រដ្ឋបាលខេត្តកណ្ដាល បើកកិច្ចប្រជុំពិគ្រោះយោបល់ ស្ដីពីកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៧-២០២៩
AKP កណ្តាល ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦--រដ្ឋបាលខេត្តកណ្ដាល កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ បានបើកកិច្ចប្រជុំវេទិកាពិគ្រោះយោបល់ ស្ដីពី «ការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត (២០២៧-២០២៩)» ដោយមានការអញ្ជើញចូលរួមពីលោក ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្ដាល សមាជិកក្រុមប្រឹក្សាខេត្ត តំណាងមន្ទីរ-អង្គភាពពាក់ព័ន្ធ និងរដ្ឋបាលក្រុង-ស្រុកទាំង១៣ ។

ថ្លែងក្នុងពិធីបើកកិច្ចប្រជុំ លោក ប្រាក់ សារ៉ាត បានបញ្ជាក់ថា គោលបំណងសំខាន់នៃកិច្ចប្រជុំនាពេលនេះ គឺដើម្បីអនុវត្តគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលតម្រូវឱ្យមានការឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ការបង្ខិតសេវាឱ្យនៅជិតប្រជាពលរដ្ឋ និងការចូលរួមលើកកម្ពស់កម្រិតជីវភាពរស់នៅ សំដៅកាត់បន្ថយភាពក្រីក្រ។ ទាំងអស់នេះជាការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ អាជ្ញាធរក្រុង-ស្រុក និងអង្គភាពពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់លើសំណើគម្រោងនានាដែលបានស្នើឡើង ធ្វើយ៉ាងណាឱ្យសមស្របទៅតាមលក្ខណៈវិនិច្ឆ័យដែលបានកំណត់ក្នុងសៀវភៅណែនាំ។ ការរៀបចំកម្មវិធីវិនិយោគ ៣ឆ្នាំរំកិល របស់រដ្ឋបាលនីមួយៗ ត្រូវឆ្លងកាត់តាមជំហានសំខាន់ៗចំនួន៣ ដែលក្នុងជំហាននីមួយៗសុទ្ធតែបានឆ្លុះបញ្ចាំងឱ្យឃើញនូវគោលការណ៍មូលដ្ឋានចម្បងៗនៃការចូលរួមពិគ្រោះយោបល់ និងការចែករំលែកព័ត៌មានពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។

នាឱកាសនោះដែរ លោកអភិបាលរងខេត្ត ក៏បានផ្តាំផ្ញើដល់អាជ្ញាធរក្រុង-ស្រុក និងមន្ទីរពាក់ព័ន្ធ ដើម្បីឱ្យការរៀបចំកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) ទទួលបានជោគជ័យ ដោយត្រូវអនុវត្តនូវចំណុចសំខាន់ៗដូចខាងក្រោម៖ កំណត់បញ្ហាស្នូល មូលហេតុ និងដំណោះស្រាយឱ្យបានច្បាស់លាស់ ត្រូវកំណត់គោលនយោបាយ និងតួនាទីភារកិច្ចរបស់ខ្លួនឱ្យបានច្បាស់លាស់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់មូលដ្ឋាន។ ត្រូវចូលរួមក្នុងដំណើរការកសាងកម្មវិធីវិនិយោគ ដោយផ្តល់ព័ត៌មានឱ្យបានទាន់ពេលវេលាតាមការកំណត់ ដើម្បីឱ្យដំណើរការប្រព្រឹត្តទៅស្របតាមប្រតិទិនការងារដែលបានគ្រោងទុក។ រៀបចំអាទិភាពគម្រោង៖ ត្រូវចាត់អាទិភាពគម្រោងដើម្បីអនុវត្តឱ្យស្របតាមតម្រូវការជាក់ស្តែងនៅក្នុងមូលដ្ឋាន។ ពង្រឹងកិច្ចសហការ និងអនុវត្តតាមនីតិវិធី៖ ក្រុមការងារបូកសរុប និងអ្នកសម្របសម្រួលត្រូវខិតខំឱ្យអស់លទ្ធភាព។ ប្រសិនបើមានបញ្ហាប្រឈម ត្រូវរាយការណ៍ និងសុំយោបល់ពីប្រធានក្រុមការងារដើម្បីដោះស្រាយបានទាន់ពេលវេលា ជាពិសេសត្រូវអនុវត្តតាមនីតិវិធីដែលថ្នាក់ជាតិបានណែនាំ ដោយមិនត្រូវរំលងសកម្មភាពណាមួយឡើយ៕

ដោយ៖ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





