រដ្ឋមន្រ្ដីក្រសួងព័ត៌មានណែនាំមន្ទីរព័ត៌មានរាជធានី-ខេត្តទាំងអស់ ត្រូវធ្វើបច្ចុប្បន្នភាពព័ត៌មានជាប្រចាំពង្រឹងគុណភាព និងក្រមសីលធម៌វិជ្ជាជីវៈ និងត្រូវការពារសុចរិតភាព និងភាពជឿជាក់នៃព័ត៌មាន
AKP ភ្នំពេញ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦--ឯកឧត្ដម នេត្រ ភក្រ្ដា រដ្ឋមន្រ្ដីក្រសួងព័ត៌មានបានណែនាំមន្ទីរព័ត៌មានរាជធានី-ខេត្តទាំងអស់ ត្រូវធ្វើបច្ចុប្បន្នភាពព័ត៌មានជាប្រចាំ ពង្រឹងគុណភាព និងក្រមសីលធម៌វិជ្ជាជីវៈ និងត្រូវការពារសុចរិតភាព និងភាពជឿជាក់នៃព័ត៌មាន ដើម្បីផ្សព្វផ្សាយឱ្យទាន់ពេលវេលា មានប្រភពច្បាស់លាស់ និងផ្ដល់នូវទំនុកចិត្តរបស់សាធារណជន ក៏ដូចជាប្រជាពលរដ្ឋចំពោះប្រព័ន្ធព័ត៌មានរបស់រដ្ឋ។ ការលើកឡើងរបស់ឯកឧត្ដមរដ្ឋមន្រ្ដីបែបនេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «គេហទំព័ររួមមន្ទីរព័ត៌មានរាជធានី-ខេត្តទាំង ២៥» នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

ឯកឧត្ដម នេត្រ ភក្រ្ដា បានគូសបញ្ជាក់ថា គេហទំព័រមិនអាចក្លាយជាប្រភពព័ត៌មានដែលមានប្រយោជន៍បានទេ ប្រសិនបើព័ត៌មាននៅលើគេហទំព័រមិនត្រូវបានធ្វើបច្ចុប្បន្នភាព។ ដូច្នេះ ត្រូវធានាថាព័ត៌មានអំពីសកម្មភាពរបស់រាជរដ្ឋាភិបាល អាជ្ញាធរមូលដ្ឋាន ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច សេវាសាធារណៈ និងសកម្មភាពសំខាន់ៗនៅក្នុងមូលដ្ឋាន ត្រូវបានផ្សព្វផ្សាយឱ្យបានទាន់ពេលវេលា ត្រឹមត្រូវ និងងាយស្រួលសម្រាប់ប្រជាពលរដ្ឋស្វែងរក។ ឯកឧត្ដមបានថ្លែងថា យើងត្រូវផលិតមាតិកាឌីជីថលដែលមានភាពទាក់ទាញ ងាយអាន ងាយយល់ ងាយចែករំលែក និងសមស្របទៅនឹងរបៀបប្រើប្រាស់ព័ត៌មានរបស់ប្រជាពលរដ្ឋសម័យឌីជីថល។ ប៉ុន្តែ ភាពទាក់ទាញមិនត្រូវមកជំនួសភាពត្រឹមត្រូវនោះទេ។ ឯកឧត្ដមរដ្ឋមន្រ្ដីបានបញ្ជាក់បន្ថែមថា៖ «យើងត្រូវចងចាំជានិច្ចថា ព័ត៌មានដែលលឿន ប៉ុន្តែមិនត្រឹមត្រូវ គឺមិនអាចបង្កើតទំនុកចិត្តបានឡើយ។ ហេតុនេះ ការផលិតមាតិកាឌីជីថលត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ការផ្ទៀងផ្ទាត់ប្រភព និងការទទួលខុសត្រូវចំពោះសាធារណជន»។
ជាមួយគ្នានេះ ឯកឧត្ដមរដ្ឋមន្រ្ដីបានអះអាងថា ក្នុងបរិយាកាសព័ត៌មានដែលមានការរីករាលដាលយ៉ាងឆាប់រហ័ស យើងត្រូវបង្កើនសមត្ថភាពក្នុងការផ្តល់ព័ត៌មានពិត ព័ត៌មានច្បាស់លាស់ និងព័ត៌មានដែលអាចផ្ទៀងផ្ទាត់បាន។ ឯកឧត្ដមបានបន្ដថា ថ្នាលផ្លូវការទាំង ២៥ ត្រូវក្លាយជាប្រភពសម្រាប់សាធារណជនក្នុងការស្វែងរកការពិត និងផ្ទៀងផ្ទាត់ព័ត៌មានដែលពួកគេបានឃើញនៅលើថ្នាលផ្សេងៗ។ ឯកឧត្ដមបានបន្ថែមថា៖ «យើងត្រូវឱ្យប្រជាពលរដ្ឋដឹងថា នៅពេលពួកគាត់ចង់ស្វែងរកព័ត៌មានផ្លូវការ ពួកគាត់មានប្រភពដែលអាចពឹងផ្អែកបាន។ នេះជាការកសាងទំនុកចិត្តរបស់សាធារណជនចំពោះប្រព័ន្ធព័ត៌មានរបស់រដ្ឋ»។

បើតាមឯកឧត្ដម នេត្រ ភក្រ្ដា ការសម្ពោធគេហទំព័រទាំង ២៥ នៅថ្ងៃនេះ មិនមែនជាចំណុចបញ្ចប់ទេ វាគឺជាចំណុចចាប់ផ្តើមនៃដំណើរថ្មីមួយ ហើយក្រសួងព័ត៌មាននឹងបន្តពង្រឹងសមត្ថភាពមន្ត្រីព័ត៌មាននៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ លើជំនាញសារព័ត៌មានឌីជីថល ការផលិតមាតិកាពហុប្រព័ន្ធ ការគ្រប់គ្រងថ្នាលឌីជីថល និងជំនាញថ្មីៗដែលចាំបាច់សម្រាប់សម័យបច្ចេកវិទ្យា។ ឯកឧត្ដមបានបញ្ជាក់ផងដែរថា៖ «យើងក៏នឹងបន្តសិក្សា និងជំរុញការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ឱ្យស្របតាមតម្រូវការការងារ និងមានការទទួលខុសត្រូវ ដើម្បីជួយបង្កើនប្រសិទ្ធភាពក្នុងការផលិត និងគ្រប់គ្រងមាតិកា»។
ក្នុងឱកាសនោះ ឯកឧត្ដមរដ្ឋមន្រ្ដីបានលើកឡើងទៀតថា យើងនឹងបន្តពង្រឹងការតភ្ជាប់រវាងគេហទំព័រទាំង ២៥ ទៅកាន់ កម្មវិធីទូរស័ព្ទ MoINFO App ដើម្បីបង្កើតបណ្តាញផ្សព្វផ្សាយព័ត៌មានរបស់រដ្ឋ ដែលកាន់តែទំនើប សកម្ម ស៊ីសង្វាក់គ្នា និងអាចឆ្លើយតបបានលឿនជាងមុន។ យើងចង់ឱ្យប្រព័ន្ធព័ត៌មានរបស់យើង មិនត្រឹមតែ «មានវត្តមាននៅលើអ៊ីនធឺណិត» ប៉ុណ្ណោះទេ ប៉ុន្តែត្រូវ «មានប្រយោជន៍សម្រាប់ប្រជាពលរដ្ឋនៅក្នុងជីវិតប្រចាំថ្ងៃ»៕
ដោយ៖ រិទ្ធី, រូបថត៖ យឹម សុវឌ្ឍនា





