មូលនិធិ SDF បណ្តុះបណ្តាល ពង្រឹងជំនាញ AI ដល់បុគ្គលិកធនាគារកាណាឌីយ៉ាជិត ៤០០ នាក់
AKP ភ្នំពេញ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦---មូលនិធិ SDF និង ធនាគារ កាណាឌីយ៉ា Lotus Academy បានសហការរៀបចំពិធីបណ្តុះបណ្តាល និងប្រគល់វិញ្ញាបនបត្រជូនបុគ្គលិកធនាគារកាណាឌីយ៉ាចំនួន ៣៩៨ នាក់ ដែលបានបញ្ចប់វគ្គបណ្តុះបណ្តាល ក្នុងកម្មវិធីអភិវឌ្ឍន៍សមត្ថភាពឌីជីថល ដំណាក់កាលទី១ តាមរយៈកម្មវិធីផ្គូផ្គងជំនាញរបស់ SDF នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងរាជធានីភ្នំពេញ ។

កម្មវិធីនេះ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម គី សុខគីម នាយកប្រតិបត្តិ SDF លោក Raymond Sia Say Guan នាយកគ្រប់គ្រងក្រុមហ៊ុន Canadia Investment Holding (CIH) និងលោក Andy Ng Chee How នាយកប្រតិបត្តិ Lotus Academy។
វគ្គបណ្តុះបណ្តាលកម្រិតខ្ពស់ដែលគាំទ្រថវិកាបដិភាគពី SDF នេះ រៀបចំដោយ Lotus Academy និងអនុវត្តដោយធនាគារ កាណាឌីយ៉ា តាមរយៈយន្តការ «រួមគ្នារៀបចំ រួមគ្នាវិនិយោគ និងរួមគ្នាទទួលខុសត្រូវលើលទ្ធផលនៃការបណ្តុះបណ្តាល» ដើម្បីពង្រឹងសមត្ថភាពឌីជីថលបុគ្គលិកគ្រប់លំដាប់ថ្នាក់ ចាប់ពីកម្រិតមន្ត្រីប្រតិបត្តិ ថ្នាក់គ្រប់គ្រង រហូតដល់ថ្នាក់ដឹកនាំកម្រិតយុទ្ធសាស្ត្រនៃធនាគារ កាណាឌីយ៉ា។

ក្នុងនោះ សិក្ខាកាមចំនួន ២៩៨ នាក់ បានបញ្ចប់វគ្គបណ្តុះបណ្តាលការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (Generative AI) និងសិក្ខាកាមចំនួន ១០០ នាក់ បានបញ្ចប់វគ្គវិទ្យាសាស្ត្រទិន្នន័យ និងអក្ខរកម្មទិន្នន័យ (Data Science & Data Literacy)។
ថ្លែងក្នុងពិធីនេះ ឯកឧត្តម គី សុខគីម នាយកប្រតិបត្តិ SDF នៃក្រសួង សេដ្ឋកិច្ច និហិរញ្ញវត្ថុ បានកោតសរសើរចំពោះធនាគារ កាណាឌីយ៉ា ដែលបានចាត់ទុកការអភិវឌ្ឍធនធានមនុស្សជាការវិនិយោគយុទ្ធសាស្ត្រ។ តាមរយៈកម្មវិធីផ្គូផ្គងជំនាញ SDF បានជួយសម្រួលដល់សហគ្រាសក្នុងការទទួលបានការបណ្តុះបណ្តាលដែលឆ្លើយតបចំតម្រូវការអាជីវកម្មបានឆាប់រហ័ស ព្រមទាំងជួយកាត់បន្ថយបន្ទុកហិរញ្ញវត្ថុរបស់និយោជកផងដែរ។

បន្ថែមលើនេះ ឯកឧត្តមបានផ្តាំផ្ញើសារសំខាន់ៗចំនួន ៣ ដល់សិក្ខាកាមទាំង អស់ រួមមាន ទី១ បន្តរៀនសូត្រឥតឈប់ឈរ ទី២ យកជំនាញទៅអនុវត្តជាក់ស្តែងដើម្បីបង្កើនផលិតភាព និងការសម្រេចចិត្តផ្អែកលើទិន្នន័យ និង ទី៣ ប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយក្រមសីលធម៌ និងការទទួលខុសត្រូវខ្ពស់។
លោក Raymond Sia បានថ្លែងអំណ រគុណយ៉ាងជ្រាលជ្រៅចំពោះ SDF និង Lotus Academy ព្រមទាំងបានគូសបញ្ជាក់ថា ធនាគារ កាណាឌីយ៉ា នឹងបន្តវិនិយោគលើមូលធនមនុស្ស និងបន្តភាពជាដៃគូនេះសម្រាប់ដំណាក់ កាលទី២ ដើម្បីពង្រីកការបណ្តុះបណ្តា លដល់បុគ្គលិកប្រមាណ ៩៣០ នាក់បន្ថែមទៀត សំដៅរក្សាភាពឈានមុខក្នុងវិស័យធនាគារ។

គិតត្រឹមខែកញ្ញា ឆ្នាំ២០២៦ នេះ SDF បានអនុម័តការបណ្តុះបណ្តាលជំនាញឌីជីថលដល់សិក្ខាកាមសរុបចំនួន ១៧ ៨៥៩ នាក់ ក្នុងទំហំវិនិយោគប្រមាណ ៨,៥ លានដុល្លារអាមេរិក ក្នុងនោះ SDF បដិភាគ ៦៨ភាគរយ ស្មើនឹង ៥,៨២ លានដុល្លារ ។ ដោយឡែក តាមរយៈគម្រោងចំនួន ៣ ជាមួយ Lotus Academy ក្រោមកម្មវិធីផ្គូផ្គងជំនាញ SDF បាននិងកំពុងសហការគាំទ្រការបណ្តុះបណ្តាលលើជំនាញឌីជីថលថ្មីៗដល់សិក្ខាកាមចន្លោះពី ២ ៥៩០ នាក់ រហូតដល់ ៥ ២០០ នាក់ ដើម្បីកសាងកម្លាំងពលកម្មកម្ពុជាឱ្យឆ្លើយតបទៅនឹងបដិវត្តកម្មឌីជីថល៕
ដោយ ណយ នឿន (ប្រភព៖SDF)





