ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ស្ដេចយាងមកដល់មាតុប្រទេសវិញ ប្រកបដោយព្រះរាជសុវត្ថិភាព
AKP ភ្នំពេញ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦--បន្ទាប់ពីបានគង់ប្រថាប់ដើម្បីពិនិត្យព្រះរាជសុខភាពរយៈពេល១ខែ នៅឯទីក្រុងប៉េកាំ នៃសាធារណរដ្ឋប្រជាមានិតចិន ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេបានសព្វព្រះរាជហឬទ័យ ស្ដេចយាងមកដល់មាតុប្រទេសប្រកបដោយព្រះរាជសុវត្ថិភាព នារសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ តាមព្រះទីនាំងយន្តហោះពិសេស។

យាងនិងអញ្ជើញថ្វាយព្រះរាជដំណើរយាងមកដល់របស់ព្រះអង្គទាំងទ្វេ នៅឯព្រលានយន្តហោះអន្តរជាតិតេជោ មានវត្តមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនិងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សម្ដេចមហារដ្ឋសភាធិការបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ព្រមទាំងសម្ដេច ឯកឧត្ដម លោកជំទាវ ជាសមាជិកសមាជិកា ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងមន្ត្រីអ្នកមុខអ្នការជាច្រើនរូបទៀត។ ដោយឡែក តំណាងស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ក៏មានវត្តមានក្នុងឱកាសនោះផងដែរ។


គួរបញ្ជាក់ដែរថា ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ បានយាងទៅកាន់សាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦៕


ដោយ៖ ជឹម ណារី





