កាកបាទក្រហមកម្ពុជាខេត្តរតនគិរីរៀបចំធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក
AKP ភ្នំពេញ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦--សាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី នៅព្រឹកថ្ងៃទី៣០ ខែ កញ្ញា ឆ្នាំ ២០២៦ នេះ លោកឌឹម ណាត នាយកប្រតិបត្តិសាខា សហការជាមួយអាជ្ញាធស្រុកអូរយ៉ាដាវ អនុសាខាស្រុកបានដឹកនាំ រៀបចំធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយពីសុវត្ថិ ភាពចរាចរណ៍ផ្លូវគោក ជូនដល់សាធារណជនអ្នកប្រើប្រាស់ផ្លូវសាធារណៈក្នុងទីរួមស្រុកអូរយ៉ាដាវ ក្នុងគោលដៅចូលរួមលើកកម្ពស់សុវត្ថិភាពចរាចរណ៍ ផ្លូវគោក ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវនានា ខណៈបញ្ហានេះបាននិងកំពុងក្លាយទៅជាប្រធានបទមួយយ៉ាងសំខាន់ សម្រាប់ប្រទេសកម្ពុជា ដែលត្រូវទាមទារឱ្យមាន ការចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានគ្រប់គ្នា។

លោកឌឹម ណាត បានលើកឡើងថា យុទ្ធនាការនេះ មានគោលបំណង ដើម្បីផ្សព្វផ្សាយដល់សិស្សានុសិស្ស និងសាធារណៈជនឱ្យដឹងពីច្បាប់ចរាចរណ៍ផ្លូវគោក ត្រូវពាក់មួកសុវត្ថិភាព ឱ្យបានត្រឹមត្រូវគ្រប់ពេលធ្វើដំណើរ បើកបរត្រូវចេះអធ្យាស្រ័យគ្នា មិនបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង និងបើកបរមិនលើសល្បឿនកំណត់ និងទុកសិទ្ធិអាទិភាពជូនជនពិការពេលប្រើប្រាស់ផ្លូវ ដើម្បីឈានទៅដល់ការកាត់បន្ថយអត្រាស្លាប់ ពិការ និងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ និងពញ្ញាក់ស្មារតី ដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ ជាពិសេសសិស្សានុសិស្ស ឱ្យមានការប្រុងប្រយ័ត្ន នៅពេលធ្វើដំណើរតាមដងផ្លូវ និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន ដើម្បីជៀសវាងបាននូវគ្រោះថ្នាក់ចរាចរណ៍ ដែលអាចកើតមានឡើងជាយថាហេតុ ។

សាខាកាកបាទក្រហមកម្ពុជាខេត្ត តែងតែធ្វើយុទ្ធនាការលើកកម្ពស់សុវត្ថិភាពចរាចរណ៍នេះ ជារៀងរាល់ឆ្នាំ ព្រោះកាក បាទក្រហមកម្ពុជា ជាសមាជិកថ្នាក់ជាតិរបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងដើម្បីឆ្លើយតបទៅនឹងផែនការយុទ្ធសាស្ត្រឆ្នាំ២០២១-២០៣០ កាកបាទក្រហមកម្ពុជា និងការអំពាវនាវរបស់រាជរដ្ឋាភិបាលកម្ពុជា សូមឱ្យស្ថាប័នពាក់ព័ន្ធរួមគ្នាចូល រួមកាត់បន្ថយអត្រាស្លាប់ របួសធ្ងន់ និងពិការដោយសារគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាតាមតែអាចធ្វើទៅបាន។ គ្រោះថ្នាក់ចរាចរណ៍ជាបញ្ហាប្រឈមចម្បងមួយ បានសំលាប់ប្រជាពលរដ្ឋខ្មែរជាច្រើនពាន់នាក់ ក្នុង១ឆ្នាំៗ។

យុទ្ធនាការនេះមានសំណួរ-ចំលើយដើម្បីដាស់ស្មារតីដល់បងប្អូរប្រជាពលរដ្ឋឱ្យចូលរួមគោរពច្បាប់ចរាចរណ៍ទាំងគ្នាដើម្បីសុវត្ថិភាពរបស់ខ្លួន និង ចែកខិតប័ណ្ណអប់រំជូនដល់អ្នកអ្នកបើកបររថយន្ត តាមដងផ្លូវជាង១០០០សន្លឹក ព្រមទាំងមួកសុវត្ថិភាពចំនួន៥០មួកជូនដល់អ្នកឆ្លើយសំណួរត្រូវជូនអ្នកបើកបរម៉ូតូផងដែរ៕

ដោយ៖ ពេជ្រ សំអឿន(ប្រភព៖កាកបាទក្រហមកម្ពុជា)





