រដ្ឋបាលក្រុងប៉ោយប៉ែត ដាក់ចេញវិធានការ ដើម្បីការពារអាយុជីវិត និងទ្រព្យសម្បត្តិប្រជាពលរដ្ឋ ខណៈទឹកជំនន់កំពុងកើនឡើង
AKP បន្ទាយមានជ័យ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ -- ខណៈស្ថានភាពទឹកជំនន់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កំពុងបន្តកើនឡើង និងបង្កការប្រឈមចំពោះលំនៅឋាន សុវត្ថិភាព និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ រដ្ឋបាលក្រុងប៉ោយ ប៉ែត ក្រោមការដឹកនាំរបស់លោក គាត ហ៊ុល បានដាក់ចេញវិធានការបន្ទាន់ ដើម្បីជំរុញឱ្យប្រជាពលរដ្ឋនៅតំបន់ប្រឈមបង្កើនការប្រុងប្រយ័ត្ន និងចាត់ វិធានការការពារខ្លួនជាមុន ក្នុងគោល បំណងកាត់បន្ថយហានិភ័យដែលអាចកើតមានពីគ្រោះទឹកជំនន់។

វិធានការបន្ទាន់ទាំងនោះ ត្រូវបានរដ្ឋ បាលក្រុងប៉ោយប៉ែតណែនាំឱ្យប្រជាព លរដ្ឋយកចិត្តទុកដាក់ និងអនុវត្តឱ្យបានខ្ជាប់ខ្ជួន ជាពិសេសប្រជាពលរដ្ឋដែលកំពុងរស់នៅតំបន់ងាយរងគ្រោះ ឬតំបន់ដែលទឹកកំពុងហូរចូល ដោយត្រូវផ្តល់អាទិភាពខ្ពស់បំផុតដល់សុវត្ថិភាពអាយុជីវិត។

វិធានការបន្ទាន់ និងការជម្លៀសទៅទីទួលសុវត្ថិភាព ប្រជាពលរដ្ឋត្រូវប្រញាប់ជម្លៀសខ្លួន សមាជិកគ្រួសារ និងសត្វពាហនៈទៅកាន់ទីទួលមានសុវត្ថិភាព នៅពេលស្ថានភាពទឹកមាន ការកើនឡើង ឬមានការណែនាំពីអាជ្ញាធរ។ ជាមួយគ្នានេះ ត្រូវកាត់ផ្តាច់ចរន្តអគ្គិសនី បិទធុងហ្គាស និងតាមដានព័ត៌មាន និងសេចក្តីជូនដំណឹងផ្លូវការរបស់អាជ្ញាធរជាប្រចាំ ដើម្បីអាចចាត់វិធានការបានទាន់ពេលវេលា។

ការពារសុវត្ថិភាពផ្ទាល់ខ្លួន៖ រដ្ឋបាលក្រុងបានណែនាំឱ្យប្រជាពលរដ្ឋហាមដើរ ឬបើកបរឆ្លងកាត់ចរន្តទឹកហូរ ដែលមានជម្រៅចាប់ពី ១៥សង់ទីម៉ែត្រឡើងទៅ ព្រោះចរន្តទឹកអាចបង្កគ្រោះថ្នាក់ដល់មនុស្ស និងយានយន្ត។ ទន្ទឹមនោះ ត្រូវប្រុងប្រយ័ត្នចំពោះសត្វមានពិសដែលអាចចេញពីជម្រកដោយសារទឹកជំនន់ និងហាមប៉ះពាល់ឧបករណ៍អគ្គិសនីដែលសើមទឹក ដើម្បីបង្ការគ្រោះថ្នាក់ដល់អាយុជីវិត។

អនាម័យ និងសុខភាពសាធារណៈ៖ ក្នុងអំឡុងពេលទឹកជំនន់ ប្រជាពលរដ្ឋត្រូវយកចិត្តទុកដាក់ខ្ពស់លើអនាម័យ និងសុខភាព ដោយអនុវត្តគោលការណ៍ «ហូបស្អាត ផឹកស្អាត» ផឹកទឹកឆ្អិន ឬទឹកដែលមានសុវត្ថិភាព លាងដៃជាមួយសាប៊ូឱ្យបានញឹកញាប់ និងគេងក្នុងមុង ដើម្បីកាត់បន្ថយហានិភ័យនៃជំងឺឆ្លង និងជំងឺដែលអាចកើតមានក្នុងអំឡុង ពេលទឹកជំនន់។

ត្រៀមសម្ភារចាំបាច់ជាមុនប្រជាពលរដ្ឋត្រូវរៀបចំស្បៀងអាហារក្រៀម ទឹកស្អាត ថ្នាំសង្គ្រោះបឋម ពិល ឧបករណ៍ទំនាក់ទំនង និងឯកសារសំខាន់ៗ ដាក់ក្នុងថង់ ឬសម្ភារដែលអាចការពារទឹកបាន និងរក្សាទុកនៅកន្លែងមានសុវត្ថិភាព ដើម្បីងាយស្រួលយកតាមខ្លួននៅពេលមានការជម្លៀសបន្ទាន់។
រដ្ឋបាលក្រុងប៉ោយប៉ែតបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសអ្នកដែលរស់នៅតំបន់ប្រឈមនឹងទឹកជំនន់ សូមបង្កើនការប្រុងប្រយ័ត្នជាប់ជាប្រចាំ តាមដានស្ថានភាពទឹក និងព័ត៌មានផ្លូវការរបស់អាជ្ញាធរ ព្រមទាំងចូលរួមអនុវត្តតាមការណែនាំ និងវិធានការបន្ទាន់ដែលបានដាក់ចេញ ដើម្បីធានាសុវត្ថិភាពអាយុជីវិត សុខភា ព និងទ្រព្យសម្បត្តិរបស់ខ្លួន និងក្រុមគ្រួសារ។
ក្នុងស្ថានភាពដែលទឹកជំនន់កំពុងបន្តកើនឡើង ការត្រៀមខ្លួនជាមុន និងការអនុវត្តតាមការណែនាំរបស់អាជ្ញាធរ គឺជាចំណុចសំខាន់ក្នុងការកាត់បន្ថយហានិភ័យ និងការពារកុំឱ្យគ្រោះធម្មជាតិប្រែក្លាយទៅជាគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋ៕
ដោយ៖ឈុនសារ៉ាត





