ទឹកជំនន់ឡើងលិចទីទួលសុវត្ថិភាពព្រែកជីក អាជ្ញាធរបន្ទាយមានជ័យជម្លៀសពលរដ្ឋជាង ១០០គ្រួសារទៅទីទួលថ្មី
AKP បន្ទាយមានជ័យ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦– ស្ថានភាពទឹកជំនន់នៅខេត្តបន្ទាយមានជ័យបានបន្តកើនឡើងនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ រហូតដល់លិចលង់ទីទួលសុវត្ថិភាពព្រែកជីក ក្នុងស្រុកមង្គលបូរី ដែលជាកន្លែងប្រជាពលរដ្ឋរងគ្រោះមួយចំនួនបានជម្លៀសមកស្នាក់នៅជាបណ្តោះអាសន្ន ដោយហេតុនេះ អាជ្ញាធរខេត្តបានសម្រេចចាត់វិធានការបន្ទាន់ ជម្លៀសប្រជាពលរដ្ឋជាង ១០០គ្រួសារ ទៅកាន់ទីទួលសុវត្ថិភាពថ្មីនៅតំបន់ «ផ្សារចំការត្រដោក» ដើម្បីធានាសុវត្ថិភាពអាយុជីវិតរបស់ប្រជាពលរដ្ឋ។

ក្នុងស្ថានភាពដែលកម្រិតទឹកកំពុងបន្តកើនឡើង ឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយលោក ហ៊ឹល រ៉ាយ៉ា អភិបាលរងខេត្ត បានអញ្ជើញចុះពិនិត្យ និងរៀបចំទីទួលសុវត្ថិភាពថ្មីជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកមង្គលបូរី និងក្រុងសិរីសោភ័ណ ដោយផ្តោតជាសំខាន់លើការផ្លាស់ទីប្រជាពលរដ្ឋពីតំបន់ដែលកំពុងប្រឈមនឹងទឹកជំនន់ទៅកាន់ទីតាំងដែលមានសុវត្ថិភាពជាងមុន។
ការជម្លៀសនេះ ត្រូវបានដឹកនាំ និងបញ្ជាផ្ទាល់ដោយឯកឧត្តម អ៊ុ រាត្រី ដោយមានការចូលរួមពីលោក កែវ តារារស្មី អភិបាលស្រុកមង្គលបូរី លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត ព្រមទាំងមន្ត្រីជំនាញ និងកងកម្លាំងចម្រុះជាច្រើនរូប។

តាមការឱ្យដឹងពីលោក កែវ តារ៉ារស្មី និងលោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន ប្រជាពលរដ្ឋដែលត្រូវបានជម្លៀស រួមមានប្រជាពលរដ្ឋមកពីភូមិបត់ត្រង់តូច និងភូមិព្រែកជីក ដែលបានមកស្នាក់នៅទីទួលសុវត្ថិភាពព្រែកជីកអស់រយៈពេលប្រមាណ ២ថ្ងៃ ប៉ុន្តែដោយសារទឹកបានបន្តហក់ឡើង និងចាប់ផ្តើមលិចទីទួលសុវត្ថិភាពនេះ ទើបអាជ្ញាធរត្រូវសម្រេចផ្លាស់ទីពួកគេទៅទីតាំងថ្មីជាបន្ទាន់។
ក្នុងប្រតិបត្តិការដ៏មានភាពមមាញឹកនេះ កម្លាំងអន្តរាគមន៍បានប្រើប្រាស់ កាណូតចំនួន ៥គ្រឿង ដឹកជញ្ជូនប្រជាពលរដ្ឋឆ្លងកាត់តំបន់ដែលមានទឹកជំនន់ រហូតទៅដល់តំបន់ផ្លូវជាតិលេខ៥ ហើយបន្តដំណើរតាមរថយន្តទៅកាន់ទីទួលសុវត្ថិភាពថ្មីនៅតំបន់ «ផ្សារចំការត្រដោក» ដោយសុវត្ថិភាព។

ជាមួយគ្នានេះ លោក ហ៊ឹល រ៉ាយ៉ា និងលោក ឃ្លោក នួយ អភិបាលរងខេត្ត ព្រមទាំងមន្ត្រីជំនាញ និងកងកម្លាំងចម្រុះ បានចុះពិនិត្យស្ថានភាពជាក់ស្តែង សួរសុខទុក្ខ និងផ្តល់ជំនួយសង្គ្រោះបន្ទាន់ជូនប្រជាពលរដ្ឋដែលកំពុងជួបប្រទះផលប៉ះពាល់ពីទឹកជំនន់ផងដែរ។
ការលិចទីទួលសុវត្ថិភាពព្រែកជីកនេះ បានបង្ហាញពីភាពធ្ងន់ធ្ងរនៃស្ថានភាពទឹកជំនន់ដែលកំពុងបន្តរីករាលដាលនៅតំបន់មួយចំនួននៃខេត្តបន្ទាយមានជ័យ ខណៈអាជ្ញាធរត្រូវបន្តផ្លាស់ប្តូរទីតាំងសុវត្ថិភាពឱ្យស្របតាមស្ថានភាពទឹកជាក់ស្តែង ដើម្បីកាត់បន្ថយហានិភ័យដល់អាយុជីវិតប្រជាពលរដ្ឋ។
យោងតាមរបាយការណ៍បច្ចុប្បន្នភាពរបស់រដ្ឋបាលខេត្ត គិតត្រឹមថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ ទឹកជំនន់បានបង្កផលប៉ះពាល់ដល់ ស្រុក-ក្រុងចំនួន ៦ ក្នុងចំណោម ៩ របស់ខេត្ត រួមមាន ស្រុកមង្គលបូរី ក្រុងសិរីសោភ័ណ ក្រុងប៉ោយប៉ែត ស្រុកអូរជ្រៅ ស្រុកម៉ាឡៃ និងស្រុកព្រះនេត្រព្រះ។

ក្នុងចំណោមនេះ ប្រជាពលរដ្ឋសរុប ៣,៥៦២គ្រួសារ ស្មើនឹង ១៤,៥៣១នាក់ បានទទួលរងផលប៉ះពាល់ពីទឹកជំនន់ ខណៈ ១,៦៦៣គ្រួសារ ស្មើនឹង ៦,១៦៥នាក់ រងគ្រោះធ្ងន់ធ្ងរ និងត្រូវបានអាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធជម្លៀសទៅកាន់ទីទួលសុវត្ថិភាពជាបន្តបន្ទាប់។
មិនត្រឹមតែប៉ះពាល់ដល់លំនៅឋាន និងការរស់នៅរបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ទឹកជំនន់ក៏បានបង្កការខូចខាតដល់វិស័យកសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធផងដែរ ដោយ ស្រូវជាង ១៧,៥០០ហិកតា និងដំឡូងមី ៦៥ហិកតា ត្រូវបានលិចលង់។ ចំណែកសាលារៀន ១៥កន្លែង វត្តអារាម ៨កន្លែង មណ្ឌលសុខភាព ៣កន្លែង និងផ្លូវថ្នល់ចំនួន ២៥៧ខ្សែ មានប្រវែងជាង ១៣០គីឡូម៉ែត្រ ក៏បានទទួលរងផលប៉ះពាល់ពីទឹកហូរកាត់ និងការច្រោះដាច់ផងដែរ។
ក្នុងស្ថានភាពនេះ អាជ្ញាធរខេត្តបន្ទាយមានជ័យបានបន្តដាក់អាទិភាពលើ ការការពារអាយុជីវិតប្រជាពលរដ្ឋជាចម្បង ដោយត្រៀមកម្លាំង មធ្យោបាយ និងទីតាំងសុវត្ថិភាព ដើម្បីអាចអន្តរាគមន៍បានទាន់ពេលវេលា នៅពេលទឹកបន្តកើនឡើង ឬមានស្ថានភាពគ្រោះថ្នាក់កើតឡើង។

អាជ្ញាធរក៏បានអំពាវនាវដល់ប្រជាពលរដ្ឋនៅតំបន់ដែលកំពុងរងផលប៉ះពាល់ ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ជាពិសេសការធ្វើដំណើរឆ្លងកាត់តំបន់ទឹកហូរ ផ្លូវលិចទឹក និងតំបន់ដែលអាជ្ញាធរបានកំណត់ថាមានហានិភ័យ ព្រមទាំងត្រូវសហការជាមួយកម្លាំងសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ក្នុងករណីមានការណែនាំឱ្យជម្លៀសទៅកាន់ទីទួលសុវត្ថិភាព៕
ដោយ៖ ឈុន សារ៉ាត





