ខេត្តបន្ទាយមានជ័យ ទឹកជំនន់បន្តហក់ឡើងខ្លាំងលិចលង់ ៦ ស្រុកក្រុង និងជម្លៀសពលរដ្ឋរាប់ពាន់គ្រួសារ
AKP បន្ទាយមានជ័យ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦--ស្ថានភាពទឹកជំនន់នៅខេត្តបន្ទាយមានជ័យ កំពុងបន្តស្ថិតក្នុងស្ថានភាពគួរឱ្យព្រួយបារម្ភ ខណៈទឹកនៅតាមស្ទឹង អូរ និងតំបន់ប្រឈមមួយចំនួនបានបន្តកើនឡើងខ្ពស់ រហូតឈានដល់កម្រិតប្រកាសអាសន្ន និងបានបង្កផលប៉ះពាល់ដល់ស្រុក-ក្រុងចំនួន ៦ ក្នុងចំណោមស្រុក-ក្រុងទាំង ៩ របស់ខេត្ត ដោយប្រជាពលរដ្ឋសរុបចំនួន ៣.៥៦២ គ្រួសារ ស្មើនឹង ១៤.៥៣១ នាក់ បានរងផលប៉ះពាល់។

យោងតាមរបាយការណ៍ផ្លូវការរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ គិតត្រឹមល្ងាចថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ និងក្រុមការងារពាក់ព័ន្ធ បាននិងកំពុងប្រតិបត្តិការអន្តរាគមន៍ទាំងយប់ទាំងថ្ងៃ ដោយផ្តោតជាសំខាន់លើការការពារអាយុជីវិត និងជម្លៀសប្រជាពលរដ្ឋចេញពីតំបន់ដែលមានហានិភ័យខ្ពស់ទៅកាន់ទីទួលសុវត្ថិភាព។
ក្នុងប្រតិបត្តិការនេះ ប្រជាពលរដ្ឋចំនួន ១.៦៦៣ គ្រួសារ ស្មើនឹង ៦.១៦៥ នាក់ ក្នុងនោះស្ត្រី ៣.០១៦ នាក់ និងកុមារ ១.០១១ នាក់ ត្រូវបានអាជ្ញាធរជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ដើម្បីទប់ស្កាត់ហានិភ័យដែលអាចកើតមានពីការកើនឡើងនៃកម្ពស់ទឹក។ ទន្ទឹមនឹងការជម្លៀសប្រជាពលរដ្ឋ ទឹកជំនន់ក៏បានបង្កផលប៉ះពាល់យ៉ាងច្រើនដល់វិស័យកសិកម្ម ដែលជាមូលដ្ឋានជីវភាពដ៏សំខាន់របស់ប្រជាពលរដ្ឋនៅខេត្តបន្ទាយមានជ័យ។
តាមទិន្នន័យខូចខាតបឋម ស្រូវបានរងផលប៉ះពាល់ប្រមាណ ១៧.០៩៦ ហិកតា ក្នុងនោះស្រូវស្រាល និងស្រូវទើបបង្កបង្កើនផលប្រមាណ ៤១៦ ហិកតា ខណៈដំឡូងមីរងផលប៉ះពាល់ ៦៥ ហិកតា និងដំណាំរួមផ្សំប្រមាណ ២ ហិកតា។ សត្វពាហនៈក៏រងផលប៉ះពាល់ចំនួន ៦០ ក្បាល ផងដែរ។
ចំពោះហេដ្ឋារចនាសម្ព័ន្ធសាធារណៈ សាលារៀនចំនួន ១៥ កន្លែង ត្រូវបានទឹកជន់លិច វត្តអារាមចំនួន ៨ កន្លែង និងមណ្ឌលសុខភាពចំនួន ៣ កន្លែង ក៏រងផលប៉ះពាល់។ ចំណែកផ្លូវដែលមានទឹកហូរកាត់ និងរងការច្រោះដាច់មានចំនួន ២៥៧ ខ្សែ មានប្រវែងសរុបប្រមាណ ១៣០.៤៨៩ ម៉ែត្រ។

តួលេខទាំងនេះបង្ហាញថា ស្ថានភាពទឹកជំនន់មិនត្រឹមជាបញ្ហាសុវត្ថិភាពបន្ទាន់របស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កសម្ពាធលើផលិតកម្មកសិកម្ម ការធ្វើដំណើរ សេវាសាធារណៈ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់រងគ្រោះផងដែរ។ ស្ថានភាពកាន់តែត្រូវបានយកចិត្តទុកដាក់ខ្ពស់ ខណៈរបាយការណ៍របស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ បានបង្ហាញថា ទឹកនៅតាមស្ទឹង និងអូរសំខាន់ៗចំនួន ៤ បានឈានដល់កម្រិតប្រកាសអាសន្ន។
ក្នុងនោះ ស្ទឹងស្ពានស្រែង ក្នុងស្រុកភ្នំស្រុក មានកម្ពស់ទឹក ៦,៥០ ម៉ែត្រ ស្ទឹងសិរីសោភ័ណ ៧,៦៥ ម៉ែត្រ អូរបីជាន់ ក្នុងស្រុកអូរជ្រៅ ៥,៧០ ម៉ែត្រ និងអូរស្ពាន ក្នុងស្រុកម៉ាឡៃ ៤,២០ ម៉ែត្រ។ ស្ថានភាពនេះបានធ្វើឱ្យអាជ្ញាធរខេត្ត និងមូលដ្ឋាន បន្តតាមដានយ៉ាងជិតស្និទ្ធ និងត្រៀមកម្លាំង សម្ភារៈ និងមធ្យោបាយចាំបាច់ ដើម្បីអន្តរាគមន៍ និងជម្លៀសប្រជាពលរដ្ឋបានទាន់ពេលវេលា ប្រសិនបើស្ថានភាពទឹកបន្តកើនឡើង។
អាជ្ញាធរបានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅតាមតំបន់ប្រឈម និងតាមដងស្ទឹង អូរ ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុត ត្រៀមសម្ភារចាំបាច់ និងអនុវត្តន៍តាមការណែនាំរបស់អាជ្ញាធរ ជាពិសេសនៅពេលមានការជូនដំណឹងឱ្យផ្លាស់ទីទៅកាន់ទីទួលសុវត្ថិភាព។

ស្របពេលស្ថានភាពទឹកជំនន់កំពុងបន្ត កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញចុះត្រួតពិនិត្យដោយផ្ទាល់នូវស្ថានភាពទឹកជន់លិចនៅតំបន់មួយចំនួនក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ព្រមទាំងសួរសុខទុក្ខប្រជាពលរដ្ឋដែលកំពុងរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់។
សម្តេចធិបតីបានគូសបញ្ជាក់ថា ការសង្គ្រោះជីវិតរបស់ប្រជាពលរដ្ឋ គឺជាអាទិភាពចម្បងរបស់រាជរដ្ឋាភិបាល ហើយបានថ្លែងអំណរគុណ និងកោតសរសើរចំពោះអាជ្ញាធរខេត្ត ស្រុក-ក្រុង កងកម្លាំងប្រដាប់អាវុធពាក់ព័ន្ធ និងកម្លាំងស្ម័គ្រចិត្តទាំងអស់ ដែលបានរួមគ្នាជួយសង្គ្រោះ និងជម្លៀសប្រជាពលរដ្ឋនៅតំបន់រងគ្រោះទៅកាន់ទីទួលសុវត្ថិភាពបានទាន់ពេលវេលា។
សម្តេចធិបតីក៏បានថ្លែងអំណរគុណដល់ក្រុមការងារថ្នាក់ជាតិចុះជួយតាមបណ្តាខេត្ត គណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងគ្រប់ភាគីដែលបានចូលរួមផ្តល់ការគាំទ្រ និងជួយសង្គ្រោះប្រជាពលរដ្ឋក្នុងអំឡុងពេលដ៏លំបាកនេះ។

ជាមួយគ្នានេះ ស្ថានភាពទឹកជំនន់ដែលកំពុងបន្តកើនឡើងនៅខេត្តបន្ទាយមានជ័យ កំពុងតម្រូវឱ្យមានការប្រុងប្រយ័ត្នជាបន្តបន្ទាប់ ព្រោះក្រៅពីតំបន់ដែលបានរងផលប៉ះពាល់រួចហើយ ការប្រែប្រួលកម្ពស់ទឹកនៅតាមស្ទឹង និងអូរសំខាន់ៗ អាចបង្កហានិភ័យបន្ថែមដល់តំបន់ទំនាប និងតំបន់ដែលស្ថិតនៅតាមដងទឹក។
ក្នុងបរិបទនេះ ការជម្លៀសប្រជាពលរដ្ឋមុនពេលស្ថានភាពឈានដល់កម្រិតធ្ងន់ធ្ងរ ការត្រៀមកម្លាំងសង្គ្រោះ និងការផ្តល់ព័ត៌មានទាន់ពេលវេលា កំពុងក្លាយជាវិធានការសំខាន់បំផុត ដើម្បីកាត់បន្ថយហានិភ័យ និងការខូចខាត ខណៈអាជ្ញាធរគ្រប់លំដាប់ថ្នាក់បន្តឃ្លាំមើលស្ថានភាពទឹកយ៉ាងជិតស្និទ្ធ៕
ដោយ ឈុន សារ៉ាត





