អ្នកជំនាញសេដ្ឋកិច្ចអំពាវនាវឱ្យកម្មករ និងនិយោជកពួតដៃគ្នារក្សាសុខដុមនីយកម្មក្នុងរោងចក្រ ដើម្បីរក្សាការងារ និងទាក់ទាញវិនិយោគ
AKP ភ្នំពេញ ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦--អ្នកជំនាញផ្នែកសេដ្ឋកិច្ចកម្ពុជា បានអំពាវនាវដល់កម្មករនិយោជិត និយោជក សហជីព និងភាគីពាក់ព័ន្ធ បន្តពួត ដៃគ្នាពង្រឹងសាមគ្គីភាព សហការគ្នា និងដោះស្រាយបញ្ហាតាមរយៈការចរចាដោយសន្តិវិធី និងស្របតាមច្បាប់ ដើម្បីរក្សាសុខដុមនីយកម្មនៅកន្លែងការងារ ការពារការងារ និងចូលរួមបង្កើនភាពទាក់ទាញរបស់កម្ពុជាសម្រាប់ការវិនិ យោគ។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញផ្នែកសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាបានលើកឡើងថា សុខដុមនីយកម្មរវាងកម្មករនិយោជិត និងនិយោជក គឺជាកត្តាសំខាន់សម្រាប់ធានាឱ្យដំណើរការផលិ តកម្មបន្តប្រព្រឹត្តទៅដោយរលូន ជួយរក្សាការងារ និងប្រាក់ចំណូលរបស់កម្មករ ព្រមទាំងបង្កើនទំនុកចិត្តរបស់អ្នកបញ្ជាទិញ និងវិនិយោគិនបរទេសចំពោះបរិយាកាសវិនិយោគនៅកម្ពុជា។
លោកបណ្ឌិតបន្តថា ក្នុងបរិបទដែលសេដ្ឋកិច្ច និងវិស័យផលិតកម្មកំពុងប្រឈមនឹងបញ្ហាប្រឈម កម្មករនិយោជិត និយោជក និងភាគីពាក់ព័ន្ធ គួររួមគ្នាជាកម្លាំងតែមួយ ដើម្បីរក្សាសកម្មភាពផលិតកម្ម និងធានានិរន្តរភាពការងារ។ ការរក្សាឱ្យរោងចក្រ និងសហគ្រាសអាចបន្តដំណើរការបានល្អ នឹងជួយធានាប្រភពចំណូលរបស់កម្មករ និងប្រជា ពលរដ្ឋ ហើយក្នុងរយៈពេលវែង ក៏អាចបង្កើតលក្ខខណ្ឌឱ្យប្រាក់ឈ្នួល និងស្ថានភាពការងារបន្តមានភាពប្រសើរឡើងផងដែរ។
លោកបណ្ឌិត គី សេរីវឌ្ឍន៍ បញ្ជាក់ថា៖«ខ្ញុំ យល់ថា បងប្អូនកម្មករនិយោជិត និងនិយោជក ព្រមទាំងភាគីពាក់ព័ន្ធទាំងអស់ គួរតែរួបរួមគ្នាជាកម្លាំងតែមួយ ដើម្បីធានាឱ្យកម្លាំងផលិតកម្មរបស់យើងកាន់តែមានភាពសកម្ម និងបន្តដំណើរទៅមុខនៅក្នុងស្ថានភាពលំបាកនេះ។ ការរួមគ្នានេះ នឹងជួយធានានិរន្តរភាពការងារ បង្កើនចំណូលរបស់កម្មករ និងប្រជាពលរដ្ឋ ហើយធ្វើឱ្យសេដ្ឋកិច្ចជាតិបន្តដំណើរការល្អ ដែលជាមូលដ្ឋានសម្រាប់ការកែលម្អប្រាក់ឈ្នួលនាពេលខាងមុខ»។

ជាមួយគ្នានេះ លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញផ្នែកសេដ្ឋកិច្ចនៅរាជបណ្ឌិត្យសភាកម្ពុជា បានសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហការរវាងកម្មករនិយោជិត និយោជក និងសហជីព ដោយចាត់ទុកការយោគយល់គ្នា និងសាមគ្គីភាពនៅកន្លែងការងារ ជាកត្តាចាំបាច់សម្រាប់រក្សាស្ថិរភាពក្នុងវិស័យផលិតកម្ម។
លោកបណ្ឌិតបានលើកឡើងថា នៅ ពេលមានបញ្ហា ឬវិវាទកើតឡើង ភាគីពាក់ព័ន្ធគួរប្រើប្រាស់យន្តការចរចាដោយសន្តិវិធី និងដោះស្រាយទៅតាម ច្បាប់ ដោយផ្តោតលើការការពារផល ប្រយោជន៍រួមរបស់កម្មករ និងនិយោជក។
លើសពីនេះ ការអនុវត្តច្បាប់បានល្អ ការធានាសិទ្ធិ និងផលប្រយោជន៍របស់ភាគីទាំងអស់ និងការពង្រឹងគុណភាពផលិតកម្ម គឺជាកត្តាដែលអាចជួយបង្កើនទំនុកចិត្តពីអ្នកបញ្ជាទិញអន្តរជាតិ និងពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជាជាមួយប្រទេសផ្សេងៗ។

លោកបណ្ឌិត ហុង វណ្ណៈ បញ្ជាក់ថា៖«ខ្ញុំចង់ឃើញកម្មករនិយោជិត និយោជក និងសហជីព បន្តសហការគ្នា ធ្វើការរួមគ្នា សាមគ្គីគ្នា និងមានការយោគយល់គ្នាឱ្យកាន់តែច្រើន។ នៅក្នុងកាលៈទេសៈនេះ យើងត្រូវតែយោគយល់ និងសាមគ្គីគ្នាឱ្យបានស្អិតរមួត ហើយប្រសិនបើមានបញ្ហាអ្វី គួរអង្គុយចរចាគ្នាដោយសន្តិវិធី និងដោះស្រាយទៅតាមច្បាប់ ដើម្បីធានាផលប្រយោជន៍រួមរបស់កម្មករ និងនិយោជក»។
ចំពោះអ្នកបញ្ជាទិញអន្តរជាតិ និងដៃគូពាណិជ្ជកម្ម ក៏កំពុងយកចិត្តទុកដាក់លើបរិយាកាសការងារ ការអនុវត្តច្បាប់ និងទំនាក់ទំនងរវាងកម្មករ និងនិយោជកផងដែរ។ ដូច្នេះការរក្សាបាននូវសុខដុមនីយកម្មក្នុងរោងចក្រ ការដោះស្រាយវិវាទដោយសន្តិវិធី និងការពង្រឹងគុណ ភាពផលិតកម្ម មិនត្រឹមតែជួយការពារផលប្រយោជន៍របស់កម្មករ និងនិយោជកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយលើក កម្ពស់ទំនុកចិត្តលើផលិតផលកម្ពុជា និងសមត្ថភាពប្រកួតប្រជែងនៅទីផ្សារអន្តរជាតិ។ នេះបើតាមការបញ្ជាក់បន្ថែមពីលោកបណ្ឌិត ហុង វណ្ណៈ។

ជាមួយគ្នានេះ អ្នកជំនាញសេដ្ឋកិច្ច បានលើកទឹកចិត្តដល់ភាគីពាក់ព័ន្ធ គួរបន្តផ្តោតលើការពង្រឹងគុណភាពផលិតផល ផលិតភាពការងារ និងសមត្ថភាពប្រកួតប្រជែង ដើម្បីធានាថាវិស័យផលិតកម្មកម្ពុជាអាចរក្សាទីផ្សារ ទាក់ទាញការវិនិយោគ និងបង្កើតការងារប្រកបដោយចីរភាពសម្រាប់ប្រជាពលរដ្ឋ៕
ដោយ៖ ប៊ុនរិទ្ធ





