ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំកម្លាំងបន្តជម្លៀសប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅក្រុងសិរីសោភ័ណ
AKP បន្ទាយមានជ័យ ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦--ខណៈដែលស្ថានភាពទឹកជំនន់នៅតំបន់មួយចំនួនក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បន្តកើនឡើង និងជន់លិចលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ បានដឹកនាំកងកម្លាំងនគរបាលចុះប្រតិបត្តិការជួយសង្គ្រោះ និងជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព ដើម្បីធានាសុវត្ថិភាពអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ។

យោងតាមរបាយការណ៍ បានឱ្យដឹងថា ស្ថានភាពទឹកជំនន់នៅក្រុងសិរីសោភ័ណ កើតឡើងដោយសារទឹកហូរស្រុងពីតំបន់ខាងលើនៃក្រុងប៉ោយប៉ែត រួមផ្សំនឹងទឹកភ្លៀងដែលបានធ្លាក់ជាប់ៗគ្នាក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមក ធ្វើឱ្យកម្ពស់ទឹកនៅស្ទឹងសិរីសោភ័ណកើនឡើង និងបន្តហូរចូលតំបន់តាមដងស្ទឹង ព្រមទាំងតំបន់ទំនាបមួយចំនួន។
តំបន់ដែលរងផលប៉ះពាល់ខ្លាំង រួមមាន សង្កាត់ព្រះពន្លា សង្កាត់អូរអំបិល និងសង្កាត់ទឹកថ្លា ដែលទឹកបានជន់លិចលំនៅដ្ឋាន និងបង្កការលំបាកដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ ស្ថានភាពនេះបានជំរុញឱ្យអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចបន្តចុះអន្តរាគមន៍ជាប្រចាំ ដើម្បីតាមដានស្ថានភាពទឹក និងជួយសម្រួលការជម្លៀសប្រជាពលរដ្ឋទៅកាន់ទីតាំងដែលមានសុវត្ថិភាព។

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ក្រុងសិរីសោភ័ណបានជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាពចំនួន ៣២៧គ្រួសារ ខណៈដែលផលប៉ះពាល់ក្នុងវិស័យកសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធក៏មានទំហំគួរឱ្យកត់សម្គាល់ ដោយមានដំណាំស្រូវរងផលប៉ះពាល់ចំនួន ១.៦៣៥ហិកតា ដំណាំរួមផ្សំ ២ហិកតា និងដំណាំស្រូវខូចខាត ១២០ហិកតា។ ចំណែកផ្លូវរងផលប៉ះពាល់មានចំនួន ១២៨កន្លែង ស្មើនឹង ៤៥.៤៦៨ម៉ែត្រ។
ក្នុងឱកាសចុះប្រតិបត្តិការជួយប្រជាពលរដ្ឋនោះ លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឱ្យបង្កើនការប្រុងប្រយ័ត្នចំពោះស្ថានភាពទឹកជំនន់ ជាពិសេសប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹង និងតំបន់ទំនាប។ លោកបានណែនាំថា ប្រសិនបើស្ថានភាពទឹកមានការកើនឡើង សូមប្រញាប់ជម្លៀសខ្លួន ក្រុមគ្រួសារ និងសម្ភារៈចាំបាច់ទៅកាន់ទីទួលសុវត្ថិភាព ឬទីតាំងដែលអាជ្ញាធរបានកំណត់។
លោកឧត្តមសេនីយ៍ត្រីក៏បានស្នើឱ្យប្រជាពលរដ្ឋអនុវត្តតាមការណែនាំរបស់អាជ្ញាធរ និងសមត្ថកិច្ច ដើម្បីចូលរួមការពារសុវត្ថិភាពអាយុជីវិត និងទ្រព្យសម្បត្តិ ព្រមទាំងសហការជាមួយកម្លាំងមានសមត្ថកិច្ចក្នុងករណីត្រូវការជម្លៀសជាបន្ទាន់ផងដែរ។

ជាមួយគ្នានេះ របាយការណ៍ផលប៉ះពាល់ និងខូចខាតដោយសារគ្រោះទឹកជំនន់របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបន្ទាយមានជ័យ បានបង្ហាញថា គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ស្ថានភាពទឹកជំនន់បានប៉ះពាល់ដល់ ៦ស្រុក/ក្រុងនៅក្នុងខេត្ត។
ជារួម ប្រជាពលរដ្ឋដែលត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាពមានចំនួនសរុប ២.៤៣៤គ្រួសារ។ ដំណាំស្រូវរងផលប៉ះពាល់សរុប ១៨.០២៦ហិកតា ដំឡូងមី ៩៨ហិកតា និងដំណាំរួមផ្សំ ៣ហិកតា ខណៈដែលដំណាំស្រូវខូចខាតសរុប ៤៣០ហិកតា។ ចំណែកផ្លូវដែលរងផលប៉ះពាល់មានចំនួន ៣៤៥កន្លែង ស្មើនឹង ១៨៧.៦៨៤ម៉ែត្រ។
តួលេខនេះបង្ហាញពីទំហំផលប៉ះពាល់ដែលកំពុងកើតមាននៅតាមតំបន់រងគ្រោះ និងបញ្ជាក់ពីតម្រូវការឱ្យមានការបន្តតាមដានស្ថានភាពទឹក ការត្រៀមកម្លាំង សម្ភារៈសង្គ្រោះ និងទីទួលសុវត្ថិភាព ដើម្បីឆ្លើយតបឱ្យបានទាន់ពេលវេលា ជាពិសេសក្នុងករណីកម្ពស់ទឹកបន្តកើនឡើង។

ក្នុងស្ថានភាពបែបនេះ ការចូលរួមអនុវត្តតាមការណែនាំរបស់អាជ្ញាធរ ការជម្លៀសមុនពេលទឹកឡើងខ្លាំង និងការយកចិត្តទុកដាក់លើកុមារ មនុស្សចាស់ និងអ្នកងាយរងគ្រោះ គឺជាវិធានការសំខាន់សម្រាប់កាត់បន្ថយហានិភ័យ និងការពារសុវត្ថិភាពប្រជាពលរដ្ឋនៅក្នុងតំបន់ដែលកំពុងប្រឈមនឹងគ្រោះទឹកជំនន់៕
ដោយ៖ ឈុន សារ៉ាត





