អភិបាលខេត្តបន្ទាយមានជ័យអំពាវនាវប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ខណៈជំនន់ទឹកភ្លៀងបន្តកើនឡើង
AKP បន្ទាយមានជ័យ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦--
ខណៈភ្លៀងធ្លាក់បន្តបន្ទាប់នៅទូទាំងខេត្តបន្ទាយមានជ័យ ចាប់ពីយប់ថ្ងៃទី២៣ រហូតដល់ល្ងាចថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ បណ្តាលឱ្យកម្ពស់ទឹកតាមដងអូរ ស្ទឹង និងតំបន់មួយចំនួនកើនឡើង ព្រមទាំងបង្កការលិចលង់ផ្លូវលំ និងលំនៅឋានប្រជាពលរដ្ឋ អាជ្ញាធរខេត្តបានបង្កើនការយកចិត្តទុកដាក់ និងត្រៀមកម្លាំងចុះអន្តរាគមន៍ជួយប្រជាពលរដ្ឋដែលរងផលប៉ះពាល់។ ក្នុងស្ថានភាពនេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ជាពិសេសប្រជាពលរដ្ឋដែលរស់នៅតាមដងអូរ និងស្ទឹង ព្រោះស្ថានភាពភ្លៀងនៅតែបន្តធ្លាក់ ហើយកម្ពស់ទឹកអាចកើនឡើងជាបន្តបន្ទាប់។

ឯកឧត្តមអភិបាលខេត្តបានមានប្រសាសន៍ថា «សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ មានការប្រុងប្រយ័ត្នខ្ពស់ ជាពិសេសនៅតាមដងអូរ ស្ទឹង» និងត្រូវតាមដានស្ថានភាពទឹកជាប្រចាំ ព្រមទាំងសហការជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងករណីមានការជូនដំណឹងឱ្យផ្លាស់ទីទៅកាន់ទីទួលសុវត្ថិភាព។ ជាក់ស្តែង នៅយប់ថ្ងៃទី២៤ ខែកញ្ញា ឯកឧត្តម អ៊ុំ រាត្រី បានដឹកនាំក្រុមការងារ មន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ចុះជួបសំណេះសំណាល និងសួរសុខទុក្ខដោយផ្ទាល់ដល់ប្រជាពលរដ្ឋនៅទីទួលសុវត្ថិភាព ដែលត្រូវបានជម្លៀសចេញពីលំនៅឋានមាត់ស្ទឹងសិរីសោភ័ណ ដោយសារកម្ពស់ជំនន់ទឹកភ្លៀងកំពុងបន្តកើនឡើង។ ប្រជាពលរដ្ឋដែលត្រូវបានជម្លៀសមានចំនួន១១គ្រួសារ ក្នុងនោះមកពីភូមិព្រៃឫស្សីចំនួន ៨គ្រួសារ និងភូមិក្បាលស្ពានចំនួន៣គ្រួសារ។ ការជម្លៀសត្រូវបានធ្វើឡើងទាន់ពេលវេលា ដើម្បីធានាសុវត្ថិភាពអាយុជីវិត និងកាត់បន្ថយហានិភ័យដែលអាចកើតមានពីការកើនឡើងនៃទឹកជំនន់។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ុំ រាត្រី ក៏បាននាំយកស្បៀងអាហារ មុង ភួយ នំចំណី និងសម្ភារៈពេទ្យ ចែកជូនដល់ប្រជាពលរដ្ឋដែលកំពុងស្នាក់នៅទីទួលសុវត្ថិភាព។ ទន្ទឹមនឹងនេះ ឯកឧត្តមបានក្រើនរំលឹកឱ្យប្រជាពលរដ្ឋយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាព ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ «ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត» ដើម្បីបង្ការជំងឺឆ្លងនានាដែលអាចកើតមានក្នុងអំឡុងពេលមានទឹកជំនន់។
ជាមួយគ្នានោះ នៅរសៀលថ្ងៃទី២៤ ខែកញ្ញា លោក ឃ្លោក នួយ អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុំ រាត្រី អមដំណើរដោយលោក ជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យស្ថានភាពផ្លូវសាយសមន ដែលមានប្រវែង ២៦,៣គីឡូម៉ែត្រ ចាប់ពីភូមិចំណោមខាងកើត ឃុំចំណោម ស្រុកមង្គលបូរី ទៅដល់ភូមិបល្ល័ង្គ ឃុំតាគង់ ស្រុកម៉ាឡៃ។ ផ្លូវនេះរងផលប៉ះពាល់ដោយទឹកជំនន់ចំនួន ៤កន្លែង សរុបប្រវែងប្រមាណ ៥០០ម៉ែត្រ។

លោក ឃ្លោក នួយ និងក្រុមការងារ ក៏បានបន្តចុះពិនិត្យស្ថានភាពទឹក និងផ្លូវយាងឧត្តម-ភូមិថ្មីត្បូង ប្រវែង៦គីឡូម៉ែត្រ ក្នុងឃុំណាំតៅ ស្រុកភ្នំស្រុក ដែលរងការខូចខាតដោយសារទឹកភ្លៀងហូរច្រុះ ព្រមទាំងពិនិត្យសាលាអនុវិទ្យាល័យទេព បុប្ផាប្រសិទ្ធ ដែលរងការលិចលង់ដោយទឹកភ្លៀងក្នុងរយៈពេលពីរថ្ងៃកន្លងមក។
ដោយឡែក នៅក្រុងប៉ោយប៉ែត ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចមហាបវរធិបតី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានក្រុងប៉ោយប៉ែត បានដឹកនាំមន្ត្រីរដ្ឋបាលក្រុង កងកម្លាំង និងអាជ្ញាធរពាក់ព័ន្ធ ចុះពិនិត្យស្ថានភាពទឹកដោយផ្ទាល់ ទោះបីកំពុងមានភ្លៀងរលឹមក៏ដោយ និងបាននាំយកគ្រឿងចក្រទៅពិនិត្យរកទីតាំងសមស្រប ដើម្បីកាយបង្ហូរទឹក និងបង្កើនសមត្ថភាពគ្រប់គ្រងស្ថានការណ៍។ សកម្មភាពនេះធ្វើឡើងខណៈទឹកភ្លៀង និងទឹកតាមមាត់អូរដែលហូរចុះមកពីប្រទេសថៃ កំពុងកើនឡើង បណ្តាលឱ្យផ្ទះប្រជាពលរដ្ឋមួយចំនួននៅតាមបណ្តោយអូរព្រំដែន និងផ្លូវមួយចំនួនក្នុងក្រុងប៉ោយប៉ែត រងផលប៉ះពាល់។

យោងតាមលោកវរសេនីយ៍ឯក បោន សីហា មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ បានឱ្យដឹងថា គិតត្រឹមល្ងាចថ្ងៃទី២៤ ខែកញ្ញា ជំនន់ទឹកភ្លៀងលាយឡំជាមួយទឹកដែលហូរមកពីប្រទេសថៃ តាមអូរព្រំដែន បានធ្វើឱ្យកម្ពស់ទឹកក្នុងអូរព្រំដែនកម្ពុជា-ថៃកើនឡើង និងបង្កការជន់លិចដល់លំនៅឋានប្រជាពលរដ្ឋនៅតាមបណ្តោយអូរព្រំដែន ចាប់ពីភូមិសាស្ត្រប៉ុស្តិ៍អូរជ្រៅ រហូតដល់ភូមិសាស្ត្រប៉ុស្តិ៍អូរល្ហុង។ ផលប៉ះពាល់បានកើតឡើងដល់ផ្ទះប្រជាពលរដ្ឋចំនួន ២៤២ខ្នង នៅក្នុងភូមិប៉ោយប៉ែត ភូមិអូរជ្រៅ ភូមិក្បាលកោះ ភូមិគីឡូម៉ែត្រលេខ៤ ភូមិផ្សារកណ្ដាល និងភូមិសុខសាន្ត នៃក្រុងប៉ោយប៉ែត។ ក្នុងស្ថានភាពនេះ កម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ បានចុះផ្សព្វផ្សាយ និងណែនាំប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយអូរព្រំដែនឱ្យបង្កើនការប្រុងប្រយ័ត្ន ព្រមទាំងត្រៀមកម្លាំងជួយសង្គ្រោះ និងជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព ប្រសិនបើស្ថានភាពទឹកបន្តហក់ឡើងខ្លាំង។ ជារួម អាជ្ញាធរខេត្តបន្ទាយមានជ័យ និងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ កំពុងបន្តតាមដានស្ថានភាពទឹកយ៉ាងយកចិត្តទុកដាក់ និងត្រៀមមធ្យោបាយ កម្លាំង និងសម្ភារៈចាំបាច់ ដើម្បីអន្តរាគមន៍ជួយប្រជាពលរដ្ឋនៅតំបន់ដែលរងផលប៉ះពាល់។
អាជ្ញាធរខេត្តសូមអំពាវនាវជាថ្មីដល់ប្រជាពលរដ្ឋ ជាពិសេសអ្នករស់នៅក្បែរអូរ ស្ទឹង និងតំបន់ទំនាប ឱ្យបង្កើនការប្រុងប្រយ័ត្ន តាមដានការជូនដំណឹងរបស់អាជ្ញាធរ និងត្រៀមផ្លាស់ទីទៅកាន់ទីទួលសុវត្ថិភាពនៅពេលមានការណែនាំ ដោយត្រូវផ្តល់អាទិភាពខ្ពស់បំផុតដល់សុវត្ថិភាពអាយុជីវិត និងកុមារ មនុស្សចាស់ និងអ្នកងាយរងគ្រោះ៕
ដោយ ឈុន សារ៉ាត





