សមាគមទេសចរណ៍ខេត្តសៀមរាបស្នើឱ្យបង្កើនការផ្សព្វផ្សាយសក្ដានុពលទេសចរណ៍កម្ពុជា ទៅកាន់ទីផ្សារម៉ាឡេស៊ី ដើម្បីទាក់ទាញភ្ញៀវឱ្យកាន់តែច្រើន
AKP សៀមរាប ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦-- ក្នុងជំនួបទ្វេភាគី ឬ B2B ដើម្បីផ្លាស់ប្ដូរ និងផ្សព្វផ្សាយវិស័យទេសចរណ៍រវាងកម្ពុជា និងម៉ាឡេស៊ី នៅខេត្តសៀមរាប នាថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦នេះ លោក ម៉ៅ សាវ៉ាត ប្រធានសមាគមទេសចរណ៍កម្ពុជាសាខាខេត្តសៀមរាប បានជំរុញឱ្យមានការពង្រីកសកម្មភាពផ្សព្វផ្សាយ ពីសក្ដានុពលទេសចរណ៍កម្ពុជា ទៅកាន់ភ្ញៀវទេសចរមកពីប្រទេសម៉ាឡេស៊ី ឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ស្របពេលដែលម៉ាឡេស៊ី កំពុងក្លាយជាគោលដៅទេសចរណ៍ដ៏ពេញនិយម សម្រាប់ប្រជាពលរដ្ឋកម្ពុជាទៅកម្សាន្ត និងទេសចរណ៍សុខភាព។ 
លោក ម៉ៅ សាវ៉ាត បានលើកឡើងថា ការធ្វើដំណើរទៅទទួលសេវាសុខាភិបាល នៅប្រទេសម៉ាឡេស៊ី កំពុងក្លាយជាគោលដៅដ៏ពេញនិយមសម្រាប់ទេសចរកម្ពុជា ក្រោយពេលមានជម្លោះព្រំដែន។ វាក៏ជាឱកាសមួយសម្រាប់វិស័យទេសចរណ៍ ដោយមានពលរដ្ឋកម្ពុជាកាន់តែច្រើនស្វែងរកសេវាព្យាបាលនៅទីនោះ។ លោកថា ប្រតិបត្តិករអាចបង្កើតកញ្ចប់ដែលភ្ជាប់ការព្យាបាល និងការសម្រាកក្រោយព្យាបាល ជាមួយសេវាសុខុមាលភាព និងដំណើរកម្សាន្ត។ តាមរយៈយុទ្ធសាស្ត្រផ្សព្វផ្សាយគោលដៅទាំងនេះ យើងរំពឹងថានឹងអាចទាក់ទាញចំណាប់អារម្មណ៍ពីសំណាក់ភ្ញៀវទេសចរ និងអ្នកវិនិយោគម៉ាឡេស៊ីឱ្យមកទស្សនាកម្ពុជាឱ្យកាន់តែច្រើន។ 
លោកសង្ឃឹមថា តាមរយៈជំនួបនាពេលនេះនឹងអាចជួយឱ្យអ្នកផ្ដល់សេវាទេសចរណ៍ម៉ាឡេស៊ី យល់ច្បាស់ពីទីផ្សារកម្ពុជា ហើយឱ្យភ្នាក់ងារទេសចរណ៍កម្ពុជាស្គាល់ផលិតផល និងកញ្ចប់ទេសចរណ៍ថ្មីៗរបស់ម៉ាឡេស៊ីបន្ថែមទៀត។ ជំនួបនេះក៏នឹងនាំឱ្យមានដៃគូថ្មី កញ្ចប់ទេសចរណ៍ថ្មី និងការផ្សព្វផ្សាយរួម ដែលអាចបង្កើនចំនួនភ្ញៀវទេសចររវាងប្រទេសទាំងពីរ។ វាជាឱកាសល្អសម្រាប់វិស័យទេសចរណ៍រវាងម៉ាឡេស៊ី និងកម្ពុជាយើង ជាពិសេសខេត្តសៀមរាបនេះ គឺដើម្បីផ្លាស់ប្ដូរយោបល់គ្នា ដើម្បីរៀនគ្នាទៅវិញទៅមក ហើយធ្វើការការងារ ដើម្បីវិស័យទេសចរណ៍ទាំងពីរប្រទេស។ លោកថា បច្ចុប្បន្នយើងមានតំបន់ទេសចរណ៍ យើងមានភោជនីយដ្ឋាន ដែលអាចផ្ដល់ជាហាឡាល និងជាប្រហ្វី សម្រាប់ទេសចរណ៍អ៊ីស្លាម សម្រាប់តម្រូវការភ្ញៀវទេសចរម៉ាឡេស៊ី។ នេះគឺជាចំណុចសំខាន់ ដែលផ្សារភ្ជាប់នឹងតម្រូវការភ្ញៀវទេសចរក្រៅពីតំបន់ទេសចរណ៍ ស្របពេលម៉ាឡេស៊ីផ្សព្វផ្សាយយុទ្ធនាការ ឆ្នាំទស្សនាម៉ាឡេស៊ី ២០២៦-២០២៧។ 
លោកស្រី បៃហ្សូរី បាហ្វារ៉ុម (Baizuri Baharum) នាយិកាផ្នែកផ្សព្វផ្សាយអន្តរជាតិ ប្រចាំតំបន់អាស៊ីអាគ្នេយ៍ នៃក្រុមប្រឹក្សាទេសចរណ៍ម៉ាឡេស៊ី បានបង្ហាញសញ្ញាជាវិជ្ជមាន និងរីករាយចំពោះកំណើនទេសចរកម្ពុជាទៅកាន់ម៉ាឡេស៊ី។ ម៉ាឡេស៊ីបានទទួលភ្ញៀវទេសចរពីកម្ពុជាចំនួន ៤៨ ០២៨ នាក់ ក្នុងឆមាសទី១ ឆ្នាំ២០២៦ កើនឡើង ៥២,៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ ម៉ាឡេស៊ីទទួលបានទេសចរកម្ពុជាជាង៣ម៉ឺននាក់ ខណៈបច្ចុប្បន្នកម្ពុជា-ម៉ាឡេស៊ី មានជើងហោះហើរនឹងគ្នា ៥១ជើងក្នុងមួយសប្តាហ៍។ លោកស្រីបានចាត់ទុកជំនួបធុរកិច្ចទ្វេភាគីនៅពេលនេះ ថាមានសារសំខាន់ ក្នុងការជំរុញទីផ្សារទេសចរណ៍បន្ថែមរវាងប្រទេសទាំងពីរ៕ 
ដោយ ឃុត សៅ





