ការនាំចេញផលិតផលទៅក្រៅប្រទេស ត្រូវគោរពតាមលក្ខខណ្ឌ មានសុវត្ថិភាព គុណភាព និងអាចប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិ
AKP ភ្នំពេញ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦–ការនាំចេញទំនិញទៅក្រៅប្រទេសគឺ ត្រូវផ្អែកលើស្តង់ដាផលិតផលជាចម្បង ដើម្បីធានាថាផលិតផលនោះមានសុវត្ថិភាព គុណភាព និងអាចប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិ។ ស្តង់ដាបច្ចេកទេស និងចរិតលក្ខណៈផលិតផល គឺត្រូវមានការយកចិត្តទុកដាក់ខ្ពស់។លើសពីនេះវិធានការអនាម័យ និង ភូតគាម អនាម័យ គឺគ្រប់ប្រទេស អ្នកនាំចូល តែងតែត្រួតពិនិត្យយ៉ាងតឹងរ៉ឹង។
ថ្លែងក្នុងកិច្ចពិភាក្សាតុមូល ស្ដីពី ការពង្រឹងសមាហរណកម្មផលិតកម្ម និងខ្សែច្រវាក់តម្លៃប្រកបដោយបរិយាបន្ន និងការប្រកួតប្រជែង នៃវិទិការ និងពិព័រណ៌កសិកម្មកម្ពុជា ឆ្នាំ២០២៦ ឬហៅកាត់ថា CAFE 26 នាមជ្ឈមណ្ឌលកោះពេជ្រ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ឯកឧត្តម ចាន់ សុផា អគ្គនាយកវិទ្យាស្ថានស្តង់ដារកម្ពុជាបានបញ្ជាក់ថាដើម្បីឱ្យទំនិញនាំចេញបានចាំបាច់ណាស់ ត្រូវគោរពតាមលក្ខខណ្ឌ និងស្តង់ដាររបស់អ្នកទិញ និងអាជ្ញាធរប្រទេសនាំចូល ។ ស្តង់ដារទាំងនេះរួមមាន រសជាតិ ទំហំ សារធាតុក្នុងផលិតផល និងកម្រិតសំណល់សារធាតុគីមីកសិកម្ម ដែលអាចមាននៅលើផលិតផលសម្រេចដែលត្រូវនាំចេញទាំងនេះ ។


ដោយឡែកឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានថ្លែងថាដោយសារមិនទាន់មានភាពប្រមូលផ្តុំ និងភាព រាយប៉ាយក្នុងចង្វាក់ផលិតកម្ម នេះហើយជាមូលហេតុផលឱ្យការកែច្នៃក្នុងវិស័យកសិកម្ម មានកម្រិតទាបនៅឡើយ។ព្រោះតែមូលហេតុផលនេះហើយ ដែលកម្ពុជាត្រូវ នាំចេញកសិផលភាគច្រើន ជាវត្ថុធាតុដើមជាច្រើនឆ្នាំមកហើយ ក្នុងនេះដូចជា ការនាំចេញស្រូវ ការនាំគ្រាប់ស្វាយចន្ទីទាំងសើម និងការនាំចេញកសិផលទូទៅមួយចំនួនទៀត។

ជាមួយគ្នានេះអ្នកនាំពាក្យក្រសួងកសិកម្ម បានថ្លែងដែរថា ដោយសារការមិនបានប្រមូលផ្តុំធ្វើឱ្យ ការខ្វះកិច្ចសហការគ្នា និងការផលិតពិបាករកគុណភាពស្ដង់ដារតែមួយ។បើមើលតួរលេខឃើញច្រើន តែបើមើលស្ថេរភាពនៃការផ្គត់ផ្គង់ គឺពិបាក ដោយសារចំរដូវ កសិផលមានច្រើនលើស ហើយដំណាលគ្នា ដល់ពេលរដូវអត់ គឺពិបាកក្នុងការស្វែងរកជាដើម។

លោកបណ្ឌិត កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ (SPS) នៃអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជាបានថ្លែងបញ្ជាក់ថា កម្ពុជាបាននាំកសិផលរុក្ខជាតិបាន ១៥លានតោន ទៅកាន់ទីផ្សារអន្តរជាតិ ដោយមានការរីកចម្រើនទាំងផ្នែកបរិមាណ និងគុណភាព។
លោកបណ្ឌិត កែ មុន្ធីវុធ ថលើកឡើងថាអាទិភាពរបស់ក្រសួងកសិកម្ម បានធ្វើការកែលម្អ ការកសាងទិន្នន័យវិទ្យាសាស្ត្រ និងបានបង្កើតប្រព័ន្ធផលិតកម្មដែលមានការគ្រប់គ្រងហានីភ័យសត្វល្អិតល្អប្រសើរ លើដំណាំហូបផ្លែសំខាន់ៗ ដូចជា ស្វាយ ចេក ទុរេន និងស្វាយចន្ទី។
ទន្ទឹមនឹងនេះ លោកបណ្ឌិតបានលើកទឹកចិត្តដល់ប្រជាកសិករ អាជីវករ និងវិស័យឯកជន ចូលរួមសហការគ្នាពង្រឹងសមត្ថភាពការផលិតនិងការគ្រប់គ្រងវិស័យកសិកម្មឱ្យស្របតាមស្តង់ដារ ដើម្បីនាំចេញទៅកាន់ទីផ្សារអន្តរជាតិ៕


ដោយ៖មករា





