សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សញ្ញាបត្រដែលទទួលបានថ្ងៃនេះ មិនមែនជាចំណុចបញ្ចប់នៃការរៀនសូត្រនោះទេ ប៉ុន្តែជាចំណុចចាប់ផ្តើមនៃការរៀនសូត្រពេញមួយជីវិត
AKP ភ្នំពេញ ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦--សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងថា ប្អូនៗត្រូវចងចាំថា សញ្ញាបត្រដែលប្អូនៗទទួលបានថ្ងៃនេះ មិនមែនជាចំណុចបញ្ចប់នៃការរៀនសូត្រនោះទេ ប៉ុន្តែជាចំណុចចាប់ផ្តើមនៃការរៀនសូត្រពេញមួយជីវិត។ សម្ដេចធិបតីបានបញ្ជាក់ថា ចាប់ពីថ្ងៃនេះតទៅប្អូនៗត្រូវបន្តរៀន បន្តស្រាវជ្រាវ និងបន្តអភិវឌ្ឍន៍ខ្លួនឯងបន្ថែមទៀត ដើម្បីធានាថាប្អូនៗអាចផ្តល់សេវាសុខាភិបាលប្រកបដោយវិជ្ជាជីវៈ និងសុវត្ថិភាព។ ការថ្លែងបញ្ជាក់យ៉ាងដូច្នេះរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី ក្នុងពិធីអបអរសាទរខួប ៨០ឆ្នាំ នៃការបង្កើតសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងសម្ពោធអគារសិក្សាថ្មីចំនួន ២ខ្នង ព្រមទាំងប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភីនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នាព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា យើងពិតជាមានមោទនភាព ដោយសារយើងទទួលបានធនធានមនុស្សបន្ថែមសម្រាប់វិស័យសុខាភិបាល ក្នុងពេលដែលរាជរដ្ឋាភិបាលកំពុងតែជំរុញការអនុវត្តគោលនយោបាយគាំពារសង្គម ដោយបានសម្តែងនូវការអបអរសាទរ និងការសរសើរចំពោះនិស្សិតជ័យលាភីដែលបានខិតខំប្រឹងប្រែងឆ្លងកាត់ការសិក្សារហូតទទួលបានជោគជ័យគួរជាមោទនភាពនាពេលនេះ ដែលសមិទ្ធផលនេះកំពុងឆ្លុះបញ្ចាំងអំពីការប្តេជ្ញាចិត្តរបស់ប្អូនៗក្នុងការចូលរួមថែរក្សាសុខភាព និងការពារជីវិតរបស់ប្រជាពលរដ្ឋ។ សម្ដេចធិបតីបានលើកឡើងថា៖ «ជោគជ័យនេះគឺជាការលះបង់ គាំទ្រ និងទឹកចិត្តដ៏ធំធេងពីអាណាព្យាបាល និងក្រុមគ្រួសារ ព្រមទាំងការខិតខំបណ្តុះបណ្តាល និងណែនាំពីសំណាក់សាស្ត្រាចារ្យ និងបុគ្គលិកសិក្សានៃសាកលវិទ្យាល័យ។ ខ្ញុំក៏សូមថ្លែងអំណរគុណ និងការសរសើរចំពោះមាតាបិតា និងអាណាព្យាបាលដែលបានខិតខំប្រឹងប្រែងចិញ្ចឹមបីបាច់ អប់រំ និងគាំទ្រកូនក្មួយរហូតទទួលបានជោគជ័យ និងសូមចូលរួមអបអរសាទរចំពោះសមិទ្ធផលដ៏មានតម្លៃនេះ ដែលជាទីមោទនភាព និងជាក្ដីសង្ឃឹមរបស់គ្រួសារ និងសង្គមជាតិ។»
ជាមួយគ្នានេះ សម្តេចធិបតីនាយករដ្ឋមន្ត្រីសង្ឃឹមយ៉ាងមុតមាំថា ប្អូនៗនិស្សិតជ័យលាភីនឹងយកចំណេះដឹង និងជំនាញដែលបានក្រេបជញ្ជក់ទៅបំពេញតួនាទីជាអ្នកផ្តល់សេវាសុខាភិបាល អ្នកស្រាវជ្រាវ អ្នកអប់រំ អ្នកគ្រប់គ្រង និងជាអ្នកដឹកនាំសុខភាពនាពេលអនាគត ប្រកបដោយសីលធម៌វិជ្ជាជីវៈ សុចរិតភាព គុណធម៌ វិន័យ និងការទទួលខុសត្រូវចំពោះសង្គមជាតិ។ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏សូមវាយតម្លៃខ្ពស់ចំពោះសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ដែលតែងតែខិតខំបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តម ក្នុងការកសាងធនធានមនុស្សក្នុងវិស័យសុខាភិបាលនៅកម្ពុជាប្រកបដោយជំនាញច្បាស់លាស់ សីលធម៌វិជ្ជាជីវៈ និងមនុស្សធម៌អស់រយៈពេល ៨ ទសវត្សរ៍កន្លងមកនេះ។ សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបន្ដថា និស្សិតដែលបានបញ្ចប់ការបណ្តុះបណ្តាលដោយជោគជ័យពីសាកលវិទ្យាល័យសរុបជាង ៣ម៉ឺននាក់ ខណៈដែលនិស្សិតទទួលបានការងារក្នុងប្រព័ន្ធសុខាភិបាលកម្ពុជាមានរហូតដល់ជាង ៩៩% ហើយទន្ទឹមនេះ សាកលវិទ្យាល័យ បាន និងកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ដែលបានឆ្លុះបញ្ចាំងតាមរយៈការវិនិយោគជាបន្តបន្ទាប់លើហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងមិនមែនរូបវន្ត។

ក្នុងឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ៨០ឆ្នាំមុន គឺជាមរតកដ៏មានតម្លៃ ខណៈដែល ៨០ ឆ្នាំ ក្រោយ គឺជាបេសកកម្មដ៏អស្ចារ្យ ដោយត្រូវពុះពារប្រែក្លាយសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលទៅជាគ្រឹះស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈសុខាភិបាលឈានមុខមួយក្នុងតំបន់ ដែលមានការបណ្តុះបណ្តាលប្រកបដោយគុណភាព សំដៅកសាងធនធានមនុស្សក្នុង វិស័យសុខាភិបាល ឆ្ពោះទៅការសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ត្រឹមឆ្នាំ២០៣៥ ខាងមុខ៕
ដោយ៖ ចាន់ សុភឿន





