សិក្ខាសាលាត្រីភាគីត្រៀមថ្នាក់ជាតិ សម្រាប់វេទិកាអាស៊ាន ស្តីពីទេសន្ត រប្រវេសន៍ការងារលើកទី១៩ ដើម្បីពង្រឹងការការពារជនទេសន្តរប្រវេសន៍ការងារ តាម រយៈការធ្វើទេសន្តរប្រវេសន៍ដោយសុវត្ថិ ភាពនិងស្របច្បាប់
AKP ភ្នំពេញ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦--ឯកឧត្តម សេង សក្តា រដ្ឋលេខាធិការ នៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជា ជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាត្រីភាគីត្រៀមថ្នាក់ជាតិ សម្រាប់វេទិកាអាស៊ានស្តីពីទេសន្តរ ប្រវេសន៍ការងារលើកទី១៩ (19th AFML) ក្រោមប្រធានបទ "ការការពារជនទេសន្តរប្រវេសន៍ការងារតាមរយៈការធ្វើទេសន្តរប្រវេសន៍ដោយសុវត្ថិភាព និងស្របច្បាប់" និងប្រធានបទរងចំនួន ២ រួមមាន "ការជ្រើសរើសជនទេសន្តរ ប្រវេសន៍ការងារតាមប្រព័ន្ធអនឡាញ និងបញ្ហាប្រឈម" និង "ការទទួលបានការការពារ ការទទួលបានសំណង និងការគាំទ្រដល់ជនទេសន្តរប្រវេសន៍ការងារ"។

សិក្ខាសាលាដ៏មានសារៈសំខាន់នេះរៀបចំដោយក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងអង្គការអន្តរជាតិខាងការងារ (ILO) ក្រោមគម្រោង TRIANGLE Partnership ដោយមានការឧបត្ថម្ភថវិកាពីរដ្ឋាភិបាលអូស្ត្រាលី និងទីភ្នាក់ងារស្វ៊ីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ និងមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីជំនាញ ក្រសួង ស្ថាប័នពាក់ព័ន្ធ តំណាងនិយោជក សហជីព អង្គការជាតិ និងអន្តរជាតិ ដៃគូអភិវឌ្ឍ និងអ្នកពាក់ព័ន្ធជាច្រើនទៀត។

ថ្លែងក្នុងឱកាសនេះ ឯកឧត្តម សេង សក្តា បានបញ្ជាក់ថា សិក្ខាសាលានេះមានគោលបំណងប្រមូល និងចែករំលែកព័ត៌មានស្តីពីវឌ្ឍនភាពនៃការអនុវត្តអនុសាសន៍ដែលបានផ្តល់ដោយវេទិកាអាស៊ានកន្លងមក ពិភាក្សាលើប្រធានបទវេទិកាអាស៊ានលើកទី១៩ ស្តីពី "ការការពារជនទេសន្តរប្រវេសន៍ការងារតាមរយៈការធ្វើទេសន្តរប្រវេសន៍ដោយសុវត្ថិភាព និងស្របច្បាប់" និងពិភាក្សា ព្រមទាំងអនុម័តជាអនុសាសន៍របស់កម្ពុជា ដើម្បីយកទៅប្រើប្រាស់ក្នុងវេទិកា AFML លើកទី១៩ ដែលនឹងប្រព្រឹត្តទៅនៅប្រទេសហ្វីលីពីន នាថ្ងៃទី១៤-១៥ ខែតុលា ឆ្នាំ២០២៦។

ឯកឧត្តមបានលើកឡើងថា រាជរដ្ឋាភិ បាលកម្ពុជាបានដាក់ចេញនូវគោលន យោបាយ និងលិខិតបទដ្ឋានគតិយុត្តជាច្រើន ដើម្បីគាំពារសិទ្ធិ និងអត្ថប្រយោ ជន៍របស់ជនទេសន្តរប្រ វេសន៍កម្ពុជាដែលទៅធ្វើការនៅក្រៅប្រទេស និងជនបរទេសដែលមកប្រកបមុខរបរ និងធ្វើការងារនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់លើការលើកកម្ពស់ការអនុវត្តឱ្យស្របតាមបទប្បញ្ញត្តិនៃអនុសញ្ញា កតិកាសញ្ញារបស់អង្គការអន្តរជាតិ អង្គការស ហប្រជាជាតិ និងលិខិតូបករណ៍អាស៊ានពាក់ព័ន្ធនឹងទេសន្តរ ប្រវេសន៍ការងារផងដែរ។

ទន្ទឹមនេះ លោក Karan Dhamija លេខាទូតទី១ នៃស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា និងលោកស្រី Anna Engblom ប្រធានទីប្រឹក្សាបច្ចេកទេសនៃអង្គការ ILO ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក បានគូសបញ្ជាក់ពីសារៈសំខាន់នៃការពង្រឹងការការពារសិទ្ធិពលករទេស ន្តរប្រវេសន៍ ក្នុងបរិបទការងារឌីជីថល ជាពិសេសការបង្ការ និងទប់ស្កាត់ហានិភ័យពីការជ្រើសរើសការងារតាមប្រព័ន្ធអនឡាញ ការផ្តល់ព័ត៌មានការងារត្រឹមត្រូវ និងការលើកកម្ពស់ចំណេះដឹងឌីជីថលរបស់ពលករ។ ភាគីទាំងពីរក៏បានបញ្ជាក់ពីការបន្តគាំទ្រកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា និងអាស៊ាន ដើម្បីជំរុញការធ្វើទេសន្តរ ប្រវេសន៍ការងារប្រកបដោយសុវត្ថិភាព យុត្តិធម៌ និងប្រសិទ្ធភាព៕
ដោយ៖ ប៊ុនរិទ្ធ,ប្រភព៖ ក្រសួងការងារ





