អភិបាលស្រុកស្ទោង ជំរុញដល់នាយកសាលា លោកគ្រូអ្នកគ្រូ ត្រូវបង្កើនភាពរឹងមាំរបស់ខ្លួន និងបន្តនិរន្តរភាព ទោះដៃគូអភិវឌ្ឍនានាបញ្ចប់គម្រោងទៅហើយក៏ដោយ
AKP កំពង់ធំ ថ្ងៃទី២៩ ខែកញ្ញាឆ្នាំ២០២៦--លោក សាយ គឹមឡម អភិបាលស្រុកស្ទោង ជំរុញដល់នាយកសាលា លោកគ្រូអ្នកគ្រូ ត្រូវបង្កើនភាពរឹងមាំរបស់ខ្លួននិងបន្តនិរន្តរភាព ទោះដៃគូអភិវឌ្ឍនានាបញ្ចប់គម្រោងទៅហើយក៏ដោយក្នុងពិធីបិទបញ្ចប់គម្រោង របស់អង្គការរ៉ូមធូរីដកម្ពុជា នៅអនុវិទ្យាល័យម្សាក្រង ហ៊ុន សែនឈូកជីព្រះ និងអនុវិទ្យាល័យសំព្រោចនាព្រឹកថ្ងៃទី២៩ខែកញ្ញា ឆ្នាំ ២០២៦។

លោកអភិបាលស្រុកបានរំលេចថាអង្គការរួមធូរីដកម្ពុជាបានចូលរួមចំណែកយ៉ាងធំធេងបំផុតក្នុងការជំរុញនិងលើកកម្ពស់វិស័យអប់រំ ជាពិសេសការចូលរួមកែប្រែការគិតរបស់អាណាព្យាបាលនិងកុមារីក្នុងការចូលរៀន ហើយបន្តការសិក្សារៀនសូត្របានជ្រៅជ្រះដែលចាប់តាំងពីបឋមសិក្សា មធ្យមសិក្សា រហូតដល់មហាវិទ្យាល័យនិងជាចំណែកមួយក្នុងការកាត់បន្ថយភាពក្រីក្រនិងលើកកម្ពស់សមភាពយេនឌ័រថែមទៀត។

លោកអភិបាលស្រុកបានបន្ថែមថា ជាមួយដៃគូអភិវឌ្ឍនិងគាំទ្រដល់សាលារៀនមួយចំនួននៅក្នុងស្រុកស្ទោង គឺជាការចូលរួមចំណែកយ៉ាងធំធេងជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់វិស័យអប់រំ ជាពិសេសសម្រេចតាមគោលដៅយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលក្នុងការកសាងមូលធនមនុស្សជាមឡធបច្ចេកវិទ្យាឌីជីថល ស្របតាមបរិបទសម័យកាលជីថល និង AIថែមទៀត។

លោកអភិបាលស្រុក បានសង្កត់ធ្ងន់ថាដើម្បីឱ្យសាលារៀននិងវិស័យអប់រំមានភាពធន់ ទាំងដៃគូអភិវឌ្ឍ លោកនាយក នាយិកា លោកគ្រូ អ្នកគ្រូ សហគមន៍និងស្ថាប័នអង្គភាពពាក់ព័ន្ធនានា ត្រូវសហការគ្នាឱ្យបានស្អិតរមួតជាពិសេសបន្តបេសកកម្មនិងការអនុវត្តផែនការសកម្មភាពរបស់ខ្លួនឱ្យបានជាក់លាក់ប្រកបដោយបុរេសកម្មដើម្បីឆ្លើយតបនិងស្ថានភាពជាក់ស្ដែង ពិសេសបង្ការហានិភ័យផ្សេងៗ ដែលជះឥទ្ធិពលដល់កិច្ចការអប់រំ ជារួមទាំងបញ្ហាសុខភាព អនាម័យ យេនឌ័រ អំពើហិង្សាលើកុមារនិងស្ត្រី ការកាត់បន្ថយការបោះបង់ការសិក្សារបស់កុមារី និងគ្រោះមហន្តរាយ ផ្សេងៗជាដើម។

លើសពីនេះការប្រជុំបិទបញ្ចប់និងឆ្លុះបញ្ចាំងនៅក្នុងការនេះពិតជាមានអត្ថប្រយោជន៍ក្រៃលែងបំផុតដែលជាការចែករំលែកពីចំណុចសម្រេចបានការអនុវត្តបានល្អ បញ្ហាប្រឈម និងដំណោះស្រាយក្នុងការអនុវត្តគម្រោងកន្លងមកតាមសាលាគោលដៅ ការធ្វើផែនការបន្តនិរន្តភាព និងសំណូមពរ ដើម្បីអនុវត្តផែនការបន្តនៅកម្រិតសាលារៀន។

លោកអភិបាលស្រុកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់ថ្នាក់ដឹកនាំ បុគ្គលិក អង្គការរូមធូរីដកម្ពុជាទាំងអស់លោកនាយក លោកគ្រូ អ្នកគ្រូនិងអាជ្ញាធរពាក់ព័ន្ធដែលបានរួបរួមសហការគ្នាគាំទ្រនិងលើកកម្ពស់វិស័យអប់រំនៅក្នុងស្រុកស្ទោងឱ្យកាន់តែមានភាពប្រសើរឡើង៕
ដោយ៖ ស៊ុម វណ្ណា





