មន្ត្រីនីតិប្បញ្ញត្តិជាន់ខ្ពស់ចិនបំពេញទស្សនកិច្ចនៅប្រទេសកូរ៉េខាងត្បូង និងចូលរួមក្នុងកិច្ចប្រជុំផ្លាស់ប្តូររវាងស្ថាប័ននីតិប្បញ្ញត្តិ
AKP ភ្នំពេញ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ -- តបតាមការអញ្ជើញរបស់រដ្ឋសភាកូរ៉េខាងត្បូង លោក ឌីង ហ្សុងលី (Ding Zhongli) អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន(NPC) បានដឹកនាំគណៈប្រតិភូគណៈកម្មាធិការ NPC ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូងចាប់ពីថ្ងៃចន្ទដល់ថ្ងៃអង្គារ។
ក្នុងអំឡុងពេលទស្សនកិច្ចនេះ លោក ឌីង បានជួបជាមួយប្រធានរដ្ឋសភាកូរ៉េខាងត្បូង លោក ចូ ជុងស៊ីក (Cho Jeong-sik) និងបានចូលរួមជាមួយអនុប្រធានរដ្ឋសភា លោកស្រី ណាម អ៊ីនស៊ូន (Nam In-soon) ក្នុងកិច្ចប្រជុំលើកទី១៤ នៃយន្តការផ្លាស់ប្តូរជាប្រចាំរវាងគណៈកម្មាធិការ NPC របស់ប្រទេសចិន និងរដ្ឋសភាកូរ៉េខាងត្បូង។
លោក ឌីង បានលើកឡើងថា នៅក្នុងបរិបទអន្តរជាតិដែលមានភាពស្មុគស្មាញ និងការផ្លាស់ប្តូរឥតឈប់ឈរ ប្រទេសចិន និងកូរ៉េខាងត្បូងគួរតែប្រកាន់ខ្ជាប់នូវគោលបំណងដើមដែលបានកំណត់ទិសដៅនៃការបង្កើតទំនាក់ទំនងការទូត រក្សាទំនាក់ទំនងជាអ្នកជិតខាងល្អ និងមិត្តភាពព្រមទាំងបន្តប្តេជ្ញាចិត្តចំពោះផលប្រយោជន៍ទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការដែលទទួលបានជោគជ័យសម្រាប់ភាគីទាំងពីរ។
លោកបានអំពាវនាវឱ្យភាគីទាំងពីរអនុវត្តការឯកភាពគ្នាដែលសម្រេចបានដោយប្រមុខរដ្ឋទាំងពីរ សម្រេចបានលទ្ធផលកាន់តែច្រើននៅក្នុងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ និងផ្តល់ផលប្រយោជន៍កាន់តែធំធេងដល់ប្រជាជននៃប្រទេសទាំងពីរ។
ភាគីកូរ៉េខាងត្បូងបានកត់សម្គាល់ថា ប្រទេសចិន និងកូរ៉េខាងត្បូងគឺជាអ្នកជិតខាងដ៏ជិតស្និទ្ធដែលមានប្រវត្តិយូរលង់នៃការផ្លាស់ប្តូរប្រកបដោយមិត្តភាព ហើយបានបង្ហាញពីឆន្ទៈក្នុងការធ្វើការជាមួយចិន ដើម្បីជំរុញបន្ថែមទៀតនូវភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រទ្វេភាគី។
នៅក្នុងកិច្ចប្រជុំនោះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈលើទំនាក់ទំនងទ្វេភាគី ស្ថានភាពក្នុងតំបន់ កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ព្រមទាំងសិទ្ធិ និងផលប្រយោជន៍របស់ស្ត្រី និងកុមារ៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





