អង្គការ NatureLife ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ដើម្បីអភិរក្សសត្វត្មាតនៅអាស៊ី
AKP ភ្នំពេញ ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦–កម្ពុជា ក្រោមការដឹកនាំរបស់ ក្រសួងបរិស្ថាន បានធ្វើជាម្ចាស់ផ្ទះនៃ កិច្ចប្រជុំលើកទី១១ របស់គណៈកម្មាធិការដឹកនាំថ្នាក់តំបន់អាស៊ី (RSC) ស្តីពីការអភិរក្សសត្វត្មាត ដែលបង្ហាញពីតួនាទីដ៏សំខាន់របស់កម្ពុជា ក្នុងការជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់ ដើម្បីអភិរក្សសត្វត្មាតដែលកំពុងរងការគំរាមកំហែងនៅអាស៊ី។

ប្រភពពីអង្គការ NatureLife បានឱ្យដឹងនៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៦ថា កិច្ចប្រជុំនេះ ដឹកនាំនៅកម្ពុជាដោយ ក្រសួងបរិស្ថាន និងមានការចូលរួមពីតំណាងរដ្ឋាភិបាលនៃប្រទេស បង់ក្លាដែស ឥណ្ឌា នេប៉ាល់ និងប៉ាគីស្ថាន រួមជាមួយ IUCN, SAVE, BirdLife International, NatureLife Cambodia, WCS, WWF, ACCB, Rising Phoenix និងដៃគូអភិរក្សដទៃទៀត។

សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងមីយ៉ាន់ម៉ា ក៏បានចូលរួមក្នុងនាមជាប្រទេសអ្នកសង្កេតការណ៍ ដែលជាឱកាសដ៏សំខាន់ក្នុងការពង្រឹងការចូលរួមរបស់ប្រទេសទាំងពីរ និងស្វែងរកលទ្ធភាពឆ្ពោះទៅរកការចូលជាសមាជិកផ្លូវការរបស់ RSC។ ក្នុងកិច្ចពិភាក្សាបានផ្តោតលើអាទិភាពរួមសំខាន់ៗ រួមមាន ការគំរាមកំហែងឆ្លងដែន ការគ្រប់គ្រងឱសថសត្វ ការបំពុលដោយសារធាតុពុល ការតាមដានចំនួនសត្វត្មាត តំបន់សុវត្ថិភាពសម្រាប់សត្វត្មាត (Vulture Safe Zones) ព្រមទាំងការពង្រឹងកិច្ចសហប្រតិបត្តិការបច្ចេកទេស និងការផ្លាស់ប្តូរព័ត៌មានរវាងប្រទេសដែលជាដែនជម្រករបស់សត្វត្មាត។ កិច្ចប្រជុំក៏បានឯកភាព អញ្ជើញមីយ៉ាន់ម៉ា និងឡាវ ឱ្យចូលជាសមាជិកថ្មីរបស់ RSC និងពង្រីកកិច្ចសហប្រតិបត្តិការឆ្លងដែនបន្ថែមទៀត រួមទាំងរវាង កម្ពុជា និងឡាវ។

ឯកឧត្តមបណ្ឌិត ស្រី ស៊ុនលាង អគ្គនាយក នៃអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ ក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារអភិរក្សសត្វត្មាតកម្ពុជា មានប្រសាសន៍ថា៖ «ការអភិរក្សសត្វត្មាតមិនអាចកំណត់ត្រឹមព្រំដែនប្រទេសនីមួយៗបានទេ។ តាមរយៈ RSC យើងអាចពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងប្រែក្លាយការប្តេជ្ញាចិត្តរួមរបស់យើងទៅជាសកម្មភាពអភិរក្សរួមគ្នានៅទូទាំងអាស៊ី»។ តាមរយៈការដឹកនាំរបស់ ក្រសួងបរិស្ថាន និងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល និងដៃគូអភិរក្សនៅទូទាំងតំបន់ កម្ពុជាកំពុងរួមចំណែកជំរុញសកម្មភាពរួមដែលចាំបាច់ ដើម្បីធានាអនាគតកាន់តែមានសុវត្ថិភាពសម្រាប់សត្វត្មាតនៅអាស៊ី ៕

ដោយ៖ណយ នឿន (ប្រភព៖NatureLife)





