រដ្ឋមន្ត្រីពាណិជ្ជកម្មតួកគីនឹងទៅបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក ដើម្បីដោះស្រាយបញ្ហាសន្តិសុខស្បៀង ការផលិតលើសតម្រូវការ និងបញ្ហាផ្សេងៗទៀត
AKP ភ្នំពេញ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ -- រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មតួកគី លោក អូមើរ បូឡាត នឹងធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកនៅថ្ងៃពុធនេះ ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីពាណិជ្ជកម្មនៃក្រុមប្រទេស G20 និងវេទិកាសកលលោក ស្តីពីសមត្ថភាពផលិតលើសកម្រិតនៃវិស័យដែកថែប(GFSEC) នៅទីក្រុង Milwaukee រដ្ឋវីស្កុនស៊ីន។
កិច្ចប្រជុំកំពូលរយៈពេលពីរថ្ងៃ ដែលរៀបចំឡើងក្រោមការដឹកនាំរបស់សហរដ្ឋអាមេរិកក្នុងនាមជាប្រធានក្រុមប្រទេស G20 នេះ នឹងប្រមូលផ្តុំរដ្ឋមន្ត្រីពាណិជ្ជកម្មនានា ចំពេលដែលពាណិជ្ជកម្មពិភពលោកកំពុងប្រឈមមុខនឹងហានិភ័យនៃការបែកបាក់ និងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ។
របៀបវារៈនៃកិច្ចប្រជុំនឹងផ្តោតលើការទប់ស្កាត់ការប្រើប្រាស់ការផ្គត់ផ្គង់ស្បៀងអាហារជាឧបករណ៍នយោបាយតាមរយៈការសម្រេចចិត្តផ្នែកពាណិជ្ជកម្មដែលមានលក្ខណៈបង្ខិតបង្ខំ ការលុបបំបាត់ការងារដោយបង្ខំនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកលលោក និងការដោះស្រាយបញ្ហាសមត្ថភាពផលិតលើសកម្រិតជាលក្ខណៈរចនាសម្ព័ន្ធ។
ព្រឹត្តិការណ៍នេះក៏នឹងរួមបញ្ចូលផងដែរនូវការពិភាក្សាអំពីការកែសម្រួលដែលអាចកើតមានចំពោះគោលការណ៍ «ប្រទេសដែលទទួលបានការអនុគ្រោះបំផុត» (MFN) ដែលជាសសរស្តម្ភគ្រឹះនៃប្រព័ន្ធពាណិជ្ជកម្មពហុភាគី។
បណ្តារដ្ឋមន្ត្រីដែលចូលរួមនឹងបង្ហាញពីគោលនយោបាយជាតិរបស់ពួកគេលើចំណុចរបៀបវារៈទាំងនេះ និងស្វែងរកយុទ្ធសាស្ត្រដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចសកលលោក។
ទន្ទឹមនឹងនេះ វេទិកា GFSEC នឹងដោះស្រាយបញ្ហានៃការផលិតលើសកម្រិតរ៉ាំរ៉ៃ ដែលតែងតែបង្កជាភាពតានតឹងដល់ពាណិជ្ជកម្មលោហៈធាតុពិភពលោក។
វេទិកានេះនឹងវាយតម្លៃផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចលើទិដ្ឋភាពជាច្រើនដែលបណ្តាលមកពីភាពហួសហេតុនៃទីផ្សារ ហើយនឹងមានការពិភាក្សាដើម្បីកំណត់វិធានការជាក់ស្តែងក្នុងការដោះស្រាយឫសគល់នៃបញ្ហាសមត្ថភាពផលិតកម្មឧស្សាហកម្មលើសកម្រិត។
យោងតាមក្រសួងពាណិជ្ជកម្មតួកគី បានឱ្យដឹងថា នៅក្នុងកិច្ចប្រជុំនេះលោក បូឡាត នឹងលើកឡើងអំពីទស្សនៈយុទ្ធសាស្ត្រ និងកង្វល់ជាក់លាក់របស់ទីក្រុងអង់ការ៉ា ពាក់ព័ន្ធនឹងការផ្លាស់ប្តូរដែលបានស្នើឡើងចំពោះពាណិជ្ជកម្មសកលលោក។
លើសពីនេះ រដ្ឋមន្ត្រីរូបនេះនឹងជួបពិភាក្សាទ្វេភាគីជាបន្តបន្ទាប់ជាមួយតំណាងជាន់ខ្ពស់មកពីសហរដ្ឋអាមេរិក សហភាពអឺរ៉ុប កាណាដា ចក្រភពអង់គ្លេស ប៉ូឡូញ កូរ៉េខាងត្បូង និងអារ៉ាប៊ីសាអូឌីត នៅក្រៅកិច្ចប្រជុំកំពូលក្រុមប្រទេស G20 នេះផងដែរ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





