សម្ដេចធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា គម្រោងពង្រីកដាក់អំពូលសូឡាចំនួន ១៣ រាជធានី-ខេត្ត ប្រវែង ១ ២០០ គីឡូម៉ែត្រ និងចំណាយថវិកា ៦លានដុល្លារ
AKP ពោធិ៍សាត់ ថ្ងៃទី១ ខែតុលា ឆ្មាំ២០២៦--សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានគូសបញ្ជាក់ពីគម្រោងពង្រីកដាក់អំពូលសូឡានៅតាមដងផ្លូវនានាចំនួន ១៣ រាជធានី-ខេត្ត ដែលមានប្រវែង ១ ២០០ គីឡូម៉ែត្រ និងចំណាយថវិកា ៦ លានដុល្លារអាម៉េរិក។ ការគូសបញ្ជាក់របស់សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបែបនេះ ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១០ ប្រវែងសរុប ១៩៨,៥១៨ គីឡូម៉ែត្រ ស្ថិតនៅស្រុកលវាលវែង ខេត្ដពោធិ៍សាត់ នាព្រឹកថ្ងៃ ទី១ ខែតុលា ឆ្នាំ២០២៦។

ក្នុងឱកាសនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងជំហានទី១ រាជរដ្ឋាភិបាល មានគម្រោងពង្រីកទៅបណ្ដារាជធានី-ខេត្ត ចំនួន ១៣ មានចម្ងាយប្រមាណ ១ ២០០ គីឡូម៉ែត្រ ដោយគ្រោងបំពាក់អំពូលដើរដោយពន្លឺព្រះអាទិត្យ។ សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានបញ្ជាក់ថា៖ «ជំហានមួយឥឡូវគម្រោងពង្រីក ១៣ ខេត្ត ដែលគ្រោងដាក់ផ្លូវដាក់អំពូលសូឡា ១៣ខេត្ត ១២០០គីឡូម៉ែត្រ នៅទូទាំងប្រទេស ចំណាយថវិកា ៦លានដុល្លារអាម៉េរិក ដើម្បីគ្រោងដាក់ជំហានមួយនេះ ហើយអគ្គិសនីកម្ពុជា បានបន្ដជួយជំរុញការងារនេះ»។

ជាមួយគ្នានោះដែរសម្ដេចធិបតីនាយករដ្ឋមន្ត្រីបានលើកឡើងថា សម្រាប់រាជធានី-ខេត្ត ទាំង១៣ នោះ រួមមាន ៖ រាជធានីភ្នំពេញ, ខេត្តកណ្ដាល, កំពង់ឆ្នាំង, បាត់ដំបង, បន្ទាយមានជ័យ, សៀមរាប, កំពង់ចាម, កំពង់ស្ពឺ, តាកែវ, ព្រះសីហនុ, កោះកុង, កំពត និងខេត្តកែប។ សម្ដេចធិបតីនាយករដ្ឋមន្ដ្រី បានថ្លែងការគាំទ្រចំពោះការអនុវត្តគ្រោងដាក់អំពូលសូឡានៅតាមដងផ្លូវនានា ហើយនឹងពង្រីកឱ្យទៅដល់ ២៥ រាជធានី-ខេត្ត ផងដែរ៕
ដោយ៖ ប៊ុនរិទ្ធ





