជាតិ ដែលជារបស់យើងទាំងអស់គ្នាផងដែរ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការកោតសរសើរចំពោះកងកម្លាំងចម្រុះទាំងអស់ ដែលបានរួមសហការគ្នាក្នុងការបំពេញភារកិច្ចទទួលបានលទ្ធផលល្អប្រសើរគួរជាទីមោទនៈ។ ពិសេស ក្នុងរយៈពេលចុងក្រោយនេះ បានបង្ក្រាបឧបករណ៍នេសាទខុសច្បាប់បានជាច្រើនម៉ឺនម៉ែត្រ និងបានចាក់ប្រលែងកូនត្រីចម្រុះចូលក្នុងបឹងធម្មជាតិវិញរាប់រយគីឡូក្រាម។ ជាមួយគ្នានេះដែរ កងកម្លាំងការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ ក៏បានបំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដោយការពារបានមិនឱ្យមានការកាប់ទន្ទ្រានដីព្រៃឈើរបស់រដ្ឋយកធ្វើជាកម្មសិទ្ធិបានទៀតឡើយ។ ហើយការដឹកជញ្ជូនឈើខុសច្បាប់នាពេលបច្ចុប្បន្នក៏មានការថយចុះគួរឱ្យកត់សម្គាល់។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់នៅក្នុងឱកាសដែលមន្ត្រីជំនាញឈប់សម្រាកក្នុងពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ ដែលនឹងឈានមកដល់នៅពេលខាងមុខនេះ ហើយចំពោះកងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ធំ ត្រូវធ្វើការផ្លាស់ប្ដូរវេនគ្នាឈប់សម្រាកនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ តែចាំបាច់ត្រូវតែទទួលខុសត្រូវក្នុងភារកិច្ចការពារ ទប់ស្កាត់ និងបង្ក្រាបទល្មើសធនធានធម្មជាតិឱ្យបានដោយមិនត្រូវទុកឱកាសឱ្យក្រុមជនល្មើសលួចប្រព្រឹត្តបទល្មើសធនធានធម្មជាតិ ក្នុងឱកាសដែលមន្ត្រីឈប់សម្រាកបានឡើយ៕
ដោយ៖ ស៊ុម វណ្ណា





