ឯកឧត្តមបណ្ឌិត ស៊ូ ភិរិន្ទ អញ្ជើញចូលរួមកាន់បិណ្ឌវេនទី២នៅវត្តខ្នារកកោះ
AKPតាកែវថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥--ឯកឧត្តមបណ្ឌិត ស៊ូ ភិរិន្ទ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តតាកែវ រួមជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ចំណុះរដ្ឋបាលខេត្តតាកែវ រដ្ឋបាលស្រុកបូរីជលសារ និងពុទ្ធបរិស័ទចំណុះជើងវត្ត បានអញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី២នៅវត្តខ្នារកកោះ។

ពិធីនេះរៀបចំឡើងនៅវត្តខ្នារកកោះ ស្ថិតនៅក្នុងភូមិតាសៃឃុំដូងខ្ពស់ស្រុកបូរីជលសារខេត្តតាកែវ កាលពីព្រឹកថ្ងៃច័ន្ទ២រោចខែភទ្របទឆ្នាំមមីអដ្ឋស័កព.ស២៥៧០ ត្រូវនឹងថ្ងៃទី២៨ខែកញ្ញាឆ្នាំ២០២៦។

មានប្រសាសន៍សំណេះសំណាលក្នុងពិធីនោះ ឯកឧត្តមបណ្ឌិត ស៊ូ ភិរិន្ទ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តតាកែវ បានមានប្រសាសន៍ថា ពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ គឺជាពិធីបុណ្យប្រពៃណីដ៏សំខាន់មួយរបស់ជាតិយើង ដែលបានបន្សល់ទុកតាំងពីបុរាណកាលមក។ពិធីនេះមិនត្រឹមតែជាការបង្ហាញនូវជំនឿសាសនាតាមរយៈការធ្វើបុណ្យទានឧទ្ទិសកុសលជូនដល់ជីដូនជីតាបុព្វការីជន ដែលបានចែកឋានទៅកាន់លោកខាងមុខនោះទេ តែវាក៏ជាឱកាសសម្រាប់បងប្អូនកូនចៅបានជួបជុំគ្នា ប្រមូលផ្ដុំសាមគ្គីភាព និងបង្ហាញពីការដឹងគុណចំពោះអ្នកមានគុណផងដែរ។
ឯកឧត្តមបណ្ឌិត ស៊ូ ភិរិន្ទ បានមានប្រសាសន៍បន្តថា បុណ្យភ្ជុំបិណ្ឌជាពិធីបុណ្យធំមួយ ក្នុងចំណោមពិធីបុណ្យប្រពៃណីខ្មែរផ្សេងទៀត។ពិធីបុណ្យនេះមានរយៈពេល១៥ថ្ងៃ ដោយចាប់ផ្ដើមពីថ្ងៃ១រោចដល់ថ្ងៃ១៥រោចខែភទ្របទជារៀងរាល់ឆ្នាំ។ចាប់ពីថ្ងៃ១រោចដល់ថ្ងៃ១៤រោច គេហៅថាថ្ងៃដាក់បិណ្ឌឬកាន់បិណ្ឌ ចំណែកថ្ងៃ១៥រោចគេហៅថាថ្ងៃភ្ជុំបិណ្ឌឬភ្ជុំធំ ដែលមានន័យថាថ្ងៃជួបជុំគ្នាចុងក្រោយនៃពិធីបុណ្យកាន់បិណ្ឌ។
ជារៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃខែ ដែលត្រូវប្រារព្ធពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌហើយ បងប្អូនកូនចៅសាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិតឬទីឆ្ងាយតែងតែធ្វើដំណើរ ទៅជួបជុំឪពុកម្ដាយបងប្អូនកូនចៅនៅស្រុកកំណើត។ពេលជួបជុំគ្នាបានរៀបចំម្ហូបអាហារបាយសម្លជាចង្ហាន់ យកទៅប្រគេនព្រះសង្ឃនៅតាមវត្តអារាម ព្រមទាំងឧទ្ទិសកុសលជូនដល់ញាតិសន្ដាន ដែលបានចែកឋានទៅកាន់លោកខាងមុខ។

ឯកឧត្តមបណ្ឌិត ស៊ូ ភិរិន្ទ បានមានប្រសាសន៍បន្ថែមថា ការចូលរួមរបស់បងប្អូនទាំងអស់គ្នានៅពេលនេះ គឺជាការរួមចំណែកដ៏ធំធេងក្នុងការថែរក្សា និងបន្តវប្បធម៌ដ៏ល្អផូរផង់របស់ដូនតាខ្មែរយើង ឱ្យនៅគង់វង្សជារៀងរហូត។នេះជាការរំលឹកដល់ក្មេងជំនាន់ក្រោយឱ្យយល់ច្បាស់ពីឫសគល់នៃជំនឿ និងតម្លៃនៃសាមគ្គីភាពនៅក្នុងសង្គម។ជាមួយគ្នានោះដែរ ឯកឧត្តមក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឱ្យបន្តចូលរួមធ្វើបុណ្យទាន និងថែរក្សាសុខសន្តិភាពនៅក្នុងសង្គម ព្រោះថាមានតែសន្តិភាពទេ ទើបយើងអាចប្រារព្ធនូវពិធីបុណ្យតាមប្រពៃណីដ៏ល្អផូរផង់នេះបានជារៀងរាល់ឆ្នាំ។
ជាចុងក្រោយ ឯកឧត្តមបណ្ឌិត ស៊ូ ភិរិន្ទ រួមជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងពុទ្ធបរិស័ទទាំងអស់ បាននាំយកទេយ្យទាន និងបច្ច័យសរុបចំនួន2 395 000(ពីលានបីសែនប្រាំបួនម៉ឺនប្រាំពាន់រៀល) ប្រគេនដល់ព្រះសង្ឃដែលរង់ចាំព្រះវស្សា ក្នុងពុទ្ធសីមាវត្តខ្នារកកោះ ស្ថិតក្នុងភូមិតាសៃឃុំដូងខ្ពស់ស្រុកបូរីជលសារខេត្តតាកែវ៕
ដោយ៖ អ៊ុច សៀង





