ពលរដ្ឋជាង៤០០នាក់នៅទីសុវត្ថិភាពក្នុងខេត្តបន្ទាយមានជ័យទទួលការអប់រំស្តីពីការការពារជំងឺក្នុងរដូវទឹកជំនន់
AKP បន្ទាយមានជ័យ ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦-- ប្រជាពលរដ្ឋសរុបចំនួន៤១៩នាក់ ក្នុងនោះស្ត្រី ២៩៤នាក់ ដែលកំពុងស្នាក់នៅតាមទីសុវត្ថិភាពក្នុងមូលដ្ឋានស្រុកមង្គលបូរី និងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានទទួលការអប់រំផ្សព្វផ្សាយបន្ថែមស្តីពីការថែទាំសុខភាព និងវិធីការពារខ្លួនពីជំងឺផ្សេងៗដែលអាចកើតមានក្នុងអំឡុងពេលទឹកជំនន់។

សកម្មភាពនេះត្រូវបានរៀបចំឡើងនៅថ្ងៃទី២ និងថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ ដោយសាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ សហការជាមួយអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកមង្គលបូរី និងក្រុងសិរីសោភ័ណ ក្រោមការយកចិត្តទុកដាក់របស់ឯកឧត្តម អ៊ុ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ។
តាមរយៈព័ត៌មានដែលទទួលបានពីបណ្តាអនុសាខាក្រុង-ស្រុក អំពីការកើនឡើងនៃចំនួនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង និងត្រូវបានជម្លៀសមកកាន់ទីសុវត្ថិភាព ឯកឧត្តម អ៊ុ រាត្រី បានចាត់ឱ្យក្រុមប្រតិបត្តិសាខា សហការជាមួយអនុសាខាពាក់ព័ន្ធ ដឹកនាំអ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា ចុះអប់រំផ្សព្វផ្សាយដោយផ្ទាល់ដល់ប្រជាពលរដ្ឋនៅតាមទីសុវត្ថិភាព។ ក្នុងការអប់រំផ្សព្វផ្សាយនេះ មន្ត្រី អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា បានផ្តោតសំខាន់លើវិធានការថែទាំសុខភាពសហគមន៍ និងការការពារខ្លួនពីជំងឺដែលអាចកើតមានក្នុងស្ថានភាពទឹកជំនន់ ជាពិសេសវិធីការពារជំងឺរាគ និងជំងឺគ្រុនឈាម ព្រមទាំងការណែនាំអំពីវិធីសង្គ្រោះខ្លួនឯង និងជួយអ្នកដទៃក្នុងករណីពស់ចឹក។

ការផ្សព្វផ្សាយចំណេះដឹងសុខភាពនេះ មានសារៈសំខាន់ជាពិសេសនៅក្នុងរដូវទឹកជំនន់ ព្រោះការរស់នៅក្នុងទីជម្លៀស ឬទីសុវត្ថិភាពដែលមានមនុស្សច្រើន អាចបង្កើនហានិភ័យនៃការឆ្លងជំងឺ និងបញ្ហាសុខភាពផ្សេងៗ ប្រសិនបើមិនបានយកចិត្តទុកដាក់លើអនាម័យ បរិស្ថាន ទឹកប្រើប្រាស់ និងសុវត្ថិភាពផ្ទាល់ខ្លួន។ ជាមួយគ្នានេះ ការណែនាំអំពីការប្រុងប្រយ័ត្នចំពោះសត្វពស់ និងវិធីសង្គ្រោះបឋមក្នុងករណីពស់ចឹក ក៏ជាចំណុចសំខាន់មួយសម្រាប់ប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងតំបន់ទឹកលិច ដោយសារក្នុងអំឡុងពេលទឹកជំនន់ សត្វពស់អាចចូលទៅកាន់តំបន់ដែលមនុស្សរស់នៅ ដើម្បីស្វែងរកទីទួល ឬកន្លែងស្ងួត។

សម្រាប់សកម្មភាពអប់រំផ្សព្វផ្សាយខាងលើ នៅក្នុងមូលដ្ឋានស្រុកមង្គលបូរី មានប្រជាពលរដ្ឋចូលរួមសរុប ២៣៣នាក់ ក្នុងនោះស្ត្រី ១៧៧នាក់ ខណៈនៅក្នុងមូលដ្ឋានក្រុងសិរីសោភ័ណ មានចំនួន ១៨៧នាក់ ក្នុងនោះស្ត្រី ១១៧នាក់។ សកម្មភាពនេះបង្ហាញពីការយកចិត្តទុកដាក់របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ ក្នុងការរួមចំណែកការពារសុខភាព និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយគ្រោះធម្មជាតិ មិនត្រឹមតែតាមរយៈការផ្តល់ជំនួយសង្គ្រោះបន្ទាន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ចំណេះដឹង និងជំនាញចាំបាច់ ដើម្បីឱ្យប្រជាពលរដ្ឋអាចការពារខ្លួន និងក្រុមគ្រួសារបានកាន់តែល្អប្រសើរ ក្នុងអំឡុងពេលស្នាក់នៅទីសុវត្ថិភាព៕
ដោយ ឈុន សារ៉ាត





