ឯកឧត្តម ឃឹង នុភាព៖ យើងត្រូវរួមគ្នាបម្រើពលរដ្ឋអភិវឌ្ឍក្នុងឃុំរបស់យើងក្រោមដំបូល CPP
AKP កំពង់ធំ ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦--ឯកឧត្តម ឃឹង នុភាព ប្រធានក្រុមការងារចុះមូលដ្ឋានឃុំគោល ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ បានថ្លែងថា យើងត្រូវរួមគ្នាបម្រើពលរដ្ឋអភិវឌ្ឍក្នុងឃុំរបស់យើងក្រោមដំបូល CPPក្នុងកិច្ចប្រជុំរៀបចំការបោះឆ្នោតស្ទាបស្ទង់ជ្រើសរើសបេក្ខជនក្រុមប្រឹក្សាឃុំគោល អាណត្តិទី៦ឆ្នាំ២០២៧ នាព្រឹកថ្ងៃអាទិត្យ ទី៤ ខែតុលា ឆ្នាំ២០២៦ នៅទីស្នាក់ការគណបក្សឃុំគោលស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។

ឯកឧត្តមបានលើកឡើងថា គោលបំណងរបស់យើងគឺតែមួយមានន័យថាយើងជិះទូកតែមួយ ក្រោមដំបូលតែមួយដូច្នេះរាល់បញ្ហាណាមួយកើតឡើងហើយត្រូវតែរួមគ្នាគិត រួមគ្នាដោះស្រាយ ចៀសវាងការស្តីបន្ទោសគ្នាទៅវិញទៅមក ពិសេសក្រុមការងារគណបក្សមូលដ្ឋានដែលទាមទារឱ្យមានការលើកទឹកចិត្តបន្ថែមទៀត។

ឯកឧត្តមបានបន្តថា គណបក្សប្រជាជនកម្ពុជានៅតែជាគណបក្សតែមួយគត់ដែលបានចូលរួមយ៉ាងសកម្មនិងធំធេងជាទីបំផុតក្នុងការសង្គ្រោះប្រទេសកម្ពុជា និងមានការអភិវឌ្ឍឥតឈប់ឈរ ទាំងផ្នែកសេដ្ឋកិច្ច និងនយោបាយ ព្រមទាំងការជួយជ្រោមជ្រែងដល់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ពិសេសអ្នកដែលមានជីវភាពខ្វះខាតដោយមិនប្រកាន់និន្នាការនយោបាយឬសាសនាអ្វីឡើយ។

ឯកឧត្តម ឃឹង នុភាព សូមថ្លែងអំណរគុណដល់ក្រុមការងារទាំងអស់ដែលបានយកចិត្តទុក្ខដាក់ដោយមានការទទួលខុសត្រូវខ្ពស់ហើយសង្ឃឹមយ៉ាងមុតមាំថាយើងនឹងទទួលបានជោគជ័យសំរាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅថ្ងៃខាងមុខនេះ៕
ដោយ ស៊ុម វណ្ណា





