សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គ្រូពេទ្យមិនមែនជាទេវតាទេ ប៉ុន្តែធ្វើបេសកកម្មឱ្យទេវតា
AKP ភ្នំពេញ ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦--សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបញ្ជាក់ថា គ្រូពេទ្យមិនមែនជាទេវតានោះទេ ប៉ុន្តែគឺជាអ្នកដែលបំពេញបេសកកម្មឱ្យទេវតា ក្នុងការសង្គ្រោះ និងថែរក្សាជីវិតរបស់ប្រជាពលរដ្ឋ។

ការថ្លែងបែបនេះរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងនាព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦នេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរខួប ៨០ ឆ្នាំ នៃការបង្កើតសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ពិធីសម្ពោធអគារសិក្សាថ្មីចំនួន ០២ ខ្នង និងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី ដែលបានរៀបចំឡើងនៅមណ្ឌលសន្និបាត និងពិព័រណ៍ អូស៊ីអាយស៊ី (OCIC) រាជធានីភ្នំពេញ។
នៅក្នុងឱកាសនោះ សម្តេចធិបតី បានលើកឡើងអំពីសំខាន់នៃតួអង្គទាំងបី (មុំចង្រ្កានបី) ដែលជាកត្តាកំណត់នូវគុណភាពធនធានមនុស្ស។ សម្តេចបានគូសបញ្ជាក់ថា៖ «សិស្ស ខិតខំរៀនយ៉ាងម៉េចក៏ដោយ ប៉ុន្តែបើថ្នាក់ដឹកនាំដាក់ទិសដៅខុស កំណត់និយមន័យទាប មិនច្បាស់លាស់ ក៏លំបាក។ ទោះបីជាសិស្ស-សាស្ត្រាចារ្យខិតខំសិក្សា ខិតខំយ៉ាងម៉េចក៏ដោយ ក៏នៅតែត្រឹមកម្រិតដែលថា មិនអាច»។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបន្ថែមថា ការបើកចិត្តទទួលយកបច្ចេកវិទ្យាទំនើប និងបញ្ញាសិប្បនិម្មិត (AI) គឺជាកត្តាចាំបាច់សម្រាប់វិស័យអប់រំ។ សម្តេចបានបញ្ជាក់ថា បើថ្នាក់ដឹកនាំរារាំងមិនឱ្យប្រើប្រាស់បច្ចេកវិទ្យា ឬ AI ទេនោះ ការអប់រំនឹងនៅតែមួយកន្លែង។ ផ្ទុយទៅវិញ បើថ្នាក់ដឹកនាំរៀបចំកម្មវិធីសិក្សាផ្គុំជាមួយ AI ភ្ជាប់ទៅនឹងសាលារៀន និងកម្មវិធីបណ្តុះបណ្តាល នោះគ្រូ បុគ្គលិកសិក្សា និងសាស្ត្រាចារ្យ នឹងខិតខំស្រាវជ្រាវបន្ថែមដើម្បីធ្វើបច្ចុប្បន្នភាពមេរៀនឱ្យទាន់សម័យកាល។
ជាមួយគ្នានេះ សម្តេចធិបតី បានសង្កត់ធ្ងន់ថា គុណភាពធនធានមនុស្សក្នុងវិស័យសុខាភិបាល គឺពាក់ព័ន្ធផ្ទាល់ទៅនឹងសុខភាព និងជីវិតរបស់ប្រជាជន។ សម្តេចបានមានប្រសាសន៍បន្ថែមយ៉ាងជ្រាលជ្រៅថា៖ «ខ្ញុំថា គ្រូពេទ្យមិនមែនជាទេវតាទេ ប៉ុន្តែធ្វើបេសកកម្មឱ្យទេវតា! មនុស្សឈឺ ធ្វើឱ្យជា មនុស្សឈឺធ្ងន់ ឱ្យទៅស្រាល ហើយអាចជា មនុស្សដែលជិតស្លាប់ អាចជួយសង្គ្រោះជីវិតបាន»៕
ដោយ៖ គង់ សិរីរ័ត្ន, រូបថត៖ គល់ រ៉េននី





