វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) នឹងរៀបចំឡើងចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ នៅកោះពេជ្រ
AKP ភ្នំពេញ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦-- វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) ដែលជាព្រឹត្តិការណ៍លើវិស័យកសិកម្មដ៏ធំលើកទី២ នឹងរៀបចំឡើងចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ នៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ក្នុងរាជធានីភ្នំពេញ។

វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ និងជំរុញការកែច្នៃផលិផលកសិ-ស្បៀងអាហារកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។

ថ្លែងក្នុងអង្គសន្និសីទ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍នៃការរៀបចំ CAFE26 នេះដើម្បីផ្សារភ្ជាប់តួអង្គពាក់ព័ន្ធទាំងអស់ក្នុងខ្សែច្រវាក់តម្លៃកសិកម្ម រួមមាន៖ កសិករ អាជីវករ អ្នកផលិត អ្នកកែច្នៃ ពាណិជ្ជករ វិនិយោគិន អ្នកតាក់តែងគោលនយោបាយ ដៃគូអភិវឌ្ឍន៍នានា និងសាធារណជន។ វេទិកានេះក៏នឹងបង្ហាញពីសក្តានុពលនៃវិស័យកសិកម្ម ដោយផ្តោតលើការលើកកម្ពស់ការកែច្នៃ ការប្រើប្រាស់បច្ចេកវិទ្យាទំនើប ការបង្កើតប្រព័ន្ធឌីជីថលដោះស្រាយបញ្ហាប្រឈម និងការបណ្តុះបណ្តាលសមត្ថភាពយុវជនជំនាន់ក្រោយផងដែរ។

ជាមួយគ្នានេះ ឯកឧត្តម ឃឹម ហ្វីណង់ បានបញ្ជាក់ថា ការរៀបចំវេទិកា CAFE26 មិនមែនផ្តោតតែលើការតាំងពិព័រណ៍នោះទេ ប៉ុន្តែជាផ្នែកមួយនៃការជំរុញការអភិវឌ្ឍវិស័យកសិកម្ម តាមរយៈការតភ្ពាប់ខ្សែច្រវាក់តម្លៃឱ្យបានពេញលេញ ត្រូវការកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធ។

ឯកឧត្តមក៏បានលើកទឹកចិត្ត ដល់ស្ថាប័នព័ត៌មានទាំងអស់ ចូលរួមផ្សព្វផ្សាយព្រឹត្តិការណ៍នេះ ឱ្យបានទូលំទូលាយ ទៅដល់សាធារណជន និងអ្នកផលិតផ្ទាល់ ឱ្យត្រៀមខ្លួនចូលរួមក្នុងវេទិកា ដ៏មានសារសំខាន់នាពេលខាងមុខ៕
ដោយ៖ មករា





