អភិបាលខេត្តបាត់ដំបង៖ ស្ថានភាពជំនន់ទឹកភ្លៀងនៅខេត្តបាត់ដំបង បានស្រកចុះជាបន្តបន្ទាប់
AKP បាត់ដំបង ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦--ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានបញ្ជាក់ឱ្យដឹងថា គិតត្រឹមល្ងាចថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ស្ថានភាពជំនន់ទឹកភ្លៀងនៅក្នុងខេត្តបាត់ដំបងបានស្រកចុះជាបន្តបន្ទាប់ ។

ឯកឧត្តម អភិបាលខេត្តបាត់ដំបង មានប្រដាសន៍ដូចនេះ នៅរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ពេលចុះពិនិត្យផ្លូវមួយខ្សែដែលរងការខូចខាតដោយជំនន់ទឹកភ្លៀងបណ្ដាលឱ្យប៉ះពាល់ខ្លាំងដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ខណៈផ្លូវមួយខ្សែនេះជាផ្លូវសេដ្ឋកិច្ចដ៏សំខាន់តភ្ជាប់ពីឃុំចំនួន ៣ក្នុងស្រុកសង្កែ ។ ការស្ដារជួសជុលផ្លូវដែលរងការខូចខាតដោយជំនន់ទឹកភ្លៀងជាកិច្ចការអាទិភាពដែលត្រូវដោះស្រាយបន្ទាន់ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ ឯកឧត្តម អភិបាលខេត្ត ក៏បានណែនាំដល់អាជ្ញាធរស្រុក ឃុំ ត្រូវប្រើប្រាស់កម្លាំងសរុប និងមធ្យោបាយសរុបដើម្បីជួយដល់ប្រជាពលរដ្ឋ ។

លោក សេក ផានិត មេឃុំអូរដំបង១ ស្រុកសង្កែ បានឱ្យដឹងថា ផ្លូវមួយខ្សែដែលមានប្រវែងជាង៩គីឡូម៉ែត្រត្រូវបានកាត់ផ្ដាច់ជាច្រើនកន្លែងដោយសារជំនន់ទឹកភ្លៀង និងបណ្ដាលឱ្យប៉ះពាល់ដល់ការធ្វើដំណើរប្រជាពលរដ្ឋចំនួន៥ភូមិជិត៣ពាន់គ្រួសារ។

សូមជម្រាបថា ជំនន់ទឹកភ្លៀងនៅខេត្តបាត់ដំបង បានបណ្តាលឱ្យផ្ទះប្រជាពលរដ្ឋទាំង ១៤ក្រុង ស្រុករងផលប៉ះពាល់រាប់ម៉ឺនខ្នង ដំណាំរាប់ម៉ឺនហិកតា និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនផ្សេងទៀត ៕
ដោយ៖ ណយ នឿន (ប្រភព៖រដ្ឋបាលខេត្តបាត់ដំបង)





