ឯកឧត្ដម ម៉េត មករា ចូលរួម ក្នុងកិច្ចប្រជុំលើកទី៣ គណៈកម្មការប្រឹក្សាភិបាលនៃកម្មវិធី ACCESS 2 (ASC)
AKP ភ្នំពេញ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦–នៅសណ្ឋាគារហៃយ៉ាត់ រីជេនស៊ី ភ្នំពេញ នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្ដម ម៉េត មករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសប្បទា ស.អ.យ និងជាអនុប្រធានទី១ ក្រុមប្រឹក្សាសកម្មភាពជនពិការ បានអញ្ជើញចូលរួមជាសហប្រធាន ក្នុងកិច្ចប្រជុំលើកទី៣ គណៈកម្មការប្រឹក្សាភិបាលនៃកម្មវិធី ACCESS 2 (ASC) នៅសណ្ឋាគារហៃយ៉ាត់ រីជេនស៊ី ភ្នំពេញ ។

ឯកឧត្ដម ម៉េត មករា មានប្រសាសន៍ថា គោលបំណង នៃកិច្ចប្រជុំ ASC នេះគឺ ដើម្បីផ្តល់ទិសដៅជាយុទ្ធសាស្ត្រសម្រាប់កម្មវិធី ACCESS 2 និងអនុម័តលើផែនការការងារសម្រាប់ឆ្នាំទី៤ ដោយផ្អែកលើមេរៀនដែលបានរៀនសូត្រ សមិទ្ធផល និងបញ្ហាប្រឈមរបស់កម្មវិធីក្នុងឆ្នាំទី៣ ដើម្បីធានាថាកម្មវិធីបន្តអនុវត្តទៅមុខប្រកបដោយប្រសិទ្ធភាព និងអាចដោះស្រាយបញ្ហាដែលកើតមានទាន់ពេលវេលា។ ជាលទ្ធផលនៃកិច្ចប្រជុំ ASC ទទួលបានព័ត៌មានពេញលេញអំពីសមិទ្ធផលសំខាន់របស់កម្មវិធី ACCESS 2 ក្នុងឆ្នាំទី៣ មេរៀនដែលបានរៀនសូត្រ ក៏ដូចជាវិធានការកាត់បន្ថយហានិភ័យ និង ទទួលអនុម័តផែនការប្រចាំឆ្នាំសម្រាប់ឆ្នាំទី៤ ពីខែកក្កដា ឆ្នាំ២០២៦ ដល់ខែមិថុនា ឆ្នាំ២០២៧ ដើម្បីផ្ដល់ទិសដៅជាយុទ្ធសាស្ដ្រច្បាស់លាស់សម្រាប់ការអនុវត្ដកម្មវិធីប្រកបដោយជោគជ័យ។

ក្នុងកិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់ លោកស្រី Kirsty Harris ប្រធានផ្នែកកិច្ចសហប្រត្តិបត្តិការអភិវឌ្ឍន៍នៃស្ថានទូតអូស្ត្រាលី ប្រចាំកម្ពុជា តំណាង DFAT ឯកឧត្ដម លោកជំទាវ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលថ្នាក់ជាតិ ក្រសួងកិច្ចការនារី ក្រសួងសុខាភិបាល ក្រសួងមហាផ្ទៃ និងថ្នាក់ក្រោមជាតិ មកពីកំពង់ចាម សៀមរាប កំពង់ស្ពឺ រតនគិរី និងថ្នាក់ដឹកនាំពីស្ថានទូតអូស្ដ្រាលី ACCESS 2 និងដៃគូ SIPs/តំណាងជនមានពិការភាព និងជនជាតិដើមភាគតិច និងសមាជិក ASC សរុបចំនួន ៥១រូប ៕

ដោយ៖ ណយ នឿន (ប្រភព៖ក្រសួងសង្គមកិច្ច)





