ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា នឹងដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃចូលរួមសន្និសីទជាន់ខ្ពស់ ដែលរៀបចំដោយក្រសួងនគរបាលវៀតណាម
AKP ភ្នំពេញ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦--តបតាមការអញ្ជើញរបស់ ឯកឧត្តមឧត្តមសេនីយ៍ឯក លឿង តាមក្វាង សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្ត្រីក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញចូលរួមសន្និសីទជាន់ខ្ពស់អនុវត្តន៍ច្បាប់អាស៊ាន ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការបង្ក្រាបជនល្មើសរត់គេចខ្លួន ដែលរៀបចំដោយក្រសួងនគរបាលវៀតណាម ចាប់ពីថ្ងៃទី២៩ ខែកញ្ញា ដល់ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ នៅរដ្ឋធានីហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

សន្និសីទនេះ ត្រូវបានរៀបចំឡើងក្នុងក្របខណ្ឌអាស៊ាន ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងបណ្តាប្រទេសជាសមាជិក ក្នុងការផ្លាស់ប្តូរព័ត៌មាន និងការអនុវត្តច្បាប់ឆ្លងដែន ក្នុងគោលបំណងបង្ក្រាប និងតាមចាប់ខ្លួនជនល្មើសដែលបានរត់គេចខ្លួនពីប្រទេសមួយទៅប្រទេសមួយនៅក្នុងតំបន់។ ទន្ទឹមនេះ សន្និសីទក៏នឹងធ្វើការពិភាក្សាដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងឧត្តមានុវត្តន៍ ក្នុងគោលដៅថែរក្សាសន្តិសុខ ស្ថិរភាព និងសណ្តាប់ធ្នាប់ នៅក្នុងសហគមន៍អាស៊ានទាំងមូល។

នេះបើតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃទៅចូលរួមសន្និសីទជាន់ខ្ពស់មួយនេះ៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងមហាផ្ទៃ)





