ពិធីបើកសន្និសីទវិទ្យាសាស្រ្តរបស់សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល អបអរសាទរខួប៨០ឆ្នាំនៃការបង្កើតសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល
AKP ភ្នំពេញ ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦-- ពិធីបើកសន្និសីទវិទ្យាសាស្រ្តរបស់សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាក្រសួង និងឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវជាតិ និងអន្តរជាតិ សាស្រ្តាចារ្យ និងនិស្សិតនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល នាព្រឹកថ្ងៃអង្គារ ទី៦ ខែតុលា ឆ្នាំ២០២៦។

សន្និសីទវិទ្យាសាស្ត្រនេះពិតជាមានសារៈសំខាន់ និងស្របតាមទិសដៅអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងបុរេសកម្មរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលបានចាត់ទុក «ការលើកកម្ពស់សុខុមាលភាព និងសុខភាពប្រជាជន» ជាអាទិភាពមួយក្នុងចំណោមអាទិភាពគន្លឹះទាំង៥ នៃការអភិវឌ្ឍមូលធនមនុស្ស។ សន្និសីទនេះរៀបចំក្នុងគោលបំណងឆ្លើយតបយ៉ាងទាន់ពេលវេលាទៅនឹងបន្ទុកត្រួតគ្នានៃបញ្ហាសុខភាព រួមមាន៖ ជំងឺឆ្លង និងជំងឺមិនឆ្លង ដែលបន្តជាប្រធានសំខាន់ និងជាបេសកកម្មរួមសម្រាប់កម្ពុជា តំបន់ និងសកលលោក។

ក្នុងឱកាសនោះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីបានណែនាំដល់សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ឱ្យបន្តពង្រឹងបេសកកម្មស្នូលទាំងបីរបស់ខ្លួន៖ ការអប់រំ ការស្រាវជ្រាវ និងការបម្រើសង្គម។ ការអប់រំ ត្រូវរៀបចំអ្នកជំនាញសុខាភិបាលឱ្យមានចំណេះដឹង ជំនាញ និងសមត្ថភាព ព្រមទាំងក្រមសីលធម៌វិជ្ជាជីវៈ ដែលសមស្របនឹងប្រព័ន្ធសុខាភិបាលដែលកំពុងផ្លាស់ប្តូរ។ ការស្រាវជ្រាវ ត្រូវបង្កើតភស្តុតាងវិទ្យាសាស្ត្រ ដែលអាចឆ្លើយតបទៅនឹងអាទិភាពសុខាភិបាលរបស់កម្ពុជា។ ហើយការបម្រើសង្គម ត្រូវធានាថា ចំណេះដឹង និងការរកឃើញថ្មីៗរបស់យើង ត្រូវបានយកទៅប្រើប្រាស់ ដើម្បីផ្តល់ផលប្រយោជន៍ដល់អ្នកជំងឺ និងសហគមន៍។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីបានផ្តាំផ្ញើដល់និស្សិតសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ថា «ក្មួយៗទាំងអស់គ្នា គឺជាអនាគតនៃប្រព័ន្ធសុខាភិបាលកម្ពុជា»។ សាកលវិទ្យាល័យអាចផ្តល់ឱ្យក្មួយៗនូវចំណេះដឹង និងជំនាញ។ ប៉ុន្តែការទទួលខុសត្រូវដ៏សំខាន់បំផុតរបស់ក្មួយៗ គឺត្រូវយកចំណេះដឹង និងជំនាញទាំងនោះទៅប្រើប្រាស់ ដើម្បីបម្រើប្រជាជន។ ក្នុងនាមជា វេជ្ជបណ្ឌិត ឱសថការី ទន្តបណ្ឌិត គិលានុបដ្ឋាក អ្នកជំនាញសុខភាពសាធារណៈ អ្នកស្រាវជ្រាវ និងអ្នកដឹកនាំវិស័យសុខាភិបាលនាពេលអនាគត។ ក្មួយៗទាំងអស់គ្នា ឱ្យបន្តស្វែងយល់ ចង់ដឹង ចង់ឃើញ បន្តរៀនសូត្រ ជាប្រចាំបន្តទៀតពេញមួយអាជីព និងប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ។

ទន្ទឹមនឹងនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានចូលរួមអបអរសាទរដោយក្តីមោទន នាឱកាសខួប៨០ឆ្នាំនៃការបង្កើតសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ដែលជាគ្រឹះស្ថានមានប្រវត្តិដ៏យូរលង់ និងប្រកបដោយកិត្យានុភាព លើការបណ្តុះបណ្តាល អប់រំវេជ្ជបណ្ឌិត ទន្តបណ្ឌិត ឱសថការី គិលានុបដ្ឋាក គិលានុបដ្ឋាយិកា និងធនធានមនុស្សផ្នែកសុខាភិបាលជាច្រើនជូនដល់ព្រះរាជាណាចក្រកម្ពុជា។
លោកជំទាវបណ្ឌិតក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ជូនចំពោះថ្នាក់ដឹកនាំ គណៈគ្រប់គ្រង សាស្ត្រាចារ្យ វេជ្ជបណ្ឌិត បុគ្គលិក អតីតនិស្សិត និស្សិត និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមកសាង និងថែរក្សាកេរ្តិ៍ឈ្មោះរបស់ស្ថាប័នមួយនេះ ឱ្យក្លាយជាគ្រឹះស្ថានឧត្តមសិក្សាដែលបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យសុខាភិបាលដ៏សំខាន់មួយរបស់ជាតិ។ លោកជំទាវបណ្ឌិតបានបញ្ជាក់ផងដែរថា អតីតនិស្សិតជាច្រើនរូបដែលបានបញ្ចប់ការសិក្សានៅ ស.វ.ស. គឺបាននិងកំពុងបម្រើការងារនៅតាមមន្ទីរពេទ្យទូទាំងប្រទេស ស្ថាប័នរដ្ឋ បានចូលរួមជួយសង្គ្រោះ និងលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជារាប់លាននាក់ ស្របតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថា សុខភាពប្រជាជនគឺជាទ្រព្យធនដ៏សំខាន់មួយសម្រាប់ប្រទេសជាតិ។

ជាមួយគ្នានេះ លោកជំទាវបណ្ឌិតសង្ឃឹមយ៉ាងមុតមាំថា នាពេល៨០ឆ្នាំខាងមុខ សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលនឹងក្លាយជាដំណើរឆ្ពោះទៅរកឧត្តមភាព នវនុវត្តន៍ ប្រកបទៅដោយក្តីមេត្តា ករុណា សុច្ចរិតភាព និងស្មារតីបម្រើជាតិយ៉ាងពិតប្រាកដ៕
ដោយ ទេស ច័ន្ទសុធារី (ប្រភព៖ ក្រសួងសុខាភិបាល)





